សៀមរាប៖ នារីជានិស្សិតស្រីឆ្នាំទី៤ និងលក់កាហ្វេម្នាក់ ត្រូវបានឃាតករចាក់ជាច្រើនកាំបិត បណ្តាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅក្រុងសៀមរាប ចំពោះមូលហេតុពាក់ព័ន្ធអំពើឃាតកម្មនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីសំណាក់សមត្ថកិច្ចនៅឡើយទេ។
អំពើឃាតកម្មដ៏សាហាវឃោរឃៅខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ស្ថិតតាមបណ្ដោយផ្លូវព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ ក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តាមសេចក្តីរាយការណ៍បឋម នារីជនរងគ្រោះក្នុងករណីចាក់សម្លាប់នោះ មានឈ្មោះ វណ្ណ សុភត្តា អាយុ ២៥ឆ្នាំ មុខរបរ លក់កាហ្វេនៅផ្ទះ និងជានិស្សិតឆ្នាំទី៤ រស់នៅភូមិ-សង្កាត់កើតហេតុ។ ក្រោយពេលចាក់សម្លាប់នារីរងគ្រោះ ជនដៃដល់បានរត់គេចខ្លួនបាត់ ខណៈពេលនេះសមត្ថកិច្ចកំពុងតាមប្រមាញ់យ៉ាងយកចិត្តទុកដាក់បំផុត។
បច្ចុប្បន្នសមត្ថកិច្ចបានហ៊ុំព័ន្ធជុំវិញកន្លែងកើតហេតុ ដើម្បីរងចាំមន្ត្រីជំនាញផ្នែកបច្ចេកទេសវិទ្យសាស្ត្រ និងកោសលវិច្ឆ័យ ប្រមូលវត្ថុតាង ដើម្បីកំណត់មុខសញ្ញាឃាតករឈានដល់ការចាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕