2023-12-24 11:12
443

កំពង់ស្ពឺ៖      កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ នៃស្នងការដ្ឋានរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ បានសហការគ្នាព័ន្ធ និងឆែកឆេផ្ទះមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ ពាក់ព័ន្ធករណីគាស់រោងចក្រលួចយកសម្លៀកបំពាក់យ៉ាងច្រើន។ 

 តាមប្រភព័ត៌មាន បានឲ្យដឹងថា ប្រតិបត្តិការព័ន្ធផ្ទះមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ខាងលើ ធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាណ២០២៣ ម្សិលមិញ ដោយបានការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រួលពី លោកព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ-រាជធានីភ្នំពេញ។ 

 ប្រភពបន្តថា លោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំនគរបាលខេត្តកំពង់ស្ពឺ សហការជាមួយនគរបាលរាជធានី ភ្នំពេញ ឆែកឆេរផ្ទះលេខ ១០៥ ផ្លូវ៥១៩G ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ ជាទីតាំងទទួលចោរកម្ម ក្នុងអពើចោរលួចគាស់រោងចក្រយកសម្លៀកបំពាក់។ 

 ប្រភពពីនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ម្ចាស់ផ្ទះមានឈ្មោះ ម៉ន ជាតិ ភេទប្រុស អាយុ ៣៥ឆ្នាំ ជានគរបាលក្រសួងមហាផ្ទៃ ដែលពាក់ព័ន្ធទទួលផលចោរកម្មលួចគាស់រោងចក្រលួចសម្លៀកបំពាក់។ 

 ការចុះឆែកឆេផ្ទះមន្ត្រីនគរបាលនោះ សមត្ថកិច្ចដកហូតបានសម្លៀកបំពាក់របស់រោងចក្របានចំនួន ១,១១៩ និងនៅសល់ច្រើនទៀត រងចាំម្ចាស់រោងចក្ររោងចក្រ មកពិនិត្យជាក់ស្តែង។ 

 បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តនិតិវិធី និងមានចំណាក់តាមផ្ឡូវច្បាប់ចំពោះអ្នកពាក់ព័ន្ធផងដែរ៕