2023-11-07 10:11
289

ភ្នំពេញ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រកាសថា នឹង រៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ នៅឆ្នេរលេងទឹក ក្រុង-ខេត្តកែប។

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា សូមជម្រាបជូនដំណឹងដល់ក្លឹប-សមាគម និងសាធារណជនស្នេហាវិស័យកីឡាឱ្យបានជ្រាបថា «ក្រោមគម្រោងថវិកាគាំទ្រប្រចាំឆ្នាំ២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍកីឡាជាតិ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា សហការជាមួយសាលាខេត្តកែប រៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៥-១៧ ខែធ្នូ ឆ្នាំ២០២៣ នៅឆ្នេរលេងទឹក ខេត្តកែប»។ 

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានឱ្យដឹងថា វិញ្ញាសាសម្រាប់ការប្រកួត រួមមាន៖ ១- វិញ្ញាសាអាគ័តត្លុង (Standard Aquathlon) បុរស ហែលទឹក ១គ.ម+រត់ប្រណាំង ៥គ.ម, ២- វិញ្ញាសាអាគ័តផ្លុង (Standard Aquathlon) នារី ហែលទឹក ១គ.ម+រត់ប្រណាំង ៥គ.ម, ៣- វិញ្ញាសាអាគ័តត្លុង (Sprint Aquathlon) បុរសអាយុក្រោម ១៨ឆ្នាំ ហែលទឹក ៥០០ម៉ែត្រ+រត់ប្រណាំង ២.៥គ.ម, ៤- វិញ្ញាសាអាគ័តក្នុង (Sprint Aquathlon) នារី អាយុក្រោម ១៨ឆ្នាំ ហែលទឹក ៥០០ម៉ែត្រ+រត់ប្រណាំង ២.៥គ.ម។

យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធការប្រកួតដែលគាំទ្រដោយក្រសួងអប់រំ យុវជន និង កីឡា ដែលសហការរៀបចំ រវាងសហព័ន្ធ និងរដ្ឋបាលខេត្តកែប នេះ គឺចាប់ផ្ដើមទទួលពាក្យចូលរួមប្រកួតចាបពីដើមខែវិច្ឆិកា រហូតដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ទើបបញ្ចប់៕