2024-11-21 13:59
97

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃពុធទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះបានចាត់តំណាងយកឯកសារមកបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ០២ឆ្នាំ សម្រាប់ឆ្នាំ២០២៥ រួចរាល់មុនកាលបរិច្ឆេទកំណត់នៅអង្គភាពប្រឆាំងអំពើពុករលួយ។ នេះបើការបញ្ជាក់របស់អង្គភាពប្រឆាំងអំពើពុករលួយ។

អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានការចូលរួមពី លោក ខូយ លឹមហុង ឧបការីទទួលបន្ទុកការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលព្រមទាំង លោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល និងក្រុមការងារវេនប្រចាំការ។ 

ACU បានបញ្ជាក់ថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ០២ឆ្នាំ សម្រាប់ឆ្នាំ២០២៥ នឹងដំណើរការរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ចាប់ពីម៉ោង ៨:០០ ព្រឹក រហូតដល់ម៉ោង ១៧:០០ ល្ងាច រយៈពេលមួយខែពេញគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥៕