2024-01-08 09:01
162

ភ្នំពេញ៖ រថយន្តកីឡាករប្រដាល់គុនខ្មែរដ៏ល្បីល្បាញ ព្រំ សំណាង ស៊េរីទំនើប ម៉ាក Mazda 2 មានបិទឡូហ្គោ BOOSTRONG បុករះកង់បី និងម៉ូតូជាច្រើនគ្រឿង តាមបណ្តោយផ្លូវវ៉េងស្រេងមុខក្លឹបកម្សាន្ត «មីត ណាយ» បង្កឲ្យមានអ្នករងរបួសធ្ងន់ ស្រាយ ចំនួន ០៥នាក់។
    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត Mazda របស់កីឡាករ ព្រំ សំណាង បានកើតឡើង នៅវេលាម៉ោង ០៣និង២៥នាទី ទៀបភ្លឺថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នេះ ស្ថិតតាមបណ្តោយផ្លូវវ៉េងស្រេង មុខក្លឹបកម្សាន្ត «មីត ណាយ» សង្កាត់ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
    សាក្សីនិយាយថា រថយន្តបង្កហេតុ ម៉ាក Mazda 2 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BU-4078 ត្រូវបានមហាជនស្គាល់ថា រថយន្តរបស់កីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង បានបើកបុករះម៉ូតូកង់បី ចំនួន ០៣គ្រឿង និងម៉ូតូ ០១គ្រឿង បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ និងស្រាល ចំនួន ០៥នាក់។ សាក្សីបន្ថែមទៀតថា ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ។
   ក្រោយពេលកើតហេតុ កីឡាករ ព្រំ សំណាង បានធ្វើការសម្រសម្រួលដើម្បីបញ្ចប់រឿងរ៉ាវភ្លាមៗ ដោយចេញថ្លៃសំណងការខួចខាត និងថ្លៃព្យាបាលរបួសដល់ជនរងគ្រោះ។
   តាមរយៈវីដេអូកីឡាករគុនខ្មែរ ព្រំ សំណាង បាននិយាយថាៈ ចំពោះមូលហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើ ដោយសារលោកបើករថយន្តជ្រុលប៉ះកង់បីបន្តិចហើយក៏រុញទៅបុកជាបន្តបន្ទាប់បែបនេះ ប៉ុន្តែមិនជាធ្ងន់ធ្ងរប៉ុន្មាននោះទេ៕