2023-10-18 10:10
395

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារថា ខ្មាន់កាំភ្លើងម្នាក់ ដែលត្រូវបានគេសង្ស័យថាបានសម្លាប់ជនជាតិស៊ុយអែតពីរនាក់នៅក្នុងការវាយប្រហារភេរវកម្ម នៅទីក្រុងប្រ៊ុចសែល ត្រូវបានប៉ូលិសបាញ់សម្លាប់ ដែលនាំឱ្យបញ្ចប់ការតាមប្រមាញ់ពេញមួយយប់។

ទូរទស្សន៍ RTBF បានរាយការណ៍ថា ជនសង្ស័យដែលមិនស្គាល់អត្តសញ្ញាណនោះ ត្រូវបានប៉ូលិសបាញ់ចំដើមទ្រូង ដោយប៉ូលិសនៅ Schaerbeek ភាគឦសាននៃរដ្ឋធានី ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ RTBF បាននិយាយដោយដកស្រង់សម្តីរដ្ឋមន្ត្រីមហាផ្ទៃ Annelies Verlinden ថាគាត់កំពុងស្ថិតក្នុងការមើល និងតាមស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុត។

ការវាយប្រហារដ៏សាហាវរបស់ខ្មាន់កាំភ្លើងដែលបានប្រព្រឹត្តកាលពីយប់ថ្ងៃចន្ទ បានកើតឡើងនៅពេលដែលបែលហ្ស៊ិកធ្វើជាម្ចាស់ផ្ទះស៊ុយអែតក្នុងការប្រកួតបាល់ទាត់វគ្គជម្រុះ Euro 2024 នៅកីឡដ្ឋាន King Baudouin ចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីទីប្រជុំជនប្រ៊ុចសែល ដោយបង្ខំឱ្យការប្រកួតត្រូវបោះបង់ចោលនៅពាក់កណ្តាលតង់។

នៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បុរសម្នាក់ដែលកំណត់អត្តសញ្ញាណខ្លួនឯងថា ជាខ្មាន់កាំភ្លើងបានអះអាងថា ខ្លួនត្រូវបានបំផុសគំនិតដោយរដ្ឋអ៊ីស្លាម។
អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាសហព័ន្ធរបស់ប្រទេសបែលហ្ស៊ិក បាននិយាយថា សញ្ជាតិស៊ុយអែត របស់ជនរងគ្រោះត្រូវបានលើកឡើងថា ជាការលើកទឹកចិត្តសម្រាប់ទង្វើ។ នៅដំណាក់កាលនេះ មិនមានការចង្អុលបង្ហាញអំពីទំនាក់ទំនងដ៏មានសក្តានុពលជាមួយស្ថានភាពអ៊ីស្រាអែល និងប៉ាឡេស្ទីននោះទេ។ ផ្អែកលើការពិត និងការអះអាងនេះ វិធានការសន្តិសុខត្រូវបានចាត់វិធានការជាបន្ទាន់ ដើម្បីការពារអ្នកគាំទ្រស៊ុយអែត តាមដែលអាចធ្វើទៅបាន។ នេះបើតាមអ្នកនាំពាក្យ Eric Van Duyse បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ។

ការបាញ់ប្រហារដ៏សាហាវនេះកើតឡើងបន្ទាប់ពីការផ្ទុះការតវ៉ាដ៏ដុតរោលរបស់គម្ពីគូរ៉ា នៅក្នុងប្រទេសស៊ុយអែត និងដាណឺម៉ាក ដែលបានបណ្តាលឱ្យមានបាតុកម្មខឹងសម្បារនៅក្នុងប្រទេសដែលភាគច្រើនជាមូស្លីម បង្កើនការភ័យខ្លាចផ្នែកសន្តិសុខ និងបានធ្វើឱ្យប្រទេសស្កាតឌីណាវៀទាំងពីរមានសំណួរថា តើពួកគេត្រូវការពិនិត្យឡើងវិញនូវច្បាប់សេរីរបស់ពួកគេស្តីពីសេរីភាពក្នុងការនិយាយដែរឬទេ? អាជ្ញាធរបែលហ្ស៊ិកបានថ្កោលទោសការវាយប្រហារនេះ។

រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិក Hadja Lahbib បានបង្ហោះទៅកាន់បណ្តាញសង្គម X ដែលពីមុនគេស្គាល់ថាជា Twitter «មធ្យោបាយចាំបាច់ទាំងអស់ត្រូវតែត្រូវបានប្រមូលផ្តុំ ដើម្បីប្រយុទ្ធប្រឆាំងនឹងលទ្ធិរ៉ាឌីកាល់និយម។ គំនិតរបស់យើងចេញទៅកាន់ជនរងគ្រោះ គ្រួសាររបស់ពួកគេ និងកម្លាំងប៉ូលិសរបស់យើង»។

ប្រទេសស៊ុយអែត និងដាណឺម៉ាកពិចារណាការហាមឃាត់លើការតវ៉ាដុតគម្ពីគូរ៉ា ខណៈដែលការភ័យខ្លាចផ្នែកសន្តិសុខកើនឡើងបន្ទាប់ពីការវាយប្រហារ កម្រិតនៃការគំរាមកំហែងភេរវកម្មសម្រាប់ទីក្រុងព្រុចសែលត្រូវបានកើនឡើងដល់៤ ដែលជាកម្រិតខ្ពស់បំផុត។ 

ក្រសួងមហាផ្ទៃបារាំងបានប្រាប់ CNN ថាខ្លួនបាន ពង្រឹងការត្រួតពិនិត្យនៅព្រំដែន Franco-Belgian ។
ប៉ូលីសបានស្ថិតនៅតាមដងផ្លូវនៃទីក្រុងព្រុចសែល ដើម្បីធានាសុវត្ថិភាព អភិបាលក្រុង Philippe Close បានបង្ហោះនៅលើ X លោក Close បាននិយាយថា «បន្ទាប់ពីការបាញ់ប្រហារនៅទីក្រុងប្រ៊ុចសែល សេវាកម្មប៉ូលីសកំពុងប្រមូលផ្តុំដើម្បីធានាសុវត្ថិភាពនៅក្នុង និងជុំវិញរដ្ឋធានីរបស់យើង ដោយសហការជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ"។ "ខ្ញុំនៅមជ្ឈមណ្ឌលវិបត្តិ... ដើម្បីធានាការសម្របសម្រួល»។

នៅក្នុងការប្រកាសនៅលើ X នាយករដ្ឋមន្ត្រីបែលហ្ស៊ិក Alexander De Croo បានផ្តល់ ការរំលែកទុក្ខយ៉ាងជ្រាលជ្រៅដល់សាច់ញាតិនៃការវាយប្រហារដ៏កំសាកនេះ។ 
នាយករដ្ឋមន្ត្រីបែលហ្ស៊ិក Alexander De Croo៖ «ខ្ញុំកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ រួមជាមួយនឹងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងកិច្ចការផ្ទៃក្នុងពី [មជ្ឈមណ្ឌលវិបត្តិបែលហ្ស៊ិក]។ យើងកំពុងតាមដានស្ថានការណ៍ ហើយស្នើឲ្យប្រជាជនក្រុងប្រ៊ុចសែលមានការប្រុងប្រយ័ត្ន»។

មជ្ឈមណ្ឌលវិបត្តិរបស់ប្រទេសក៏បានបង្ហោះទៅកាន់ X ដោយសុំឱ្យមនុស្សកុំចែករំលែករូបភាព ឬវីដេអូនៃឧបទ្ទវហេតុនេះដោយការគោរពសម្រាប់ជនរងគ្រោះផងដែរ៕