2024-02-01 04:02
142

ក្រុមបាល់ទាត់បឹងកេត គិរីវង់សុខសែនជ័យ ណាហ្គាវើលដ៍ និង ខេត្តព្រៃវែង បានឡើងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៧ ឆ្នាំ២០២៣-២៤ ហើយ បន្ទាប់ពីយកឈ្នះដៃគូរៀងៗខ្លួននៅជើងទី២។

ក្នុងការប្រកួតកាលពី ថ្ងៃទី៣១ ខែមករា ក្រុមខេត្តព្រៃវែងបានយកឈ្នះលើក្រុមសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ដោយលទ្ធផល ២-០ ។ កាលពីជើងទី១ ក្រុមខេត្តព្រៃវែងបានចាញ់ ០ទល់១។ដូចនេះ សរុបលទ្ធផល ទាំង ពីរជើង ក្រុមព្រៃវែងបានឈ្នះ ២ទល់ ១ បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។

ចំណែក នៅទីលានពហុកីឡដ្ឋានជាតិ ក្រុមបឹងកេត បានយកឈ្នះ ក្រុមសៀមរាប អេហ្វស៊ី នៅជើងទី២ ដោយលទ្ធផល ៤-០ ខណៈជើងទី១ បានត្រឹមតែស្មើគ្នា ១ទល់នឹង១ សរុប ការប្រកួតទាំង២ជើង ក្រុមបឹងកេត ឈ្នះ ៥ទល់១ ។

សម្រាប់ ក្រុមគិរីវង់សុខសែនជ័យបានវាយបកយកឈ្នះ ម្ចាស់ផ្ទះក្រសួងការពារជាតិ ដោយលទ្ធផល ១-២ នៅស្តាតចាស់ បន្ទាប់ពីជើងទី១នៅខេត្តតាកែវ ក្រុមទ័ពបានឈ្នះ ២-៣ សរុបពីរជើងស្មើគ្នា ៤ទល់ ៤ ។ ចំពោះ ការទាត់បាល់១១ម៉ែត្រកាត់សេចក្តី គិរីវង់សុខសែនជ័យបានយកឈ្នះដោយលទ្ធផល ៤ទល់ ២បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។

រីឯការប្រកួត នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ក្រុមណាហ្គាវើលដ៍ បានយកឈ្នះអង្គរថាយហ្គឺរដោយលទ្ធផល ១-០ បន្ទាប់ពីជើងទី១ ណាហ្គាវើលដ៍បានឈ្នះ៥ ទល់១ ។សរុបទាំង ពីរជើង ណាហ្គាវើលដ៍ ឈ្នះ ៦ទល់១។ 

តាមរយៈលទ្ធផលខាងលើក្រុមទាំង៤ គឺក្រុម បឹងកេត ព្រៃវែង គិរីវង់សុខសែនជ័យ ណាហ្គាវើលដ៍បានឡើងទៅ វគ្គ៨ក្រុមចុងក្រោយពាន់សម្តេចតេជោថ្នាក់ជាតិលើកទី១៧ ឆ្នាំ២០២៣-២៤ លើកទី១៧ ឆ្នាំ២០២៣-២៤ ដោយត្រូវជួបជាមួយក្រុម៤ទៀត នៅវគ្គ១ភាគ៤ផ្ដាច់ព្រត្រ័ ក្នុងនោះក្រុមព្រៃវែងត្រូវជួបជាមួយវិសាខា ឯក្រុមណាហ្គាវើលជួប ព្រះខ័នរាជស្វាងរៀង ខណៈ ភ្នំពេញក្រោន ជួប គិរីវង់សុខសែនជ័យ និង ក្រុមបឹងកេត ជួប ISI ដង្កោសែនជ័យ  ៕