2024-01-27 12:01
147

ភ្នំពេញ៖ សិក្ខាកាម ចំនួន ២៥នាក់ ទទួលបាន នូវចំណេះដឹងកម្រិតខ្ពស់ជាមន្រ្តីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោង បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល ០៣ថ្ងៃនៅខេត្តព្រះសីហនុ ។ 

ពិធីបិទវគ្គប្រព្រឹត្តទៅ នៅរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នេះ ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប Bay of Lights ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកឧត្តមនាវីទោ គឹម សាវុធ មេបញ្ជាការរង បញ្ជាការដ្ឋានមូលដ្ឋានសមុទ្រ និងមានការចូលរួមពីសំណាក់ លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សេង ម៉ាលី តំណាង តំបន់អភិវឌ្ឍន៍ទីក្រុងរណប Bay of Lights ។ 

ក្រោមគម្រោងថវិការបស់ ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតកម្រិតមូលដ្ឋាន ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដើម្បីឱ្យប្រភេទកីឡាទូកក្តោងរបស់កម្ពុជា មានមន្រ្តីបច្ចេកទេសដែលមានជំនាញកម្រិតខ្ពស់ សម្រាប់ត្រៀមការប្រកួតកីឡាជាតិ និងអន្តរជាតិផ្សេងៗនាពេលខាងមុខ ជាពិសេសការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ និងដើម្បីបង្ហាញដល់មហាជនបានឃើញ និងស្វែងយល់អំពីប្រភេទកីឡាទូកក្តោងផងដែរ ។ 

ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោង ប្រចាំឆ្នាំ២០២៣ ក្រោមការរៀបចំរបស់ សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានបិទបញ្ចប់ដោយជោគជ័យ ដោយសិក្ខាកាមទាំង ២៥នាក់ ទទួលបាន នូវចំណេះដឹងកម្រិតខ្ពស់ ៕