2023-11-03 18:09
563

ភ្នំពេញ៖ ម្ចាស់ផ្ទះកម្ពុជាបានឈ្នះមេដាយសរុបចំនួន ១៤គ្រឿង ពីការប្រការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ ដែលមានប្រទេស ចំនូន ០៥ក្នុងតំបន់បានចូលរួមប្រកួត និងអត្តពលិកសរុបប្រមាណ ៧០នាក់។ 

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្នុងចំណោមមេដាយទាំង ១៤គ្រឿង រួមមាន៖ មេដាយ មាស ០១គ្រឿង, ប្រាក់ ០៦គ្រឿង និងមេដាយ សំរិទ្ធ ០៧គ្រឿង។ សមិទ្ធផលនេះសបញ្ជាក់ឲ្យឃើញពីភាពរីក ចម្រើនគួរឲ្យកត់សម្គាល់របស់វិស័យកីឡា វាយសីកម្ពុជា។ 


លោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងជាអគ្គហិរញ្ញឹក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីកម្ពុជា ទោះបីទើបធ្វើការប្រមូលផ្ដុំ តែកីឡាករ-កីឡាការិនីខ្លះ មានបញ្ហារបួស តែពួកគេស៊ូខំប្រឹង រហូតដល់ចប់ការប្រកួត។ 

សូមជម្រាបថា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ កន្លងទៅ លោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងជាអគ្គហេរិញ្ញឹក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមបើកព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

សម្រាប់ការប្រកួតថ្នាក់តំបន់នេះ គ្រោងនឹងធ្វើឡើង ៥ថ្ងៃ ដោយមានកីឡាករ-កីឡាការិនីចូលរួមប្រមាណ ៧០នាក់ មកពី ៥ប្រទេស គឺមានម្ចាស់ផ្ទះ កម្ពុជា ប្រ៊ុយណេ ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត៕