2024-10-31 09:10
7

ភ្នំពេញ៖ ក្រុមអ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសបដិសេធ «ចំពោះបុគ្គលឆ្លៀតឱកាសមួយចំនួន បានតាំងខ្លួនជា សាច់ញាតិ ជាក្រុមការងារ ឬជាជំនួយការរបស់លោកឧបនាយករដ្ឋ ដើម្បីធ្វើជាបង្អែកកាងទំនាស់ឯកជន ឬដាក់សម្ពាធលើអាជ្ញាធរ សមត្ថកិច្ចឱ្យផ្តល់ប្រាក់ ជាថ្នូរទៅនឹងការមិនចាត់វិធានការនានា និងមានជនខ្លះទៀត តម្រូវឱ្យបង់លុយជាកញ្ចប់ប្រចាំខែជាថ្នូរនឹងការសម្របសម្រួលខុសច្បាប់ផ្សេងៗជាដើម»។

អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ «ថ្មីៗនេះ មានបុគ្គលឆ្លៀតឱកាសមួយចំនួន បានតាំងខ្លួនជា សាច់ញាតិ ជាក្រុមការងារ ឬជាជំនួយការរបស់ លោកអភិសន្តិបណ្ឌិត ដើម្បីធ្វើជាបង្អែកកាងទំនាស់ ឯកជន ឬដាក់សម្ពាធលើអាជ្ញាធរ សមត្ថកិច្ចឱ្យផ្តល់ប្រាក់ ជាថ្នូរទៅនឹងការមិនចាត់វិធានការនានា និងខ្លះទៀតបានតម្រូវឱ្យបង់ប្រាក់ប្រចាំខែ ជាថ្នូរនឹងការសម្របសម្រួលខុសច្បាប់ផ្សេងៗជាដើម»។

អ្នកនាំពាក្យលោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់ទៀតថា៖ ទន្ទឹមនេះ ក៏មានបុគ្គលឆ្លៀតឱកាសខ្លះទៀត បានប្រើប្រាស់ទំនាក់ទំនងសង្គមទូទៅ និងរូបថត ជាមួយ លោកអភិសន្តិបណ្ឌិត បង្ហាញបង្អួតដោយកុហកជនបរទេសថា ខ្លួនជាក្រុមការងារ ជាជំនួយការ ឬមានទំនាក់ទំនងជិតស្និទ្ធជាមួយ លោកអភិសន្តិបណ្ឌិត ដើម្បីទាញយកផលប្រយោជន៍ក្នុងគ្រាដែលជនបរទេសទាំងនោះពុំដឹងពីការពិត។ 

ជាងនេះទៀត ក្នុងកិច្ចប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបករណី Call Center ខុសច្បាប់ ក៏មានបុគ្គលខ្មែរ និងជនបរទេសខ្លះ ឆ្លៀតឱកាសប្រើឈ្មោះ លោកអភិសន្តិបណ្ឌិត ស សុខា ទៅបន្លាច គំរាមកំហែង បន្ទុចបង្អាក់ការងាររបស់អាជ្ញាធរ និងសមត្ថកិច្ចថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការបង្កើតពាក្យចចាមអារ៉ាម ខ្សឹបខ្សៀវក្នុងចេតនាទុច្ចរិត អុចអាល ញុះញង់ បង្អូចកេរ្តិ៍ឈ្មោះ លោកអភិសន្តិបណ្ឌិត ថាជាអ្នកនៅពីក្រោយទីតាំង Call Center ខុសច្បាប់ ឬជាប់ ពាក់ព័ន្ធផលប្រយោជន៍របស់ ក្រុមហ៊ុននេះ ក្រុមហ៊ុននោះ ដោយគ្រាន់តែផ្អែកលើរូបថតជាមួយគ្នា ឬទំនាក់ទំនងក្នុងសង្គមជាធម្មតា។

អ្នកនាំពាក្យលោកឧបនាយករដ្ឋមន្ត្រី ស សុខា បានសង្កត់ធ្ងន់ថា៖ «លោកអភិសន្តិបណ្ឌិត ស សុខា ប្រកាន់ សុចរិតធម៌ជាមាគ៌ាជីវិត ទាំងក្នុងកិច្ចការបម្រើជាតិ និងប្រជាជន និងទាំងក្នុងសកម្មភាពទំនាក់ទំនងសង្គម»។   

អ្នកនាំពាក្យរបស់ លោកអភិសន្តិបណ្ឌិត សុខា បានបញ្ជាក់បន្ថែមថា៖ «លោកឧបនាយករដ្ឋមន្ត្រី តែងផ្តល់ការគោរព ស្រលាញ់ និងរាប់អានក្នុងស្មារតីជាជនរួមជាតិ ហើយសម្រាប់ធុរជនជាតិ និងអន្តរជាតិ លោកអភិសន្តិបណ្ឌិត តែងតែចូលរួមផ្តល់ការលើកទឹកចិត្ត គាំទ្រ សម្របសម្រួល និងបង្កលក្ខណៈឱ្យធ្វើសកម្មភាពស្របទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ជូនជាតិ និងប្រជាជន ពោលគឺមិនប្រព្រឹត្ត និងមិនគាំទ្រជាដាច់ខាត រាល់សកម្មភាព ដែលធ្វើឱ្យប៉ះពាល់កិត្តិយសក្រុមគ្រួសារ ថ្នាក់ដឹកនាំកំពូលៗ រាជរដ្ឋាភិបាល និងគណបក្ស»។

អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត ស សុខា បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ និងស្នើឱ្យបញ្ឈប់ជាបន្ទាន់រាល់បុគ្គលដែលប្រើប្រាស់ឈ្មោះ «ឯកឧត្តមអភិសន្តិបណ្ឌិត» ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ 

ជាពិសេស ចំពោះជនដែលបង្កើតពាក្យចចាមអារ៉ាម លាបពណ៌យ៉ាងអគុណធម៌ ផ្ទុយពីការពិតមកលើ ឯកឧត្តមអភិសន្តិបណ្ឌិត និងបានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះបុគ្គលទាំងនោះផងដែរ។

អ្នកនាំពាក្យលោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «សូមសាធារណជនមេត្តាកុំជឿលើបុគ្គលទាំងនោះ និងសូមទាក់ទងមកខុទ្ទកាល័យ លោកអភិសន្តិបណ្ឌិត ប្រសិនបើមានការសង្ស័យដោយប្រការណាមួយ និងសូមដាក់ពាក្យបណ្តឹងទៅ កាន់សមត្ថកិច្ចតាមផ្លូវច្បាប់ ក្នុងករណីដឹងថាខ្លួនជាជនរងគ្រោះ»៕