2024-05-07 02:05
208

រដ្ឋធានីប៉េកាំង៖ យុវជនជាជនជាតិចិនម្នាក់ ទើបនឹងមានអាយុ២១ឆ្នាំ បានទំនាក់ទំនងស្នេហាជាមួយនឹងនារីម្នាក់ តាមបណ្ដាញទំនាក់ទំនងសង្គម រហូតធ្វើឲ្យចិត្តរបស់គេដកចេញមិនរួច លុះពេលប្រគល់លុយកាក់ឲ្យយ៉ាងច្រើនរួចហើយ បែរជាសង្សារគេចកែចង់ដោះដៃ រហូតធ្វើឲ្យគេខកបំណងយ៉ាងខ្លាំង ទើបសម្រេចបញ្ចប់ជីវិត ហើយរឿងរ៉ាវស្នេហាបោកប្រាស់នេះ បាននាំឲ្យមានការជជែកវែកញែកកក្រើកបណ្ដាញសង្គម នៅក្នុងប្រទេសចិន។

បណ្ដាញផ្សព្វផ្សាយធំៗជាច្រើន នៅក្នុងប្រទេសចិន បានរាយការណ៍ កាលពេលថ្មីៗនេះ ថា ជនរងគ្រោះ មានឈ្មោះក្រៅ Fat Cat អាយុ២១ឆ្នាំ ជាអ្នកលេងហ្គេមតាមអ៊ិនធើរណេតដ៏ល្បីល្បាញមួយរូប ហើយគាត់អាចរកបានប្រាក់ចំណូល រហូតដល់៣ម៉ឺនដុល្លារ នៅក្នុងមួយឆ្នាំ។ លុះពេលគាត់លេងបណ្ដាញសង្គម អស់រយៈពេលជាយូរមក គាត់បានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយនឹងនារីម្នាក់ មានអាយុ២៧ឆ្នាំ រហូតធ្វើឲ្យគេចងចិត្តប្រតិព័ទ្ធយ៉ាងខ្លាំង ទៅលើនាងជាសង្សារ។

បើទោះជាពួកគេទាំង២នាក់ បានជួបគ្នាតែ២ដងគាត់ ប៉ុន្ដែយុវជនរូបនេះបានដាក់ចិត្តដាក់កាយយ៉ាងខ្លាំង ស្រឡាញ់នាងជាសង្សារ ដោយស្មោះស្ម័គ្រ។ ការទំនាក់ទំនងស្នេហា រវាងយុវជន Fat Cat  និង នាង Tan Zhu បានកន្លងផុតទៅអស់រយៈពេល២ឆ្នាំ ហើយព្រោះតែសេចក្ដីស្រឡាញ់ ទើបគេហ៊ានលះបង់អ្វីៗគ្រប់យ៉ាង សម្រាប់មនុស្សជាទីស្រឡាញ់។

ដោយឡែក នារីជាសង័្សយវិញ មិនបានខ្វល់ខ្វាយ ទៅលើយុវជនជាសង្សាររបស់ខ្លួននោះឡើយ  ហើយគិតតែពីការចង់បានលុយពីយុវជនរងគ្រោះ ព្រោះនាងបានដឹង ថា យុវជនអភ័ព្វរូបនេះ រកបានប្រាក់ចំណូលច្រើន ទើបនាងទាក់ទងមករក។ រីឯយុវជកម្សត់នេះ ព្រោះតែក្ដីស្រឡាញ់ទៅលើសង្សារខ្លាំងពេក ទើបហ៊ានចំណាយគ្រប់បែបយ៉ាង សម្រាប់នាង ដោយមិនហ៊ានទាំងការហូបឆ្ងាញ់មាត់ឯងផង។

លើសពីនេះទៅទៀត នារីជាសង្សារ ចង់បានហាងលក់ផ្កា និង ផ្ទះ ក៏ជនរងគ្រោះធ្វើតាមបំណងរបស់នាង ដោយគិត ថា នាងនឹងក្លាយជាអនាគតរបស់ខ្លួន។ លុះក្រោយមក ខណៈជិតដល់ថ្ងៃរៀបការទៅហើយ បែរជានាងរកលេសមិនឈប់ និង មិនចង់រៀបការ  ទើបធ្វើឲ្យយុវជនរូបនេះ ដឹងច្បាស់ អំពីចរិតរបស់សង្សារ មិនស្រឡាញ់ខ្លួនដោយស្មោះនៅឡើយ។

ដោយសារតែយុវជនកម្សត់ បានខកបំណងនឹងសេ្នហាបោកប្រាស់បែបនេះ ទើបគេបានសម្រេចចិត្តបញ្ចប់ជីវិត ដោយការលោតទឹកសម្លាប់ខ្លួន។ ប៉ុន្តែអ្វីដែលនឹកស្មើមិនដល់នោះ គឺនៅដង្ហើមចុងក្រោយរបស់ជនរងគ្រោះវ័យក្មេងរូបនេះ បានផ្ទេរប្រាក់ជាច្រើន ជូនទៅកាន់នាង ជាលើកចុងក្រោយ ហើយថែមទាំងពោលពាក្យ ថា ជាតិក្រោយមិនចង់ញ៉ាំបន្លែទៀតទេ គាត់ចង់ញ៉ាំប៊ឺហ្គ័រ។

ក្រោយពេលយុវជនរងគ្រោះ បានបាត់បង់ជីវិតទៅ ទើបរឿងរ៉ាវមួយនេះ បានលេចឮឡើង រហូតនាំឲ្យមានការជជែកវែកញែកកក្រើកបណ្ដាញសង្គម ហើយមនុស្សម្នាជាច្រើន ដែលបានដឹងព័ត៌មាននេះ ក៏បាននាំគ្នីគ្នា ទិញចំណីចំណុក និង ម្ហូបអាហារជាច្រើន ទៅដាក់នៅលើស្ពាននោះ ដើម្បីចូលរូមរំលែកទុក្ខទៅដល់វិញ្ញាណក្ខន្ធរបស់យុវជនរូបនេះ។