2024-01-23 05:01
143

ព្រឹតិ្តការណ៍ ប្រណាំងកង់ហ្វ្លាយអ៊ីង បាយ សត ត្រេក អឹមធីប៊ី ឆាលែង   (Flying Bike Short Track MTB Challenge ) ឆ្នាំ២០២៤ រយៈពេល ១ថ្ងៃ នៅទីលានព្រែកលាប ក្នុងខណ្ឌជ្រោយចង្វារ កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅនេះបានបញ្ចប់ដោយជោគជ័យ ដោយបានស្រូបទាញ កីឡាករ កីឡាការិនីចូលរួមសរុប៣៣០នាក់ ដែលភាគច្រើនជាអត្តពលិក វ័យក្មេង  ។

លោក យឿន ភីយុទ្ធជាអ្នករៀបចំព្រឹត្តិការណ៍នេះ  បានអោយដឹងថា ការប្រកួតឆ្នាំនេះ អ្នកចូលរួមចំនួន៣៣០នាក់ មានការថយចុះបន្តិច តែចំនួននេះក៏ទទួលយកបានដោយសារការប្រកួតញឹកញាប់             ជាប់ៗគ្នាពេកធ្វើឱ្យកីឡាករ កីឡាការិនី តាម បណ្តាខេត្តមួយចំនួនត្រៀមខ្លួនមិនទាន់ រីឯលទ្ធផលវិញ មានការរីកចំរើនខ្លាំងមិនចាញ់កីឡាករខ្លាំងៗនោះទេ ជាពិសេស គឺកីឡាករយុវជន ចាប់ពីអាយុ១៥ដល់១៧ឆ្នាំ ។

លោក បន្តថា ឆ្នាំនេះយើងដាក់វិញ្ញាសាថ្មី Short Track ដែលជាវិញ្ញាសា UCI ប្រើប្រាស់រយៈចម្ងាយខ្លី មានឧបសគ្គច្រើនប្រើពេលពី ១៥ ទៅ ២៥នាទី ក្នុង Class នីមួយៗ អោយប្រកួតប្រជែង។

លោក យឿន ភីយុទ្ធ បានបន្ថែមថា ផែនការយុទ្ធសាស្រ្ត ជាមួយសហព័ន្ធកីឡាទោចក្រយាន គឺចង់បង្កើតព្រឹត្តការណ៍ជាស៊េរី  (Serie )ក្នុងមួយឆ្នាំអោយបាន៣ដងទៅ៥ដង ដូចជា កំពង់ស្ពឺ កំពត កំពង់ឆ្នាំង ឧទ្យានជាតិគីរីរម្យ និងខេត្តកែប តែវាកើតឡើងប្រសិនបើមានការគាំទ្រពីក្រុមហ៊ុនឯកជនជាដៃគូសហការ ពីព្រោះមានការប្រកួតច្រើន កីឡាករ កីឡាការិនី មានទឹកចិត្តប្រឹងប្រែងហ្វឹកហាត់ និង មានឱកាសច្រើនក្នុងការវាស់ស្ទង់សមត្ថភាព។ការបង្កើតព្រឹត្តការណ៍ប្រកួត ឱ្យបានច្រើនដង ក្នុង១ឆ្នាំៗ គឺជាការលើកកម្ពស់ សមត្ថភាពអត្តពលិក  ដែលខ្លួនខិតខំហ្វឹកហាត់   ហើយ ធនធានកីឡាករ ក៏រីកចម្រើនទៅ តាមនោះដែរ ។ ប៉ុន្ដែនៅឆ្នាំនេះយើងមិនទាន់ ស្វែងរកបានដៃគូសហការឧបត្ថម្ភ ធំៗនៅឡើយ ដូចនេះហើយបានជាយើង ត្រូវរៀបចំព្រឹត្តិការ សត ត្រេក (Short Track)នេះវិញ។

លោក យឿន ភីយុទ្ធ សង្កត់ធ្ងន់ថា ក្នុងនាមជាអ្នករៀបចំ លោកចង់បង្កើតព្រឹត្តការណ៍ប្រកួតអោយ ឈានដល់កម្រិតអន្តរជាតិ ដើម្បីទាក់ទាញកីឡាករអន្តរជាតិមកចូលរួម តែចំនុចសំខាន់គឺថវិកា បើមានថវិកាគ្រប់គ្រាន់យើងអាចរៀបចំការប្រកួតកម្រិតណាក៏បានដែរ។ នៅពេលនេះ យើងមិនទាន់រកបានអ្នកឧបត្ថម្ភធំនៅឡើយទេ តែទោះជាយ៉ាងនេះក្ដី ក្រុមគណៈកម្មការរៀបចំព្រឹត្តិការណ៍ ប្រណាំងកង់ មានរូបលោក និង លោក ព្យែ អ៊ីវកាទ្រីផងនោះ នឹងខិតខំប្រឹងប្រែង ស្វះស្វែងរកម្ចាស់ឧបត្ថម្ភឲ្យ បានច្រើន ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើនដងក្នុង១ឆ្នាំៗ។ នៅក្នុងឆ្នាំនេះសហព័ន្ធ គ្រោងរៀបចំព្រឹត្តិការប្រកួត ចំនួន៥លើក នៅតាមបណ្ដាខេត្តសក្ដានុពល ហើយនៅខែមិនាខាងមុខនេះសហព័ន្ធត្រៀមបញ្ជូនកីឡាករវ័យក្មេង    ចំនួន១០រូបឲ្យទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ឃីង ខាប់នៅប្រទេសថៃ។    គួរបញ្ជាក់ថា លទ្ធផលបច្ចេកទេសក្នុងការប្រកួតនេះ  Class A លេខ១ កីឡាករ សាំង សីហា លេខ២ កីឡាករ ដេវីត ព័រយ៉េ និងលេខ៣ ភី ស៊ីថុល , Class Master លេខ១ Vasco Ramperger លេខ២ កីឡាករ ព្យែអ៊ីវ កាទ្រី  (Pierre Yves Catry) និង Class Women លេខ១ នុត ផល្លានីហ្សា លេខ២ វុន ស្រនីត និងលេខ៣ ព្រំ ស្រីម៉ុច ។