2024-05-13 03:05
246

រដ្ឋធានីមូស្គូ៖ ស្របពេលរដ្ឋាភិបាលក្រុងមូស្គូ កំពុងតែជាប់ផុងយ៉ាងជ្រៅ នៅក្នុងសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ ឥឡូវ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានដកហូតមុខតំណែងរដ្ឋមន្រ្ដីក្រសួងការពារជាតិ ចេញពីលោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) ដែលជាមិត្តភក្ដិដ៏ជិតស្និទ្ធរបស់គាត់ ហើយសកម្មភាពបែបនេះ កំពុងតែបង្ហាញ អំពីការរង្គោះរង្គើដ៏ធំមួយ នៅក្នុងចំណោមថ្នាក់ដឹកនាំយោធារបស់ប្រទេសមហាអំណាចយោធាមួយនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤។
បើតាមបញ្ជីតែងតាំងថ្នាក់រដ្ឋមន្ត្រី ត្រូវបានចេញផ្សាយ ដោយក្រុមប្រឹក្សាសហព័ន្ធន៍ ដែលជាសភាជាន់ខ្ពស់របស់រុស្ស៊ី បានឲ្យដឹង ថា លោកប្រធានាធិបតី ពូទីន បានដាក់សេដ្ឋវិទូ លោក អេឌ្រេ បែលូសូវ (Andrey Belousov) ជាអ្នកមកស្នងតំណែងរបស់លោក សយហ្គូ។ ស្របគ្នានេះដែរ លោកប្រធានាធិបតី ក៏បានចេញក្រឹត្យមួយ តែងតាំងលោក សយហ្គូ ជាលេខាធិការក្រុមប្រឹក្សាសន្តិសុខ ជំនួសលោក នីកូឡៃ ផាទ្រូសេវ (Nikolai Patrushev) ដែលជាភក្ដិមិត្តដ៏ជិតស្និទ្ធយូរអង្វែងរបស់គាត់។
ប្រព័ន្ធផ្សព្វផ្សាយ គ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានដកស្រង់សម្តីរបស់អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានបញ្ជាក់ ថា លោក សយហ្គូ នឹងនៅតែបន្តធ្វើការ នៅក្នុងវិស័យការពារជាតិដដែល ព្រោះគាត់បានដឹងយ៉ាងច្បាស់លាស់ អំពីវិស័យនេះ។ គាត់ដឹងយ៉ាងច្បាស់ អំពីកិច្ចខាងក្នុង រួមជាមួយនឹងសហការី និង ដៃគូរបស់គាត់ នៅកន្លែងធ្វើការពីមុនរបស់គាត់។
លោក ពូទីន ត្រូវបានធ្វើការតម្រូវតាមរដ្ឋធម្មនុញ្ញ ដើម្បីដាក់ឈ្មោះក្រុមរដ្ឋមន្ត្រីរដ្ឋាភិបាលថ្មី ឬ តែងតាំងអ្នកដែលមានស្រាប់ឡើងវិញ បន្ទាប់ពីគាត់បានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោត កាលពីខែមីនា ឆ្នាំ២០២៤ ដោយគ្មានក្រុមប្រឆាំង។ រីឯក្រុមអ្នកតាក់តែងច្បាប់ នៅក្នុងសភាកៅស៊ូរបស់រុស្ស៊ី ចាំបាច់ត្រូវតែអនុម័តនូវការតែងតាំងប្រធានាធិបតី ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤។
ការរុះរើសតំណែងទ្រង់ទ្រាយធំ នៅក្នុងរដ្ឋាភិបាលរុស្ស៊ី បានកើតឡើង ស្របពេលកម្លាំងទាហានរុស្ស៊ី កំពុងតែវាយលុក នៅលើសមរភូមិជាលើកដំបូង នៅក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ។ លោក សយហ្គូ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី នៅក្នុងអំឡុងឆ្នាំ២០១២។
បើទោះជាមានការបរាជ័យផ្នែកយោធាជាច្រើន សម្រាប់រុស្ស៊ី ដោយរួមទាំងបរាជ័យ នៅក្នុងការដណ្តើមយករដ្ឋធានីកៀវ (Kyiv) របស់ប្រទេសអ៊ុយក្រែន និង ការដកថយកម្លាំងទាហាន ចេញពីភាគឦសាន នៃ ទីក្រុងខាគីវ (Kharkiv) និង តំបន់ឃើរសុន (Kherson) នាភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន យ៉ាងណាក៏ដោយ ក៏លោកប្រធានាធិបតី ពូទីន នៅតែបន្ដគាំទ្រតំណែងរបស់លោក សយហ្គូ រហូតមកដល់បច្ចុប្បន្ននេះដែរ។ បញ្ហាទាំងនេះ ក៏រាប់បញ្ចូលទាំងប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) បានចាប់ផ្តើមនូវការបះបោរ កាលពីឆ្នាំ២០២៣ ដោយអំពាវនាវឱ្យលោកប្រធានាធិបតី ពូទីន ដកលោក សយហ្គូ ចេញពីតំណែងរដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី។
ដោយឡែក លោក បែលូសូវ នឹងត្រូវតែងតាំងជារដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី ជំនួសលោក សយហ្គូ នោះ គឺមិនមានប្រវត្ដិខាងយោធានោះឡើយ។ ប៉ុន្ដែគាត់ធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតមួយរូបរបស់លោកប្រធានាធិបតី ពូទីន នៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ៕