2024-10-26 09:10
19

(កំពត)៖  នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤នេះរដ្ឋបាលខេត្តកំពតបានរៀបចំបុណ្យសមុទ្រលើកទី១១ ជុំទី ៣ ឆ្នាំ២០២៤ នឹងត្រូវរៀបចំឡើងនៅក្នុងខេត្តកំពត ដែលជាខេត្តកំពុងមានភាពទាក់ទាញភ្ញៀវទេសចរ និងមានប្រជាប្រិយភាពជាងគេ។

ខណៈដែលពិធីបុណ្យសមុទ្រខិតចូលមកដល់ អាជ្ញាធរខេត្តកំពតបានជំរុញឱ្យមន្ទីរជំនាញ អង្គភាពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវរៀបចំកែលម្អសោភណ្ឌភាព ពិសេសការសម្អាតអនាម័យបរិស្ថានឱ្យបានស្អាតមុនពេលបុណ្យសមុទ្រចាប់ផ្តើម។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការ និងអនុគណៈកម្មការខេត្តរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។

ក្រោយពីប្រជុំពិភាក្សា និងទទួលបានធាតុចូលសំខាន់ៗពីសំណាក់គណៈកម្មការ និងអនុគណៈកម្មការតាមជំនាញនីមួយៗរួចមក ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តការងាររបស់ខ្លួនឱ្យទទួលបានលទ្ធផលល្អប្រសើរនិងទទួលបានជោគជ័យ។

ឯកឧត្តម ម៉ៅ ធនិន ក៏បានស្នើដល់ក្រុមការងារ ក៏ដូចជាគណៈកម្មការ និងអនុគណៈកម្មការ ពិសេសអាជ្ញាធរក្រុងកំពតដែលជាកន្លែងប្រារព្ធពិធីបុណ្យសមុទ្រ ត្រូវរៀបចំពិនិត្យ និងកែលម្អសោភណ្ឌភាពក្រុងឱ្យបានស្អាត និងទាក់ទាញ ដោយរៀបចំភ្លើងពណ៌លម្អតាមទីសាធារណៈ សួនច្បារសំខាន់ៗ ដើម្បីជំរុញឱ្យមានការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះឱ្យបានកាន់តែច្រើន។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្តឱ្យដឹងថា នាបច្ចុប្បន្ននេះរដ្ឋបាលខេត្តបាននឹងកំពុងរៀបចំភ្លើងពិដាន ដោយមានចងគោមភ្លើងព្រមទាំងភ្លើងចំរុះពណ៌ប្រវែង ២ពាន់ម៉ែត្រដោយចាប់ពីចំណុចគល់ស្ពានថ្មី រហូតដល់មុខសាលាខេត្ត។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានស្នើឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាសំអាតអនាម័យបរិស្ថានឱ្យបានស្អាតជានិច្ច ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងលើកមុខមាត់ខេត្តកំពតយើង ព្រោះយើងទាំងអស់គ្នាគឺជាម្ចាស់ផ្ទះរៀបចំកម្មវិធី ហើយការពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក៏ត្រូវរៀបចំចាប់ពីថ្ងៃនេះទៅផងដែរ។ 

នាឧ្យកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តក៏បានស្នើដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវត្រួតពិនិត្យ និងផ្សព្វផ្សាយដល់សេវាករទេសចរណ៍នៅទូទាំងខេត្ត សូមកុំឱ្យមានការតម្លើងថ្លៃម្ហូបអាហារ កន្លែងស្នាក់នៅ ពិសេសត្រូវបង្កើតឱ្យមានលេខទូរសព្ទ Hotline ឬទំព័រហ្វេសបុក ដើម្បីទទួលយកព័ត៌មានពីការតម្លើងថ្លៃហួសហេតុដែលពុំអាចទទួលយកបាន មុនពេល កំឡុងពេល និងក្រោយពេលនៃពិធីបុណ្យសមុទ្រ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា កម្មវិធីបើកជាផ្លូវការនឹងប្រព្រឹត្តិទៅនាថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ហើយព្រឹត្តិការណ៍ជាតិដ៏មានមោទនភាព និងសោមនស្សរីករាយនេះ នឹងមានសកម្មភាពសំខាន់ៗសម្រាប់ការទស្សនា និងកម្សាន្តជាច្រើនដូចជា៖ ១.ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ដោយមានការចូលរួមពីសំណាក់ក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុជកាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤, ២.សកម្មភាពកីឡា និងការប្រកួតកីឡាគ្រប់ប្រភេទ, ៣.ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារ ភេសជ្ជៈ ព្រមទាំងសកម្មភាពកម្សាន្តនានាផងដែរ។(សឹង រ៉ាត់)