2024-11-01 12:11
5

(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានក្រើនរំលឹកដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ថា អ្នកសារព័ត៌មានមានកាតព្វកិច្ចផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ ដើម្បីទទួលបានជំនឿទុកចិត្តបានពីសំណាក់សាធារណជន។

ការក្រើនរំលឹកបែបនេះរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសលោកបានចូលរួមជាអធិបតីក្នុងសន្និសីទក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ស្តីពី៖ «ទំនុកចិត្តលើសារព័ត៌មានកម្ពុជា៖ សារព័ត៌មានប្រកបដោយក្រមសីលធម៌សម្រាប់ប្រយោជន៍សាធារណៈ» ដោយមានការគាំទ្រ និងចូលរួមរៀបចំពីអង្គការយូណេស្កូ ព្រមទាំងដៃគូជាអង្គទូត ដៃគូអភិវឌ្ឍន៍ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត និងមានអ្នកចូលរួមប្រមាណ១៥០នាក់។

ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ ក៏បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មានទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត យកចំណេះ និងជំនាញវិជ្ជាជីវៈរបស់ខ្លួនដើម្បីផលិតនិងផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌ ជាការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍កម្ពុជា ទាំងក្នុងអតីតកាល និងពេលបច្ចុប្បន្ន។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះបានលើកឡើងយ៉ាងដូច្នេះថា៖ «ក្រសួងព័ត៌មានជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំសណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មាន ដើម្បីលើកកម្ពស់គុណភាពនិងតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើងព្រោះអ្នកសារព័ត៌មាន ជាដៃគូមួយដ៏សំខាន់ក្នុងការរួមចំណែកលើកស្ទួយការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងជាភ្នាក់ងារសកម្មក្នុងការពាំនាំនូវព័ត៌មាន ចំណេះដឹង ការអប់រំ និងការកម្សាន្ត ដោយផ្សព្វផ្សាយព័ត៌មានពិត ដោយការទទួលខុសត្រូវ ដើម្បីទទួលបាននូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ»។

លោកបានគូសបញ្ជាក់ថា អ្នកសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាផ្នែកដ៏សំខាន់មួយមិនអាចខ្វះបានក្នុងសង្គមឌីជីថលព្រោះការផ្សាយពិតរបស់អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវ នឹងក្លាយជាប្រភពសម្រាប់ការផ្ទៀងផ្ទាត់នូវសុក្រឹតភាពនៃព័ត៌មានផ្តល់ភាពជឿទុកចិត្តបានក្នុងមជ្ឈដ្ឋានសាធារណជនទូទៅខណៈព័ត៌មានក្លែងក្លាយបាននឹងកំពុងរីកសាយភាយច្រើនឡើងជារៀងរាល់ថ្ងៃ។

បច្ចុប្បន្ន មានប្រជាពលរដ្ឋច្រើនឡើងបានចាប់យកមធ្យោបាយឌីជីថលដើម្បីទទួលព័ត៌មានប្រចាំថ្ងៃ ដែលនិន្នាការនេះបានបង្ហាញថាកម្ពុជាមានសិទ្ធិ និងសេរីភាពពេញលេញ ក្នុងការទទួលបានអ៊ីនធឺណិតប្រើប្រាស់នៅទូទាំងប្រទេស។ 

ពិតណាស់វាបានផ្តល់នូវភាពងាយស្រួលសម្រាប់ការរស់នៅប្រចាំថ្ងៃ ស្របតាមការវិវត្តនៃបច្ចេកវិទ្យា ប៉ុន្តែវាក៏បាននាំមកនូវផលវិបាកជាច្រើនផងដែរក្នុងនោះការសាយភាយយ៉ាងរហ័សនូវព័ត៌មានក្លែងក្លាយ បានក្លាយជាបញ្ហាចម្បងដែលបង្កគ្រោះថ្នាក់ដល់សង្គមព្រោះការចែកចាយនូវព័ត៌មាននានា រាប់ទាំងព័ត៌មានមិនពិតផងមានភាពលឿនឆាប់ដល់ដៃប្រជាពលរដ្ឋតាមបណ្តាញទំនាក់ទំនងសង្គមដូចជាហ្វេសប៊ុក តិកតុក យូធូប និងមធ្យោបាយអនឡាញផ្សេងទៀត ជាជាងតាមកាសែត ទូរទស្សន៍ វិទ្យុជាដើម ឬតាមប្រព័ន្ធផ្សព្វផ្សាយវិជ្ជាជីវៈផ្សេងទៀត។ 

លើសពីនេះការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួនដោយខ្វះក្រមសីលធម៌បានធ្វើឱ្យ ប៉ះពាល់ដល់ការជឿទុកចិត្តលើសារព័ត៌មានជះឥទ្ធិពអវិជ្ជមានលើប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងអ្នកដែលអនុវត្តការងារតាមវិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ។

ដោយបានប្រមើលមើលឃើញនូវស្ថានភាពទាំងនេះ ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុវត្តជាបន្តបន្ទាប់នូវគោលនយោបាយ និងផែនការការងារជាអាទិភាព ទាំងក្នុងក្របខណ្ឌនៃកំណែទម្រង់និងកិច្ចសហការជាមួយតួអង្គទាំងអស់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍រដ្ឋនិងឯកជនព្រមទាំងដៃគូពាក់ព័ន្ធសំដៅលើកកម្ពស់គុណភាពសារព័ត៌មាននិងប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយដើម្បីធានាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើសារព័ត៌មានកម្ពុជា៕