2024-01-26 11:01
154

ទីក្រុងតៃប៉ិ (AIPEI)៖ រហូតមកដល់ពេលនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅតែបន្ដគាំទ្រយ៉ាងពេញទំហំ ទៅលើក្រុងតៃប៉ិ  ខណៈសមាជិកសភាសហរដ្ឋអាមេរិក ចំនួន២នាក់ បានទៅជួបប្រធានាធិបតីតៃវ៉ាន់ ទើបនឹងជាប់ឆ្នោតថ្មី លោក ឡៃ ជិងតេ (Lai Ching-te) កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ដើម្បីបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ប្រទេសមហាអំណាចកំពូលលើលោកមួយនេះ ដល់ដែនកោះគ្រប់គ្រងដោយខ្លួនឯង ស្របពេលក្រុងប៉េកាំង តែងតែអះអាង ជាផ្នែកមួយ នៃដែនដីរបស់ចិន។

លោក ឡៃ ជិង-តេ បានឈ្នះ នៅក្នុងបោះឆ្នោតប្រធានាធិបតី នៅតៃវ៉ាន់ កាលពីថ្ងៃទី១៣ ខែមករា ថ្វីបើមានការព្រមានពីរដ្ឋាភិបាលក្រុងប៉េកាំង ថា គាតនឹងនាំឲ្យមានសង្គ្រាមកើតឡើង ហើយធ្វើឲ្យតៃវ៉ាន់ ចុះខ្សោយយ៉ាងណាក្ដី។ ការឈ្នះឆ្នោត នៅក្នុងអាណត្ដិទី៣របស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ នឹងនាំឲ្យបដិសេធដល់ការអះអាងរបស់ចិន មកលើដែនកោះមួយនេះ។

លោក អាមី បេរ៉ា (Ami Bera) សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ និង លោក ម៉ារីយ៉ូ ដាយ៉ា-បាឡាត (Mario Diaz-Balart) សមាជិកសភាប្រចាំរដ្ឋផ្លរីដា មកពីគណបក្សសាធារណរដ្ឋ បានទៅដល់ទីក្រុងតៃប៉ិ កាលពីថ្ងៃពុធ (ទី២៤ ខែមករា)  ហើយពួគាត់ នឹងបន្ដស្នាក់នៅ រហូតដល់ថ្ងៃសុក្រ (ទី២៦ ខែមករា ឆ្នាំ២០២៤)។

លោក Diaz-Balart បានបញ្ជាក់ នៅក្នុងកិច្ចប្រជុំជាមួយលោក ឡៃ ប្រធានាធិបតីតៃវ៉ាន់ ទើបនឹងជាប់ឆ្នោតថ្មី ថា «នៅក្នុងចំណោមសារសំខាន់ៗ ដែលយើងកំពុងតែនាំមកទីនេះ នៅថ្ងៃនេះ ... គឺថា ការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់តៃវ៉ាន់ គឺរឹងមាំ ហើយវាជាការពិត ១០០ភាគរយ សម្រាប់ទំនាក់ទំនងទ្វេភាគី»។

លោក ឡៃ ខណៈបច្ចុប្បន្នជាអនុប្រធានាធិបតីតៃវ៉ាន់ បានថ្លែងអំណរគុណដល់សមាជិកសភាអាមេរិក ចំពោះបង្ហាញនូវការគាំទ្ររបស់ពួកគេ មកលើតៃវ៉ាន់។ រីឯដំណើរទស្សនកិច្ចរបស់សភាសហរដ្ឋអាមេរិក ក្លាយជាចំណុចប្រសព្វដ៏សំខាន់ បង្ហាញយ៉ាងពេញលេញនូវការគាំទ្រដ៏រឹងមាំរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចំពោះតៃវ៉ាន់។

ជាមួយគ្នានេះដែរ លោក ឡៃ បានបញ្ជាក់ ថា គាត់សង្ឃឹម ថា «សភាអាមេរិក នឹងបន្តគាំទ្រដល់តៃវ៉ាន់ នៅក្នុងការពង្រឹងសមត្ថភាពការពារខ្លួន។ ដូច្នេះយើងអាចរួមគ្នាការពារសន្តិភាព ស្ថិរភាព និង វិបុលភាព នៅក្នុងតំបន់»។

លោក Bera និង Diaz-Balart តំណាងឱ្យគណបក្សប្រជាធិបតេយ្យ និង គណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក បានតាមឃ្លាំមើលយ៉ាងដិតដល់ ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់។ សកម្មភាពរបស់សមាជិកសភាទាំង២នាក់នេះ អាចជាគណៈប្រតិភូក្រៅផ្លូវការ ដែលត្រូវបានបញ្ជូនមក ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ដើម្បីអបអរសាទរដល់លោក ឡៃ ក្រោយការជាប់ឆ្នោតក្លាយជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់។

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក ក្លាយជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុត សម្រាប់កោះតៃវ៉ាន់ បើទោះជា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទទួលស្គាល់ចិនតែមួយក្ដី។ ទន្ទឹមគ្នានេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ធ្លាប់លើកឡើង ថា ប្រសិនបើចិន លើកកងទ័ពចូលលុកលុយ ទៅលើកោះតៃវ៉ាន់ នោះ កងទ័ពសហរដ្ឋអាមេរិក នឹងរារាំង។ សកម្មភាពរបស់សហរដ្ឋអាមេរិក តែងតែធ្វើឲ្យចិន ខឹងសម្បាយ៉ាងខ្លាំង ដោយចាត់ទុកជាការរំលោភបំពារបំពានមកលើដែនអធិបតេយ្យភាពរបស់ចិន ខណៈរដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាង ថា តៃវ៉ាន់ ជាដែនដីរបស់ចិន មិនអាចបំបែកចេញពីគ្នាបាន៕