2023-12-10 15:52
529

ភ្នំពេញ៖ លោក ខេ ស៊ីបាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ បានលើកឡើងថា «ក្រៅពីជោគជ័យលើការងាររៀបចំជើងឯកចំបាប់អាស៊ីអាគ្នេយ៍ កម្ពុជាក៏ទទួលបានជោគជ័យផ្នែកបច្ចេកទេសផងដែរ ដ្បិតកីឡាករ-កីឡាការិនីកម្ពុជា កើនបច្ចេកទេសខ្ពស់ជាងមុន បើធៀបការហ្វឹកហាត់មុន និងក្រោយស៊ីហ្គេម»។ លោក ខេ ស៊ីបាណេត បានបញ្ជាក់ថា «ឆ្នាំនេះយើងបានចូលរួមប្រកួតច្រើន ទាំងកម្រិតតំបន់ និងទ្វីប។ ដូច្នេះការប្រកួតច្រើន បានធ្វើឲ្យកីឡាករ-កីឡាការិនីរបស់យើងរីកចម្រើន ស្របតាមផែនការ ដែលយើងចង់រក្សា និងជំរុញបច្ចេកទេសបន្ថែម ដើម្បីត្រៀមដូចជាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ និងកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជាជាដើម»។ ក្រុមម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយ ចំនូន ១៦គ្រឿងបន្ថែម គឺមានមេដាយមាស ១ ប្រាក់ ១០ និងសំរឹទ្ធ ៥ បានឡើងទៅឈរលេខ៣ ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន ដោយសរុបលទ្ធផល ៣ថ្ងៃ កម្ពុជាដណ្ដើមបានមេដាយ ចំនួន ៣៦គ្រឿង (មាស ២ ប្រាក់ ២០ និងសំរឹទ្ធ ១៤) តាមពីក្រោយក្រុមភ្ញៀវថៃ ដែលឈរលេខ ២ ដណ្ដើមបានមេដាយសរុប ១៨គ្រឿង (មាស ៣ ប្រាក់ ៩ និងសំរឹទ្ធ ៦) តែនាំមុខក្រុមហ្វីលីពីន ដែលដណ្ដើមបានមេដាយសរុប ២៥គ្រឿង (មាស ១ ប្រាក់ ១៤ និងសំរឹទ្ធ ១០)។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី០៤ ដល់ ទី០៩ ខែធ្នូ ឆ្នាំ ២០២៣ នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក នឹងបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ខ្លួន នាល្ងាចម៉ោង៤ ថ្ងៃទី០៩ ខែធ្នូនេះ៕