2024-03-02 10:03
91

(ហ្សឺណែវ)៖ ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា សហគមន៍អន្តរជាតិចាំបាច់ ត្រូវចាត់វិធានការចំគោលដៅ ដើម្បីរឹតត្បិតកុំឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅតែបន្តមានមធ្យោបាយទទួលបានសព្វាវុធ ឥន្ធនៈយន្តហោះ ព្រមទាំងរូបិយបណ្ណបរទេស ក្នុងបំណងទប់ស្កាត់មិនឱ្យរបបសឹកមី   យ៉ាន់ម៉ា ប្រើប្រាស់របស់ទាំងនេះ ទៅប្រព្រឹត្តអំពើឃោរឃៅប្រឆាំងប្រជាជនរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤។

លោក Volker Turk ឧត្តមស្នងការសិទ្ធិមនុស្សរបស់ UN បានថ្លែងប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស ដោយសំដៅលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវសាជាថ្មីម្តងទៀត ទៅកាន់សហគមន៍អន្តរជាតិ ដើម្បីឱ្យពួកគេផ្តោតថាមពលឡើងវិញ លើកិច្ចប្រឹងប្រែងទប់ស្កាត់អំពើឃោរឃៅប្រឆាំងប្រជាជន នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោក Turk បានសង្កត់ធ្ងន់ថា អន្តរជាតិត្រូវតែរួមគ្នាកាត់               ផ្តាច់លំហូរសព្វាវុធ ឥន្ធនៈយន្តហោះ និងរូបិយបណ្ណបរទេស ដែលរបបយោធាមីយ៉ាន់ម៉ាត្រូវការ និងបន្តទទួលបាន ដើម្បីយកទៅទ្រទ្រង់យុទ្ធនាការរបស់ខ្លួន នៃការបង្រ្កាបប្រជាជនស៉ីវិល។

គួរបញ្ជាក់ថា ប្រទេសអាស៊ានមួយនេះ បានធ្លាក់ទៅក្នុងភាពវឹកវរនិងវិបត្តិ ចាប់តាំងតែពីយោធា បានសម្រេចចិត្តធ្វើរដ្ឋប្រហារដណ្តើមអំណាច ពីរដ្ឋាភិបាលស៉ីវិល កាលពីខែកុម្ភៈ ឆ្នាំ២០២១។ ម៉្យាងវិញទៀត ជាច្រើនខែមកនេះ របបយោធាកំពុងបន្តប្រឈមបញ្ហាដ៏ធំ គឺការប្រយុទ្ធគ្នាជាមួយសម្ព័ន្ធក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច នៅពាសពេញតំបន់ព្រំដែន ហើយបានបាត់បង់ទឹកដីជាបន្តបន្ទាប់៕