2024-01-12 03:01
157

ក្រុមបាល់បោះរទេះជនពិការនារីជម្រើសជាតិកម្ពុជា មានកៅអីចូលរួមជើងឯក IWBF Women's Repechage ឆ្នាំ២០២៤ បន្ទាប់ពីបានឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់បោះរទេះជើងឯកតំបន់អាស៊ី-អូសេអានី (IWBF Asia Oceania Championships) ឆ្នាំ២០២៤ និងវគ្គជម្រុះព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក-ប៉ារីស ឆ្នាំ២០២៤ លើកវិញ្ញាសា ៣ទល់៣ ក្រោយប្រកួតចាញ់ក្រុមខ្លាំងចិន ដោយលទ្ធផល ៩-៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងបាងកក ប្រទេសថៃ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

សូមជម្រាបថា ដោយឆ្លងកាត់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ៣ប្រកួត ក្រុមនារីកម្ពុជាទទួលបានជ័យជម្នះទាំងអស់ ក្នុងនោះ ឈ្នះអូស្ត្រាលី ឥណ្ឌា និងម្ចាស់ផ្ទះថៃ ដូច្នេះមានន័យថា ក្រុមនារីកម្ពុជាឈរលេខ១ក្នុងពូល B និងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើការប្រកួតជាមួយក្រុមបាល់បោះរទេះនារីចិន នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយលទ្ធលផចាញ់ប្រទេសចិន ៩-៣ ធ្វើឱ្យក្រុមបាល់បោះរទេះនារីទទួលបានមេដាមប្រាក់។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ IWBF Asia Oceania Championships ឆ្នាំ២០២៤ គឺជាការប្រកួតដ៏មានសារៈសំខាន់ សម្រាប់ក្រុមចូលរួម ដើម្បីចម្រាញ់រកក្រុមបាល់បោះរទេះខ្លាំងប្រចាំតំបន់ទៅចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិក-ប៉ារីស ឆ្នាំ២០២៤ នៅប្រទេសបារាំង ពោល គឺក្រុមទទួលបានជើងឯក នឹងទទួលបានកៅអីចូលរួមព្រឹត្តិការណ៍ ៤ឆ្នាំម្ដងនេះ ។ 

រីឯក្រុមលេខ២ និងលេខ៣ នឹងទទួលបានកៅអីចូលរួមការប្រកួត IWBF Women's Repechage ឆ្នាំ២០២៤ នៅទីក្រុង Osaka ប្រទេសជប៉ុន ៕