2023-05-02 05:05
425

ក្រុងប៊ែរឡាំងៈ អធិការបតីអាល្លឺម៉ង់ នៅថ្ងៃនេះ បាននិយាយថា រដ្ឋាភិបាលអាល្លឺម៉ង់មិនអនុញ្ញាតឲ្យអ៊ុយក្រែន ប្រើប្រាស់អាវុធ ដែលជាជំនួយពីអាល្លឺម៉ង់នាពេលកន្លង បាញ់ប្រហារលើគោលដៅក្នុងទឹកដីរបស់រុស្ស៊ី ដើម្បីការពារការប៉ះទង្គិចដោយផ្ទាល់រវាងអង្គការណាតូ និងរដ្ឋាភិបាលទីក្រុងមូស្គូ។


អូឡាហ្វ សូល (Olaf Scholz) បានសង្កត់ធ្ងន់បែបនេះ ក្នុងពេលជួបជាមួយពលរដ្ឋអាល្លឺម៉ង ដោយលោកនិយាយថា រដ្ឋាភិបាលអាល្លឺម៉ង់កំពុងការពារខ្លួនចំពោះវិធានការឯកតោភាគីណាមួយ ពាក់ព័ន្ធនឹងការផ្តល់អាវុធដល់រដ្ឋាភិបាលអ៊ុយក្រែន ប៉ុន្តែរាល់សកម្មភាពយោធារបសើអ៊ុយក្រែន ត្រូវសម្របសម្រួលជាមួយសម្ព័ន្ធមិត្តលោកខាងលិច។ 
លោកបានបន្ថែមថា រដ្ឋាភិបាលទីក្រុងប៊ែកឡាំងមានបំណងប្រកាន់ខ្ជាប់នូវគោលនយោបាយនេះ នាពេលអនាគត ដើម្បីបញ្ចៀសជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី។
លោកអធិការបតី បាននិយាយដូច្នេះថា «វាមានសារៈសំខាន់សម្រាប់ពួកយើង ចំពោះអាវុធដែលយើងផ្គត់ផ្គង់ឲ្យអ៊ុយក្រែន ដើម្បីការពារខ្លួនតែប៉ុណ្ណោះ មិនត្រូវប្រើប្រាស់ក្នុងការវាយប្រហារលើទឹកដីរុស្ស៊ីនោះទេ»។លោក អូឡាហ្វ សូល បានសង្កត់ធ្ងន់ថា ខណៈពេលអាល្លឺម៉ង់ ជួយផ្តល់សព្វាវុធ រួមទាំងរថក្រោះប្រយុទ្ធដល់អ៊ុយក្រែន រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ក៏កំពុងចៀសវាងនូវការប្រឈមដាក់គ្នា ដែលអាចនាំឲ្យមានការប៉ះទង្គិចដោយផ្ទាល់រវាងអង្គការណាតូ និងរដ្ឋាភិបាលទីក្រុងមូស្គូ។
កាលពីខែមេសា ឆ្នាំ២០២៣ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ពីស្តូរៀស (Boris Pistorius) បានប្រកែកថា វាជារឿងធម្មតាសម្រាប់អ៊ុយក្រែន ក្នុងការវាយប្រហារចូលទៅក្នុងទឹកដីប្រទេសរុស្ស៊ី ដើម្បីផ្តាច់ផ្លូវផ្គត់ផ្គង់ផ្នែកយោធាផ្សេងទៀត។ 
លោករដ្ឋមន្ត្រីការពារ ក៏បានសង្កត់ធ្ងន់ថា អាវុធរបស់អាល្លឺម៉ង់មិនត្រូវប្រើដើម្បីវាយប្រហារលើជនស៊ីវិលឡើយ។


ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ តំបន់រុស្ស៊ី ស្ថិតនៅជាប់ព្រំដែនអ៊ុយក្រែនទាំងអស់ គឺជាគោលដៅនៃការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីល ជាច្រើនដងពីសំណាក់ទាហានអ៊ុយក្រែង ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និងតំបន់លំនៅឋាន ព្រមទាំងបណ្តាលឲ្យជនស៊ីវិលស្លាប់ និងរបួសជាច្រើននាក់។
ការវាយប្រហារឆ្លងព្រំដែនដ៏ខ្លាំងបំផុតមួយ បានកើតឡើងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ តាមរយៈការបាញ់ផ្លោងគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ លើភូមិមួយបណ្តាលឲ្យជនស៊ីវិលបួន នាក់ស្លាប់ និងពីរនាក់ផ្សេងទៀតរងរបួស។រដ្ឋាភិបាលទីក្រុងមូស្គូ បានព្រមានជាយូរមកហើយថា ខ្លួននឹងចាត់ទុកការប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ពីលោកខាងលិច ដល់អ៊ុយក្រែន ធ្វើសកម្មភាពវាយប្រហារទៅក្នុងទឹកដីរុស្ស៊ី គឺជាបន្ទាត់ក្រហម ហើយរុស្ស៊ីចាត់ទុកថា វិបត្តិនៅអ៊ុយក្រែន គឺពិតជាសង្គ្រាមអាយ៉ងបែបថ្មីបង្កើតឡើងដោយអង្គការណាតូ។
យោងតាមរដ្ឋាភិបាលទីក្រុងមូស្គូ ជំនួយសព្វាវុធដល់រដ្ឋាភិបាលទីក្រុងគៀវ ពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងសម្ព័ន្ធមិត្តណាតូ រួមទាំងការផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវ ការហ្វឹកហ្វឺនដល់កងទ័ពអ៊ុយក្រែន និងការចែករំលែកព័ត៌មានសម្ងាត់ បានធ្វើឲ្យប្រទេសទាំងនោះក្លាយជាភាគីជម្លោះដោយផ្ទាល់ជាមួយប្រទេសរុស្ស៊ី។
កាលពីដើមខែមករា ឆ្នាំ២០២៣ ប្រទេសអាល្លឺម៉ង់បានសម្រេចផ្តល់ជំនួយជាសព្វាវុធទំនើបៗថែមទៀត ឲ្យទៅប្រទេសអ៊ុយក្រែន ដូចជារថពាសដែក និងមីស៊ីលខែលការពារដែនអាកាស ដើម្បីបង្កើនសមត្ថភាពយោធាអ៊ុយក្រែន ក្នុងការច្បាំងទប់ទល់ជាមួយរុស្ស៊ី។
សព្វាវុធទាំងនេះ គឺជាជំនួយរួមគ្នារបស់អាល្លឺម៉ង់ និងអាមេរិក បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល បានពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បាយដិន (Joe Biden) នាពេលកន្លងមកថ្មីៗនេះ។


កាលពីចុងខែធ្នូ សហរដ្ឋអាមេរិក បានប្រកាសផ្តល់មីស៊ីលខែលការពារដែនអាកាសដល់អ៊ុយក្រែន។  ចំណែកប្រទេសអាល្លឺម៉ង់ ក៏នឹងចូលរួមជាមួយសហរដ្ឋអាមេរិកផងដែរ ក្នុងការផ្តល់ខែលការពារដែនអាកាសបន្ថែម ដល់ប្រទេសអ៊ុយក្រែន ព្រមទាំងផ្តល់រថពាសដែក ខណៈអាល្លឺម៉ង់នឹងផ្តល់រថពាសដែកធុនស្រាលឲ្យអ៊ុយក្រែនដែរ ដើម្បីទប់ទល់នឹងទាហានរុស្ស៊ី។
ការសម្រេចចិត្តរបស់អាល្លឺម៉ង់ក្នុងការផ្តល់រថពាសដែកនេះ បានកើតឡើងបន្ទាប់ពីបារាំងបាននិយាយថា ខ្លួននឹងជួបពិភាក្សាក្នុងពេលឆាប់ៗនេះ ជាមួយអ៊ុយក្រែន ដើម្បីរៀបចំការដឹកជញ្ជូនរថពាសដែកទៅឲ្យអ៊ុយក្រែន។
សូមរំឭកថា កន្លងមកថ្មីៗនេះ ប្រទេសអាល្លឺម៉ង់ បានផ្តល់ជំនួយយោធាជាច្រើនដល់ប្រទេសអ៊ុយក្រែន រួមទាំងមីស៊ីលប្រឆាំងយន្តហោះ និងប្រព័ន្ធមីស៊ីខែលការពារដែនអាកាសផងដែរ។
សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាមានតម្លៃជាទឹកប្រាក់សរុបជិត៣០០០លានដុល្លារ ដល់អ៊ុយក្រែន ដែលជាកញ្ចប់ជំនួយសម្ភារៈយោធាដ៏ធំសម្បើម ដែលមន្ទីរបញ្ចកោណបានដឹកចេញពីឃ្លាំងឲ្យទៅអ៊ុយក្រែន ដើម្បីជួយកងទ័ពអ៊ុយក្រែន បង្កើនសមត្ថភាពប្រយុទ្ធតទល់ជាមួយរុស្ស៊ី៕