2023-10-23 10:10
268

ភ្នំពេញ៖ យុវជនមានពិការភាពជម្រើសជាតិ ចំនួន ០៤រូប របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ជូនទៅចូលរួមប្រកួតប្រជែងជាសាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព ឆ្នាំ២០២៣ (Global IT Challenge for Youth with Disability 2023) នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត ដោយផ្ទាល់ចាប់ពីថ្ងៃទី២៣-២៩ ខែតុលា ឆ្នាំ២០២៣នេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យដឹងថា ការប្រកួតប្រជែង Global IT Challenge for Youth with Disability 2023 នេះចែកជាពីរ គឺការប្រកួតដោយផ្ទាល់ និងតាមអនឡាញ ដែលមានប្រទេស ចំនួន១៨ រួមមាន៖ ព្រះរាជាណាចក្រកម្ពុជា, អារ៉ាប់អេមីរ៉ាត, កូរ៉េ, ប៉ាគីស្ថាន, អេហ្ស៊ីប, ណេប៉ាល់, ម៉ុងហ្គោលី, កេនយ៉ា, អេចពី, បង់ក្លាដែស, ចិន, ឥណ្ឌា, វៀតណាម, ថៃ, ហ្វីលីពីន, ម៉ាឡេស៊ី, ឡាវ, និងឥណ្ឌូនេស៊ី។

ក្រៅពីចូលរួមប្រកួតផ្ទាល់នៅអារ៉ាប់រួម យុវជនមានពិការភាពកម្ពុជា ចំនួន ១៩រូប ក៏នឹងចូលរួមប្រកួតប្រជែងតាមអនឡាញពីកម្ពុជា ចាប់ពីថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០២៣ ផងដែរ។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើថា៖ «សូមសាធារណៈជនទាំងអស់ចូលរួមលើកទឹកចិត្តដល់យុវជនមានពិការភាព នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានជោគជ័យជូនជាតិមាតុភូមិនៃយើងទាំងអស់គ្នា»។

ស្របជាមួយគ្នានេះដែរ ប្រតិភូកម្ពុជាក៏នឹងចូលរួមវេទិកាបរិយាបន្ន និងនវានុវត្តន៍ ហៅកាត់ថា អាយអែនអាយ (InI) Inclusive and Innovation Forum ដើម្បីពិភាក្សា និងអនុម័តលើកិច្ចព្រមព្រៀងអាប៊ូដាប៊ីស្តីពីការអភិវឌ្ឍន៍ផ្នែកព័ត៌មានវិទ្យាឌីជីថលនៅពេលអនាគតសម្រាប់ជនមានពិការភាព។

សូមជម្របថា ការប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព ឆ្នាំ២០២៣ នេះ មានអ្នកចូលរួមសរុប ចំនួន ៥៣៦រូប ក្នុងនោះយុវជនមានពិការភាព ចំនួន ៤៦១រូប (ប្រកួតផ្ទាល់ចំនួន ៩៥រូប និងប្រកួតតាមអនឡាញ ចំនួន ៣៦៦រូប)។ ការប្រកួតនេះ គឺមានវិញ្ញាសារ ចំនួន ៦ មានដូចជា + 1-eTool (Powerpoint) 2-eTool (Excel) 3-eLifeMap 4-eContents 5-eCreative_Smart Car 6-eCreative_loT 1។

សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើឱ្យវិស័យពិការភាពមានការរីកចម្រើន និងត្រូវបានយកចិត្តទុកដាក់ជាខ្លាំងផងដែរ៕