2024-02-07 03:02
467

ក្រោយទទួលរងនូវការរិះគន់ពីសំណាក់អ្នកគាំទ្រប្រដាល់គុនខ្មែរ និង អ្នកវិភាគតាមបណ្តាញសង្គមអំពីការប្រកួតដ៏ក្រើករវាងកីឡាករគុនខ្មែរ ធន់ រិទ្ធី និងអ្នកប្រដាល់ថៃ សៃ យុគ កាលពីថ្ងៃទី៤ ខែ កុម្ភៈ ឆ្នាំ២០២៤កន្លងទៅ នេះ ជុំវិញការផ្តល់លទ្ធផលស្មើដល់កីឡាករទាំងពីររូបខាងលើ ធ្វើឲ្យមហាជនដែលជាអ្នកគាំទ្រគុនខ្មែរមិនពេញចិត្តបានវាយប្រហាពាក្យសំដីធ្ងន់ៗទៅលើកីឡាករធន់ រិទ្ធី និងអ្នករៀបចំកម្មវិធីប្រកួតនោះ រសៀលថ្ងៃទី៦ ខែ កុម្ភៈ ឯកឧត្តម ខូវ ឆាយ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើសន្និសិទសារព័ត៌មាន ស្រាយបំភ្លឺ អំពីលក្ខន្តិកៈនៃច្បាប់ក្នុងការប្រកួត។ 

ឯកឧត្តម អនុប្រធានសហព័ន្ធ បានពន្យល់ថា ជំនួបរវាង ធន់ រិទ្ធី និង សៃ យុគ អ្នកប្រដាល់ថៃ គឺជាការជួបប្រកួតគ្នាជាលក្ខណៈមិត្តភាពអន្តរជាតិប៉ុណ្ណោះ។ ដូច្នេះលទ្ធផលមាន៣ គឺ ឈ្នះ ចាញ់ និង ស្មើ ហេតុនេះហើយ ការផ្តល់ពិន្ទុស្មើនេះ គឺសម្រេចលើការដាក់ពិន្ទុរបស់ចៅក្រមដាក់ពិន្ទុ ។ ឯកឧត្តម អនុប្រធាន បានបញ្ជាក់ថា ជំនួបនេះ ជាការប្រកួតមិត្តភាពអន្តរជាតិ ។ លោកថា លក្ខន្តិកៈនៃបទបញ្ជាការប្រកួតដែលកំណត់ដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺមានតែ២លក្ខ័ណ្ឌប៉ុណ្ណោះ  គឺទី១. ប្រកួតខ្សែក្រវ៉ាត់មានអ្នកការពារ និងអ្នកដណ្តើម ទី២.ប្រកួតក្នុងលក្ខ័ណ្ឌមិត្តភាព លទ្ធផលមានឈ្នះ ចាញ់ និងលទ្ធផលស្មើ។

ឯកឧត្តម បានគូសបញ្ជាក់ទៀតថា សម្រាប់ការប្រកួតកីឡាករលំដាប់អេ ក្នុងជំនួបក្រោយៗទៀតនោះ សហព័ន្ធនិងពន្យល់ទៅកាន់មហាជនឲ្យបានយល់អំពីលក្ខ័ណ្ឌមុននឹងការប្រកួតប្រព្រឹត្តិទៅ ជៀសវាងមានការយល់ច្រឡំដូចពេលនេះ។ ឯកឧត្តម អះអាងថា សម្រាប់ជំនួបធំៗនៅពេលខាងមុខ សហព័ន្ធនឹងធ្វើការរិតបន្តឹងចំពោះមន្រ្តីបច្ចេកទេស ដើម្បីធ្វើយ៉ាងណាឲ្យការដាក់ពិន្ទុកាន់តែសុក្រិតយុត្តិធម៌ចំពោះកីឡាករ។ 

គួររំលឹកថា ជំនួបរវាង ធន់ រទ្ធី និង សៃ យុគ កីឡាករថៃ កាលពីថ្ងៃទី៤ កន្លងទៅ នេះ បន្ទាប់ពី អាជ្ញា    កណ្តាលប្រកាសផ្តល់លទ្ធផលស្មើដល់កីឡាករទាំងពីរ គឺបានផ្ទុះការរិះគន់យ៉ាងខ្លាំងលើការឲ្យពិន្ទុរបស់មន្រ្តីចៅក្រមអាជ្ញាកណ្តាល និងពាក្យវាយប្រហារទៅលើកីឡាករធន់ រិទ្ធី ក្នុងនោះក៏មានការវិភាគវាយប្រហារធ្ងន់ផងដែរ៕