2024-03-20 01:03
71

រដ្ឋធានីប៊ែរឡាំង៖ ក្រុមរដ្ឋអាជ្ញាអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ បានចោទប្រកាន់ដល់ទាហានរបស់ខ្លួនម្នាក់ ពីការធ្វើចារកម្មឲ្យរុស្ស៊ី។ 

 បណ្ដាញទូរទស្សន៍របស់អាល្លឺម៉ង់ DW បានផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ ថា ជនសង័្សយ បានធ្វើការជាទាហានអាជីព នៅការិយាល័យសហព័ន្ធ ទទួលបន្ទុកគ្រឿងបរិក្ខារ Bundeswehr (ប៊ុនដែសវេ) បច្ចេកវិទ្យាព័ត៌មាន និង ជំនួយក្នុងសេវាកម្មនេះ ហៅកាត់ BAAINBw ។ វិទ្យាស្ថាននេះ ទទួលខុសត្រូវលើការបំពាក់កងកម្លាំងប្រដាប់អាវុធរបស់អាល្លឺម៉ង់ គឺ Bundeswehr  ហើយក៏អភិវឌ្ឍ សាកល្បង និង ទិញបច្ចេកវិទ្យាយោធា ផងដែរ។

 រដ្ឋអាជ្ញាអាល្លឺម៉ង់ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «មានឱកាសមួយ គាត់បានបញ្ជូនព័ត៌មាន ដែលគាត់ទទួលបាន នោក្នុងដំណើរការសកម្មភាពវិជ្ជាជីវៈរបស់គាត់ ទៅកាន់សេវាស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី»

 ក្រុមមន្ត្រីអាល្លឺម៉ង់ បានបញ្ជាក់ ថា ការគាំទ្ររបស់រដ្ឋាភិបាលក្រុងប៊ែរឡាំង សម្រាប់ក្រុងកៀវ បានធ្វើឱ្យប្រទេសអាល្លឺម៉ង់ ក្លាយជាគោលដៅកាន់តែខ្លាំងឡើង សម្រាប់ការស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី ចាប់តាំងពីរុស្ស៊ីបានលុកលុយទ្រង់ទ្រាយធំ នៅលើទឹកដីរបស់អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។

 ដោយឡែក រដ្ឋាភិបាលក្រុងមូស្គូ វិញ កាលពីដើមខែមីនា ឆ្នាំ២០២៤ បានបញ្ចេញខ្សែអាត់បែកធ្លាយមួយ ដែលក្រុមមន្ត្រីអាល្លឺម៉ង់ បានពិភាក្សាគ្នា អំពីការចែកចាយអាវុធដ៏មានសក្តានុពលរបស់ខ្លួន ជួយដល់ប្រទេសអ៊ុយក្រែន។

 ទាហានម្នាក់របស់អាល្លឺម៉ង់ ត្រូវបានចោទប្រកាន់ ថា គាត់បានទៅកាន់ស្ថានកុងស៊ុលរបស់រុស្ស៊ី នៅទីក្រុងបុន (Bonn) និង ស្ថានទូតរបស់រុស្ស៊ី នៅទីក្រុងប៊ែរឡាំង ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការជាច្រើនដង ចាប់តាំងពីខែឧសភា ឆ្នាំ២០២៣មក។ រដ្ឋអាជ្ញាអាល្លឺម៉ង់ បានបញ្ជាក់ ថា ទាហានរូបនោះ បានផ្តល់ជំនួយតាមគំនិតផ្តួចផ្តើមរបស់គាត់ទៅកាន់ក្រុមចារកម្មរបស់រុស្ស៊ី។ រីឯទាហានអាល្លឺម៉ង់ រូបនេះ ក៏ត្រូវបានឃុំខ្លួន តាំងពីខែសីហា ឆ្នាំ២០២៣រហូតមក៕