ភ្នំពេញ៖ ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា (CIWG) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ នៅថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអបអរសាទរចំពោះកិច្ចសហការប្រឹងប្រែងលើការអភិរក្សយ៉ាងយកចិត្តទុកដាក់ចំពោះប្រភេទសត្វត្រយងជិតផុតពូជរបស់កម្ពុជា គឺសត្វត្រយងយក្ស (Thaumatibis gigantea) និងសត្វត្រយងចង្កំកស (Pseudibis davisoni)។
របាយការណ៍នេះ បង្ហាញពីការសម្រេចបានសំខាន់ៗដែលបានធ្វើឡើងក្នុងកិច្ចការពារ និងអភិរក្សប្រភេទសត្វដែលជានិមិត្តរូបទាំងពីរនេះ ក្នុងកំឡុងពេលចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
នៅឆ្នាំ២០២៣ ក្រុមការងារសត្វត្រយងនៅកម្ពុជា ដែលមានសមាជិកពីស្ថាប័នរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងកិច្ចការអភិរក្សដែលក្នុងនោះមានដូចជា ការបង្កាត់ពូជសត្វត្រយងចង្កំកសបានជោគជ័យជាលើកដំបូងសំរាប់កម្ពុជាក៏ដូចជាសម្រាប់សកលលោកនិងកិច្ចខិតខំប្រឹងប្រែងនៅលើទីវាល បានរកឃើញសំបុកសត្វត្រយងយក្សច្រើនជាង៤០សំបុក។
ចំនួនសំបុកសត្វត្រយងយក្សដែលបានរកឃើញនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងចំនួនសំបុកជោគជ័យកាលពីឆ្នាំមុន។
របាយការណ៍បង្ហាញទៀតថា ការបន្តពូជរបស់សត្វត្រយងចង្កំកស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយកូនកើតថ្មីចំនួន ១៧៥ក្បាល បានហើរចេញពីសំបុកដោយជោគជ័យ។
ការធ្វើជំរឿនថ្នាក់ជាតិបានបញ្ជាក់បន្ថែមពីសារៈសំខាន់ នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា ដោយបានកត់ត្រាសត្វត្រយងចង្កំកសចំនួន ៧៨៤ក្បាល ដែលជាចំនួនច្រើនគួរឱ្យចាប់អារម្មណ៍ព្រោះវាស្មើនឹង ៨៧ ទៅ ៩៥% នៃចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកស ដែលមាននៅក្នុងពិភពលោក។
ការកត់ត្រាបានចំនួនដ៏ច្រើននេះបញ្ជាក់អំពីសមិទ្ធផលសម្រេចដ៏ធំនៃការងារអភិរក្សនាពេលកន្លងមក។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា៖ «ប្រទេសកម្ពុជាស្ថិតនៅលំដាប់ជួរមុខនៃកិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការអភិរក្សសត្វត្រយងយក្សនិងសត្វត្រយងចង្កំកសដែលភាគច្រើននៃចំនួនប្រជាសាស្ត្ររបស់ប្រភេទសត្វទាំងនេះ មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាច្រើនជាងគេបំផុតនៅក្នុងពិភពលោក។
នេះជាភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់កម្ពុជាយើង ក្នុងការធានាបានកិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់នៅក្នុងតំបន់ការពារធម្មជាតិ»។
អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា៖ «ក្រសួងបរិស្ថាន អ្នកពាក់ព័ន្ធ និងអង្គការដៃគូអភិរក្សចាំបាច់ណាស់ បន្តការចូលរួមអនុវត្តវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិក្នុងនោះ “យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន” ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ជាពិសេសធានាថា សត្វស្លាបដែលជានិមិត្តរូបទាំងនេះ ត្រូវបានការពារពីការវិនាសផុតពូជ»។
របាយការណ៍ដដែលបានបង្ហាញទៀតថានៅក្នុងឆ្នាំ២០២៣ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា(CIWG)បានផ្តោតលើទីជម្រកសំខាន់ៗនៅភាគខាងកើត និងឦសាននៃប្រទេសកម្ពុជារួមមាន៖ ក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរីនិងខេត្តរតនគិរី។
តំបន់ទាំងនេះមានសារៈសំខាន់សម្រាប់ទ្រទ្រង់ការរស់រានមានជីវិតរបស់សត្វត្រយង ហើយក៏ជាទីតាំងដែលកំពុងមានសកម្មភាពអង្កេតតាមដាន សង្រ្គោះ និងការពារនៅក្នុងធម្មជាតិ។
ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជាបានបញ្ជាក់ថា៖«កិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជាក្នុងឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)បានបង្កាត់ពូជសត្វត្រយងចង្កំកសដោយជោគជ័យដែលនេះជាប្រវត្តិសាស្ត្រនៃការសម្រេចបាននឹងកំពុងដំណើរការបន្តយ៉ាងល្អ។
ភាពជោគជ័យនេះបង្ហាញពីតួនាទីដ៏សំខាន់នៃកម្មភាពអភិរក្សនៅក្រៅទីជម្រកធម្មជាតិក្នុងការលើកកម្ពស់ការរស់រានមានជីវិត នៃប្រភេទសត្វជិតផុតពូជទាំងនេះនិងបញ្ជាក់អំពីតម្រូវការអភិរក្សរបៀបនេះបន្តទៀត។
ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជាត្រូវបានបង្កើតឡើង ដើម្បីប្រមូលធនធាននិងបង្កើនកិច្ចសហការណ៍លើការងារអភិរក្សសត្វត្រយងជិតផុតពូជទាំងពីរប្រភេទនេះក្រុមការងារយើងពឹងផ្អែកលើរបាយការណ៍នៃការអភិរក្សសត្វត្រយងថ្នាក់ជាតិប្រចាំឆ្នាំនេះ ដើម្បីតាមដានវឌ្ឍនភាពនៃការអភិរក្សឆ្លើយតបទៅនឹងផែនការសកម្មភាពអភិរក្សសត្វត្រយងដែលបានដាក់ចេញ។
លទ្ធផលដែលបានបង្ហាញក្នុងរបាយការណ៍ដែលផ្សព្វផ្សាយថ្ងៃនេះគឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ហើយក៏ជាការលើកទឹកចិត្តដល់ក្រុមការងារយើងក្នុងការអភិរក្ស និងការពារទីជម្រករបស់ពួកវាបន្តទៀតដើម្បីធានាវត្តមានរបស់ពួកវានៅក្នុងប្រទេសកម្ពុជា»។
សូមជម្រាបថា សត្វត្រយងយក្សនិងសត្វត្រយងចង្កំកសកំពុងប្រឈមនឹងកត្តាគំរាមកំហែងជាច្រើនរួមមាន ការបាត់បង់ទីជម្រក និងសកម្មភាពរបស់មនុស្សដូចជាការបរបាញ់ជាដើម។
សត្វត្រយងយក្សដែលមានចំនួនតិចជាង២០០ក្បាលនៅទូទាំងពិភពលោកត្រូវបានចាត់ជា បក្សីតំណាងជាតិរបស់កម្ពុជាខណៈសត្វត្រយងចង្កំកសបាននិងកំពុងរងគ្រោះកាន់តែខ្លាំងឡើងៗ ទាមទារជាបន្ទាន់នូវកិច្ចខិតខំប្រឹងប្រែងអភិរក្សជាបន្ត៕