2024-02-26 06:02
91

រដ្ឋធានីកៀវ៖ ក្រុមមន្រ្ដីជំនាញធនគារពិភពលោក ក៏ដូចជាមន្រ្ដីរដ្ឋាភិបាលអ៊ុយក្រែន                 គណៈកម្មការអឺរ៉ុប និង មន្រ្ដីអង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណ អំពីការចំណាយថវិកា ជិត៥០០ពាន់លានដុល្លារ សម្រាប់ការសាងប្រទេសអ៊ុយក្រែន ឡើងវិញ ក្រោយការលុកលុយរបស់រុស្ស៊ី អស់រយៈពេល២ឆ្នាំនេះ។
    បើតាមធនាគារពិភពលោក បានឲ្យដឹង ថា ក្រោយសង្គ្រាមរបស់រុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន អស់រយៈពេល២ឆ្នាំមកនេះ  រដ្ឋាភិបាលអ៊ុយក្រែន  ធនាគារពិភពលោក គណៈកម្មការអឺរ៉ុប និង អង្គការសហប្រជាជាតិ បានបញ្ចេញការវាយតម្លៃ អំពីទំហំខូចខាត នៅក្នុងប្រទេសអ៊ុយក្រែន កាលពីពេលកន្លងទៅថ្មីៗនេះ ថា ប្រទេសអ៊ុយក្រែន នឹងត្រូវការថវិកា ចំនួន ៤៨៦ពាន់លានដុល្លារ សម្រាប់ការកសាងប្រទេសឡើងវិញ នៅក្នុងរយៈពេល១ទសវត្សរ៍បន្ទាប់។
   ដោយឡែក លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងទៅកាន់អ្នកកាសែត ថា សង្គ្រាម នៅក្នុងរយៈពេល២ឆ្នាំមកនេះ ទាហានអ៊ុយក្រែន បានស្លាប់ នៅក្នុងសង្គ្រាមនេះ ចំនួន ៣១ ០០០នាក់ ដោយគាត់បានច្រានចោល ចំពោះការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀពូទីន ថាអ៊ុយក្រែនស្លាប់ចន្លោះពី១៥០ ០០០នាក់ ទៅ៣០០ ០០០នាក់។
   ជាមួយគ្នានេះ អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើបណ្ដាញសង្គម ថា ទាហានរុស្ស៊ី បានបាត់បង់ជីវិត ៤១០ ៧០០នាក់ គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរាប់បញ្ចូលទាំងការស្លាប់ ចំនួន៨៨០នាក់ កាលពី២៤ម៉ោងមុនផងដែរ ៕