ប្រទេសឥណ្ឌូនេស៊ី៖ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាលតំណាងឯកឧត្តមរដ្ឋមន្រ្តីឈាង រ៉ា រួមនឹងក្រុមការងារសុខាភិបាលបានចូលរួមសន្និសីទពិភពលោកស្តីពីជំងឺសួត ឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងបាលី នៃប្រទេសឥណ្ឌូនេស៊ី។
អង្គសន្និសីទបានផ្តោតទៅលើចំណុចសំខាន់ៗ រួមមានទី១៖ ចែករំលែកបទពិសោធន៍ នៃការស្រាវជ្រាវរកករណីជំងឺ ការផ្តល់សេវាថែទាំព្យាបាល និង ការពិនិត្យតាមដាន ព្រមទាំងការចូលរួមពីផ្នែកពាក់ព័ន្ធ ទាក់ទិននឹងការប្រយុទ្ធនឹងជំងឺរបេង និងជំងឺសួត ទី២៖ បញ្ហាពីរបកគំហើញថ្មីៗ ព្រមទាំងទិសដៅទាក់ទិនវិធីសាស្ត្រ និងមធ្យោបាយធ្វើរោគវិនិច្ឆ័យ ឱសថ និងវ៉ាក់សាំងសម្រាប់ស្រាវជ្រាវ បង្ការ និងព្យាបាលជំងឺរបេង ទី៣៖ ពង្រឹងកិច្ចសហការនិងសហប្រតិបត្តិររវាងភាគីពាក់ព័ន្ធទាំងឡាយសំដៅរួមគ្នាលុបបំបាត់ជំងឺរបេងស្របតាមគោលដៅសកលលោកដែលបានកំណត់សម្រាប់ឆ្នាំ ២០៣០ និងឆ្នាំ២០៣៥។
សន្និសីទនេះ ត្រូវបានរៀបចំដោយ សហព័ន្ធអន្តរជាតិប្រយុទ្ធនឹងជំងឺរបេង និងជំងឺសួតសហការជាមួយនឹងរដ្ឋាភិបាល នៃប្រទេសឥណ្ឌូនេស៊ី ព្រមទាំងភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ជូនថា ប្រតិភូពីកម្ពុជារួមមាន ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសុខាភិបាលលោកនាយកមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិននិងមន្ត្រី ព្រមទាំងតំណាងដៃគូនៃកម្មវិធីជាតិប្រយុទ្ធនឹងជំងឺរបេង និងអ្នកពាក់ព័ន្ធសរុបចំនួនប្រមាណជា ៣០ រូប។
ជាមួយគ្នានោះសមាសភាពសិក្ខាកាមទាំងអស់អញ្ជើញចូលរួមក្នុងសន្និសិទរួមមាន អ្នកជំនាញផ្នែកជំងឺរបេង និងជំងឺសួត អ្នកវិទ្សាសាស្ត្រសុខាភិបាលនិងផ្នែកពាក់ព័ន្ធនឹងសុខភាពសួតនិងជំងឺរបេង អ្នកសិក្សាស្រាវជ្រាវដៃគូអភិវឌ្ឈន៍ អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល និស្សិត ព្រមទាំងអ្នកចូលរួមមកពីភាគីពាក់ព័ន្ធ រួមទាំងផ្នែកឯកជន ដែលភាគច្រើនអញ្ជើញមកពីប្រទេសចំនួន៦០ សរុបមានចំនួនប្រមាណជាង ៣០០០ រូប៕