2024-04-04 12:04
63

ទីក្រុងប្រ៊ុសសែលស៍៖ ស្របពេលលោក ជេនស៍ ស្ដូលថែនប៊ឺគ អគ្គលេខាធិការ អង្គការណាតូ  ជិតដល់ពេលផុតអាណត្ដិរបស់គាត់ ខណៈកំពុងតែមានការព្រួយបារម្ភអំពីការគំរាមកំហែងមកពីប្រទេសរុស្ស៊ី ផងនោះ អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់លោកខាងលិចមួយនេះ ក៏កំពុងតែចាប់ផ្ដើមជ្រើសរើសអ្នកដឹកនាំបន្ទាប់របស់ខ្លួន ប៉ុន្ដែសហរដ្ឋអាមេរិក និង បណ្ដារដ្ឋនៅតំបន់សមុទ្របាល់ទិក បានជំទាស់នឹងប្រធានាធិបតីរ៉ូម៉ានី ឈរជាបេក្ខភាពប្រធានរបស់អង្គការនេះ។
សារព័ត៌មាន Romania Insider បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤ ថា ក្រោយពេលប្រទេសលីទុយអានី និង អេស្ដូនី កាលពីថ្ងៃទី២ ខែមេសា បានបង្ហាញនូវការគាំទ្រដល់នាយករដ្ឋមន្រ្ដីហូល្លង់ដ៍ លោក ម៉ាក រូតតេ (Mark Rutte) ក្លាយជាអគ្គលេខាធិការបន្ទាប់របស់អង្គការណាតូ នោះមក ឥឡូវនេះ មានប្រទេសចំនួន២៨ នៅក្នុងចំណោមរដ្ឋជាសមាជិកទាំង៣២របស់អង្គការសម្ពន្ធមិត្តយោធាមួយនេះ បានគាំទ្រដល់បេក្ខភាពរបស់គាត់ នៅក្នុងការធ្វើជាប្រធានថ្មី។ បេក្ខភាពរបស់ហូល្លង់ដ៍ រូបនេះ ពិតជាសកម្មណាស់ នៅក្នុងការបង្ហាញ អំពីការប្តេជ្ញាចិត្តរបស់ប្រទេសគាត់ ចំពោះបណ្ដាប្រទេសភាគខាងកើត នៃសម្ពន្ធភាពនេះ រួមទាំងការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ទៅកាន់ប្រទេសលីទុយអានី ផងដែរ។

ស្របគ្នានេះដែរ លោក ក្លូស ឡូហាន់នីស (Klaus Iohannis) ប្រធានាធិបតីរ៉ូម៉ានី ក៏បានប្រកាស អំពីបេក្ខភាពជាប្រធានអង្គការណាតូ ផងដែរ។ បើទោះជាយ៉ាងណា លោកស្រី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការណាតូ កាលពីថ្ងៃអង្គារ ទី២ ខែមេសា បានបញ្ជាក់ជាថ្មី ថា សហរដ្ឋអាមេរិក បានគាំទ្រដល់លោក រូតតេ ហើយក៏បានជូនពរដល់លោកប្រធានាធិបតី ឡូហាន់នីស  ឱ្យទទួលបានជោគជ័យផងដែរ។

លោកស្រី ជូលៀនណេ ស្មីត (Julianne Smith) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការណាតូ បានសង្កត់ធ្ងន់ ថា «ខ្ញុំគិត ថា អស់លោកទាំងអស់គ្នា ពិតជាបានដឹងអំពីគោលជំហររបស់សហរដ្ឋអាមេរិក ថា យើងគាំទ្រយ៉ាងពេញទំហឹង ចំពោះលោក ម៉ាក រូតតេ ជាអគ្គលេខាធិការបន្ទាប់របស់អង្គការណាតូ។ ប៉ុន្ដែយើងនៅតែមានការគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក ប្រធានាធិបតី ឡូហាន់នីស ជាមិត្តរបស់យើងផងដែរ ហើយយើងដឹងគុណដល់គាត់ ដែលប្រកាសឈរជាបេក្ខជន និង សូមជូនពរគាត់ឱ្យជោគជ័យ ខណៈយើងបន្តពិភាក្សាបញ្ហានេះនៅទូទាំងសម្ពន្ធមិត្ត។

លីទុយអានី បានបញ្ជាក់ ថា ខ្លួននឹងគាំទ្រដល់បេក្ខភាពមេដឹកនាំហូល្លង់ដ៍ នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក រូតតេ ជាមួយនឹងប្រធានាធិបតីលីទុយអានី លោក ហ្គីតាណាស ណូសេដា (Gitanas Nauseda) ។ ប្រមុខរដ្ឋលីទុយអានី បានបញ្ជាក់ ថា លោក រូតតេ ជាអ្នកនយោបាយមួយរូប ដែលបានទទួលស្គាល់ អំពីការគំរាមកំហែងរបស់រុស្ស៊ី។

លោក ម៉ាក រូតតេ បានបញ្ជាក់ កាលពីថ្ងៃទី២ ខែមេសា ថា ហូល្លង់ដ៍ នឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ជាអចិន្រ្ដៃយ៍ ទៅកាន់ប្រទេសលីទុយអានី ចំពេលបណ្ដារដ្ឋនៅបាល់ទិក ស្វែងរកសម្ពន្ធមិត្តណាតូ បង្កើនសមត្ថភាពការពារដែនអាកាស ទៅកាន់តំបន់នោះ៕