2024-03-07 11:03
87

(សេអ៊ូល)៖   ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនានេះ បានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចុះធ្វើអធិការកិច្ចត្រួតពិនិត្យ ដោយផ្ទាល់ នៅឯទីលានហ្វឹកហាត់របស់កងទ័ព នៃមូលដ្ឋានប្រតិបត្តិការយោធាដ៏សំខាន់មួយស្ថិតនៅតំបន់ភាគខាងលិចនៃប្រទេស កាលពីថ្ងៃទី៦ ខែមីនា និងបានបញ្ជាឱ្យកងទ័ព ប្រុងជើងការខ្ពស់សម្រាប់សង្រ្គាមផងដែរ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការធ្វើដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់មូលដ្ឋានទ័ពខាងលើដែលមិនត្រូវបានបញ្ជាក់ពីឈ្មោះ និងទីតាំងពិតប្រាកដ កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំកាលពីថ្ងៃទី៤ ខែមីនា ក្នុងប្រទេសកូរ៉េខាងត្បូង ហើយសមយុទ្ធយោធារួមគ្នានេះដែរមានចំនួនកងទ័ពចូលរួម កើនឡើងទ្វេដង បើធៀបទៅនឹងសមយុទ្ធកាលពីឆ្នាំមុន។

តាម KCNA លោក គីម ជុងអ៊ុន បាននិយាយថាយោធាកូរ៉េខាងជើងត្រូវតែពង្រឹង និងបង្កើនការប្រុងជើងការកម្រិតខ្ពស់បំផុតសម្រាប់សង្រ្គាម ស្របទៅតាមតម្រូវការចាំបាច់ ដើម្បី គ្រប់គ្រងស្ថានការណ៍។ លោក គីម បន្ថែមទៀតថា «កងទ័ពរបស់យើងត្រូវតែ...បង្កើនការធ្វើសមយុទ្ធសង្រ្គាមជាក់ស្ដែង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងយ៉ាងឆាប់រហ័ស នូវសមត្ថភាពប្រយុទ្ធរបស់ខ្លួន សម្រាប់ការប្រុងជើងការសង្រ្គាមដ៏ល្អឥតខ្ចោះ»។

គួរបញ្ជាក់ថា KCNA មិនបានបញ្ជាក់លម្អិតថាតើការលើកឡើងរបស់លោក គីម ជុងអ៊ុន ចង់សំដៅដោយផ្ទាល់ចំពោះការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែបង្ហើបថាមេដឹកនាំកូរ៉េខាងជើងរូបនេះបានចុះត្រួតពិនិត្យកងទ័ពដែលកំពុងដឹកនាំការធ្វើហ្វឹកហាត់ នៅក្រោមសមយុទ្ធហាត់ សមដូចសង្រ្គាមពិតៗ៕