2024-11-01 12:11
7

(មណ្ឌលគិរី)៖ សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំការបោះជំរំដ៏ធំប្រចាំឆ្នាំ២០២៤ រយៈពេល៤ ថ្ងៃនៅខេត្តមណ្ឌលគិរី ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ក៏ដូចជាចែករំលែកចំណេះដឹងផ្សេងៗ ដល់សមាជិកសមាគមមកពីសាខាទាំង៦។

សមាគមកាយប្ញទ្ធិនារីកម្ពុជា គឺជាសមាគមមួយដែលបាននិងកំពុងយកចិត្តទុកដាក់ ក្នុងការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពលទ្ធភាព និងភាពក្លាហានរបស់កុមារី យុវតីកម្ពុជាដើម្បីចូលរួមក្នុងកិច្ចការសង្គមការសិក្សានិងបណ្ដុះភាពជាអ្នកដឹកនាំដល់ពួកគេ។

ការបោះជំរំដ៏ធំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ធ្វើឡើងក្រោមប្រធានបទ «យុវតីយើងអនាគតអ្នកដឹកនាំយើង » ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី ៣ ខែវិច្ឆិកា នៅភូមិភាគឦសានក្នុងខេត្តមណ្ឌលគិរី។ ការបោះជំរំដ៏ធំប្រចាំឆ្នាំនេះ មានការជួបជុំ សមា ជិការបស់សមាគមកាយប្ញទ្ធិនារីទាំង៦សាខារួមមាន៖ សាខាក្រុងភ្នំពេញ ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគិរី។

ថ្ងៃទីមួយនៃការបោះជំរំប្រចាំឆ្នាំ២០២៤របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា  គណៈកម្មការសមាគមបានដឹកនាំក្រុមការងារស្ម័គ្រចិត្ត ទាំងសមាជិកាគាំទ្រ និងសមាជិកាសកម្ម ព្រមទាំងមានការចូលរួមជួយពីកម្លាំងស្ម័គ្រចិត្តនៃកាយប្ញទ្ធិជាតិប្រចាំខេត្តមណ្ឌលគិរី បានរៀបចំទីតាំង បោះជំរំ ព្រមទាំងតម្លើងតង់ស្នាក់នៅសម្រាប់ប្អូនៗ កុមារី និងយុវតី ដែលជាសមាជិកាសកម្មរបស់សមាគមដែលបានចូលរួមបោះជំរំនាពេលនេះ។

ការបោះជំរំប្រចាំឆ្នាំនេះ នឹងមានសកម្មភាពសំខាន់ៗជាច្រើនក្នុងការតម្រង់ទិសកុមារីនិងយុវតីដែលជាអនាគតអ្នកដឹកនាំក្នុងសង្គមព្រមទាំងមានរៀបចំនូវសកម្មភាពជួយសង្គមនិងសកម្មភាពកម្សាន្តសប្បាយជាច្រើនដែលបង្កប់ចំណេះដឹងនិងការអប់រំសម្រាប់ប្អូនៗផងដែរ។

សកម្មភាពសំខាន់ៗ នៅថ្ងៃទីមួយក្នុងទីលានជំរំប្អូនៗ កុមារី និងយុវតី ទទួលបានការតម្រង់ទិសពីគ្រូបង្គោលនូវវិន័យ និងបទបញ្ជាដែលអនុវត្តក្នុងជំរំ ការអប់រំចិត្ត ព្រមទាំងបង្ហាត់បង្រៀនប្អូនៗទាក់ទងការដំឡើងតង់ស្នាក់ក្នុងជំរំ។

ដោយឡែកពិធីបើកជំរំប្រចាំឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃស្អែកថ្ងៃទី១ ខែវិច្ឆិកា ក្រោមវត្តមានលោកជំទាវបណ្ឌិតពេជចន្ទមុន្នីហ៊ុនម៉ាណែតអគ្គស្នងការរបស់សមាគមកាយប្ញទ្ធិនារីកម្ពុជា។

គួរជម្រាបផងដែរថានៅល្ងាចថ្ងៃទី៣១ខែតុលានេះលោកជំទាវអគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា ក៏បានអញ្ជើញចុះពិនិត្យមើលទីតាំងជំរំព្រមទាំងបាសំណេះសំណាលជាមួយប្អូនៗ សមាជិកាទាំង៦សាខា ដែលចូលរួមបោះជំរំផងដែរ៕