2023-12-20 11:12
505

បាត់ដំបង៖ ស្ថានីយបុរេប្រវត្តិសាស្ត្រ «ល្អាងស្ពាន» ជាឈ្មោះរូងភ្នំថ្មកំបោរមួយ មានទីតាំងស្ថិតនៅក្នុងភ្នំទាក់ទ្រាំង ភូមិគីឡូម៉ែត្រ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីទីរូមខេត្តបាត់ដំបង ស្ថិតតាមបណ្តោយផ្លូវលេខជាតិ ៥៧ ឆ្ពោះទៅខេត្តប៉ៃលិន។

 ស្ថានីយបុរេប្រវត្តិសាស្ត្រ «ល្អាងស្ពាន» នេះ ត្រូវបានរកឃើញ និងត្រូវបានធ្វើកំណាយលើកដំបូង ដោយលោកស្រី សេស៊ី ម៉ូរ៉េ និង លោក រ៉ូឡង់ ម៉ូរ៉េ នៅទសវត្ស ១៩៦០។ បន្ទាប់មកការស្រាវជ្រាវបានអាក់ខានជាង ៤០ឆ្នាំ រហូតមកដល់ឆ្នាំ២០០៩ ទើបមានការស្រាវជ្រាវបន្តដែលធ្វើឡើង តាមរយៈកិច្ចសហប្រតិបត្តិការណ៍រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិ នៃប្រទេសបារាំង ដែលមានលោក ហេង សុផាឌី និង លោក អ៊ូប៊ែរ ហ្វ័ររេទីយ៉េ ជាអ្នកដឹកនាំ។

 ការធ្វើកំណាយជាហូរហែរកន្លងមក បានរកឃើញវត្ថុបុរាណជាច្រើនដូចជា ឧបករណ៍ថ្មបំបែក, ថ្មរំលីង, ភាជន៍, គ្រឿងលម្អកាយ (អង្កាំ និងកងដៃធ្វើពីថ្ម និងបន្តោងខ្សែក ធ្វើពីចង្កូមសត្វ) បំណែកឆ្អឹងសត្វ ព្រមទាំងផ្នូរសពជាដើម។ 

 ផ្នែកតាមលទ្ធផលវិភាគលើវត្ថុបានពីកំណាយ បានបង្ហាញថា «ស្ថានីយល្អាងស្ពាន មានមនុស្សមកតាំងទី បីដំណាក់កាលផ្សេងៗគ្នា គឺ សម័យថ្មបំបែក មានអាយុកាលប្រហែល ៧១ ០០០ឆ្នាំមុន, វប្បធម៌ហាវប៊ីនញៀន មានអាយុចន្លោះពី ១១ ០០០ដល់៥០០០ឆ្នាំមុន​ និងចុងក្រោយ គឺ សម័យថ្មរំលីង មានអាយុប្រហែល៣ ០០០ឆ្នាំមុន ដោយគេបានយកល្អាងស្ពានជាកន្លែងបញ្ចុះសព»

 តាមកាលប្រវត្តិទទួលបាននាពេលនេះ ធ្វើឡើងតាមវិធីសាស្ត្របីផ្សេងៗគ្នា ដូចជា (14C, OSL, U-Th) ទៅលើស្រទាប់ដីផ្សេងៗគ្នា ចាប់ពីផ្ទៃខាងលើ រហូតដល់ជម្រៅ ៥ម៉ែត្រ។ រហូតមកទល់ពេលនេះ «ល្អាងស្ពាន» ជាស្ថានីយបុរេប្រវត្តិសាស្ត្រតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលប្រទះឃើញឧបករណ៍ថ្ម នៃវប្បធម៌ហាវប៊ីនញៀនច្រើនប្រភេទ ហើយស្ថិតក្នុងស្រទាប់ដីជាក់លាក់។

 បើផ្អែកលើកាលប្រវត្តិបរិមាណ និងលក្ខណៈ នៃឧបករណ៍ថ្មទាំងនោះ ជួយឲ្យយល់បានកាន់តែប្រសើរពីបច្ចេកទេស នៃការផលិតឧបករណ៍ ថ្មវប្បធម៌ បរិស្ថាន និងបរិបទទូទៅ នៃវប្បធម៌ហាវប៊ីនញៀន ព្រមទាំងទំនាក់ទំនងជាមួយសង្គមអ្នកបរបាញ់ និងប្រមូលអនុផលព្រៃឈើដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍ដីគោក៕