2023-03-29 11:03
487

ណៃពិដោរ៖ យោងតាមទូរទស្សន៍រដ្ឋភូមា បានឲ្យដឹងថា គណៈកម្មាធិការរៀបចំការបោះឆ្នោតភូមាន បានប្រកាសថា គណបក្សរបស់មេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) នឹងត្រូវរំលាយចោល ដោយសារខកខានមិនបានចុះឈ្មោះឡើងវិញ ឲ្យស្របតាមច្បាប់បោះឆ្នោតថ្មី។

ទូរទស្សន៍បានផ្សាយប្រកាស កាលពីល្ងាចថ្ងៃម្សិលមិះថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោក អ៊ុសាន ស៊ូជី ត្រូវបានលុបឈ្មោះចោល រួមទាំងជាគណបក្សនយោបាយចំនួន៤០ទៀត ដែលខកខានមិនបានបំពេញតាមកាលបរិច្ឆេទនៃការចុះឈ្មោះរបស់របបដឹកនាំយោធា។

កាលពីខែមករា ឆ្នាំ២០២៣ របបយោធាភូមា បានផ្តល់ពេលពីរខែដល់គណបក្សនយោបាយទាំងអស់ ត្រូវចុះឈ្មោះឡើងវិញមុនពេលការបោះឆ្នោត ឲ្យស្របតាមច្បាប់បោះឆ្នោតថ្មី។ ប៉ុន្តែគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បាន​ប្រកាសថា ខ្លួន​នឹង​មិន​ចូលរួមចប្រកួត​ប្រជែងឡើយ ​ដោយចាត់ទុក​ថា ​ការ​បោះ​ឆ្នោត​នាពេលខាងមុខ គឺមិន​ស្រប​ច្បាប់​នោះ​ទេ។

អតីតសមាជិក​សភា​ម្នាក់មក​ពី​គណបក្ស​របស់​លោកស្រី​ អ៊ុងសាន ស៊ូជី ​បានប្រកាសកាលពីថ្ងៃអង្គារ​ថា «យើង​មិន​ទទួល​យក​ជា​ដាច់​ខាត​សម្រាប់ការ​បោះ​ឆ្នោត​ ដែលនឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​​មេដឹកនាំ​នយោបាយ និង​សកម្មជន​នយោបាយ​ ជាច្រើន​ត្រូវ​បាន​ចាប់​ខ្លួន ចំណែក​ប្រជាជន​ត្រូវ​​ពួកយោធា​ធ្វើ​ទុកបុកម្នេញ»។

កាលពីខែវិច្ឆិកា ឆ្នាំ២០២០ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសភារបស់ប្រទេសភូមា។ ប៉ុន្តែ​មិន​ដល់​បី​ខែផង កងទ័ព​បាន​ធ្វើ​រដ្ឋប្រហារ និង​ចាប់​ឃុំ​ខ្លួន​លោកស្រី អ៊ុងសាន ស៊ូជី រួមទាំងសកម្មជននយោបាយផ្សេងទៀត។

លោកស្រី អ៊ុងសាន ស៊ូជី អាយុ៧៧ឆ្នាំ កំពុងជាប់ពន្ធនាគារសរុប៣៣ឆ្នាំ បន្ទាប់ពីតុលាការភូមា កាត់ទោសពីបទជាប់ពាក់ព័ន្ធសកម្មភាពនយោបាយជាបន្តបន្ទាប់។ ចំណែកអ្នក​គាំទ្រ​របស់​លោកស្រី បាននិយាយ​ថា ការ​ចោទ​ប្រកាន់​នេះ​មាន​ចេតនា​រារាំង​លោកស្រី​មិន​ឲ្យ​ចូល​រួម​យ៉ាង​សកម្ម​ក្នុងឆាក​នយោបាយភូមា។

ក្រុមកងទ័ពភូមា បាន​និយាយ​ថា​ មានការ​ក្លែងបន្លំ​សម្លឹក​បោះឆ្នោត​យ៉ាងច្រើន ដូច្នេះមេដឹកនាំយោធាក៏សម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាករដ្ឋាភិបាលជាប់ឆ្នោតតែម្តង។

ក្រោយពីរបបយោធាឡើងកាន់អំណាចភ្លាម ប្រជាជនភូមា ជាពិសេសនៅក្នុងរដ្ឋធំ​ៗ​នៅក្នុងប្រទេសភូមា បានប្រកាសបង្កើតតស៊ូ​ប្រដាប់​អាវុធ​ ដើម្បីតវ៉ាចំពោះ​ការ​គ្រប់​គ្រង​របស់មេដឹកនាំយោធា។

យោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅក្នុងប្រទេសភូមា បានឲ្យដឹងថា មនុស្សជាង៣ ១០០នាក់ត្រូវបានសម្លាប់ និងជាង២០ ០០០នាក់ត្រូវបានចាប់ខ្លួន និងរាប់លាននាក់ទៀត បានរត់ចោលផ្ទះសម្បែង ដើម្បីចូលរួមចលនាតស៊ូប្រឆាំងនៅតាមព្រំដែន។

សង្គ្រាមស៊ីវិលក្នុងប្រទេសភូមា បានរីករាលដាលកាន់តែធំ ចាប់តាំងពីរដ្ឋប្រហារយោធា ក្នុងឆ្នាំ២០២០ ហើយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងជាងមួយលាននាក់ បានរត់ចោលលំនៅឋាន ដើម្បីចូលរួមជាមួយក្រុមចលនាតស៊ូបះបោរនៅតា

នាយឧត្តមសេនីយ មីន អួងឡាំង (Min Aung Hlaing) ប្រមុខដឹកនាំរដ្ឋាភិបាលយោធាភូមា នៅក្នុងសុន្ទរកថាដ៏កម្រមួយ បានប្រកាសថា ទាហានរបស់លោកនឹងកម្ទេចចោលក្រុមបះបោរលាក់ខ្លួននៅតាមព្រំដែនទាំងអស់។

លោកបាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងចាត់វិធានយ៉ាងម៉ឺងម៉ាត់ចំពោះអ្វី ដែលលោកបានពិពណ៌នាថា ជាក្រុមភេរវកម្មប្រដាប់អាវុធ។

លោកបានបន្ថែមថា ប្រទេសដែលបានថ្កោលទោសរដ្ឋប្រហាររបស់លោក គឺជាអ្នកគាំទ្រក្រុមភេរវកម្ម និងមិនព្រមចូលរួមជាមួយរបបយោធាក្នុងការរៀបចំកែទម្រង់លទ្ធិប្រជាធិបតេយ្យរបស់ភូមា។

ក្នុងពិធីប្រារព្ធទិវាកងទ័ពភូមា ដែលរំឭកថ្ងៃតស៊ូប្រឆាំងរបបអាណានិគមជប៉ុន នាឆ្នាំ១៩៤៥ និងជាការចងចាំចំពោះវីរភាពរបស់កងទ័ពភូមា។

ដូច​សុន្ទរកថា​ជាច្រើន​ទៀត​របស់​មេដឹកនាំ​យោធាភូមាដទៃទៀតដេរ លោកឧត្តមសេនីយ មីន អួងឡាំង ធ្លាប់បានហែលឆ្លងកាត់ការឈឺចាប់ ដោយចក្រពត្តិនិយមអង់គ្លេស និងហ្វាស៊ីសនិយមជប៉ុន ដែលលោកបាននិយាយថា បានបែងចែកប្រជាជនភូមា និងបង្ខំកងកម្លាំងប្រដាប់អាវុធឲ្យធ្វើអន្តរាគមន៍ម្តងហើយម្តងទៀត ក្នុងជីវិតនយោបាយរបស់ខ្លួន អស់រយៈពេល៧៥ឆ្នាំ កន្លងមកហើយ។

លោកឧត្តមសេនីយ មីន អួងឡាំង បាននិយាយទៀតថា មានតែទាហានទេ ដែលបានបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយលះបង់សាច់ស្រស់ឈាមស្រស់យ៉ាងច្រើន ដើម្បីបុព្វហេតុសន្តិភាព និងការឯកភាពជាតិភូមា៕