2024-01-23 05:01
164

ប្រតិភូបាល់បោះរទេះ នារីកម្ពុជា បានមកដល់មាតុប្រទេសវិញហើយកាលពីរសៀលថ្ងៃទី២១ ខែមករា បន្ទាប់ពីបានចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ ជើងឯកបាល់បោះរទេះនារី ទ្វីបអាស៊ី-អូសេអានី និង ការប្រកួតជំរុះកៅអីកីឡាប៉ារ៉ាឡាំពិក ប៉ារីស ឆ្នាំ២០២៤  នៅទីក្រុងបាងកកប្រទេសថៃ ដោយ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ។ វត្តមានប្រតិភូនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ត្រូវបានទទួលស្វាគមន៍ដោយ ឯកឧត្តម សាម៉ឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ។

ថ្លែងប្រាប់អ្នកសារព៌តមាន នៅអាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ កីឡាការិនី អាន ស៊ីណែត ប្រធានក្រុមបាល់បោះរទេះនារីកម្ពុជា បានអះអាងថា ថ្វីដ្បិតតែក្រុមកម្ពុជា មិនទទួលបានកៅអីសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ កីឡាប៉ារាំឡាំពិកប៉ារីស ២០២៤ក្ដីក៏បច្ចេកទេសក្នុងការលេង របស់សមាជិកក្រុមមានការីកចំរើន ជាងមុន បើប្រៀបធៀបទៅនឹងការប្រកួតក្នុងព្រឹត្តិការកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 

កីឡាការិនីអាន ស្រីណែត បានបញ្ជាក់ថារយៈពេល២សប្ដាហ៍ក្នុងព្រឹត្តិការណ៍ទាំង២ខាងលើសម្រាប់ ការប្រកួតជម្រុះកីឡាប៉ារាំឡាំពិកប៉ារីស ២០២៤ លើវិញ្ញាសា៥ទល់៥ ក្រុមនារីកម្ពុជា ធ្វើពុំសូវបានល្អឡើយ តែបើនិយាយពីលក្ខណៈបច្ចេកទេស គឺមានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងការប្រកួតក្នុងព្រឹត្តិការកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងមានការកើនឡើង។  ចំណែកការប្រកួត  ជើងឯកអាស៊ីអូសេអានី ឆ្នាំ២០២៤ ដែលប្រកួតលើវិញ្ញាសា៣នាក់ទល់នឹង៣នាក់វិញ កម្ពុជាធ្វើបានយ៉ាងល្អ ដោយអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រ ទោះបីចាញ់ក្រុមខ្លាំងចិនក៏ដោយ ។

សូមជម្រាបជូនថា ការប្រកួតជើងឯកបាល់បោះរទេះនារី ទ្វីអាស៊ីអូសេអានី ឆ្នាំ២០២៤ ដែលថៃធ្វជាម្ចាស់ផ្ទះ ប្រព្រឹត្តិទៅពីថ្ងៃទី២៩ ដល់ថ្ងៃទី២១ ខែមករាឆ្នាំ ២០២៤ ចែកជា២វិញ្ញាសា គឺវិញ្ញាសា ៣នាក់ទល់៣នាក់ និង ៥នាក់ទល់និង៥នាក់ ទាំងបុរសនិងនារី តែកម្ពុជា បញ្ជូនអត្តពលិកតែនារីប៉ុណ្ណោះទៅចូលរួម ជាលទ្ធផលវិញ្ញាសា ៣នាក់ទល់នឹង៣នាក់ ដណ្ដើមបានមេដាយប្រាក់បន្ទាប់ពី យកឈ្នះគូប្រកួត ៥ប្រកួតជាប់ៗគ្នា និងបានចាញ់ក្រុមចិន ក្នុងពិន្ទុ ៩ទល់នឹង៣នៅវគ្គផ្ដាច់ព្រ័ត្រ ។រីឯវិញ្ញាសា៥នាក់ទល់នឹង៥នាក់ ក្រុមនារីកម្ពុជាក៏ធ្វើបានល្អដែរ ដោយក្នុងពូលបានយកឈ្នះ គូប្រកួត៤ប្រកួតជាប់ៗគ្នា លើក្រុមឥណ្ឌា ហ្វីលីពីន ឡាវ និងក្រុមតំបន់អូសេអានី ។តែគួរឲ្យសោកស្ដាយ នៅប្រកួតចុងក្រោយ ជាមួយថៃក្នុងជំនួបកាត់សេចក្ដី រកបេក្ខភាពលេខ១ពូល B ឡើងទៅពូល A នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមកម្ពុជាបានចាញ់ម្ចាស់ផ្ទះថៃ ដោយឈរលេខ២ក្នុងពូល ៕