2024-05-07 05:05
209

រដ្ឋធានីណៃពិដោរ៖ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ ក្រុមចលនាតស៊ូប្រដាប់អាវុធជនជាតិភាគតិច បានបង្កើនការវាយប្រហាររាលដាល នៅពាសពេញទីក្រុងចំនួន១៥ នៅក្នុងចំណោមទីក្រុងទាំង១៧របស់រដ្ឋរ៉ាឃីន (Rakhine ) ដែលស្ថិតនៅតាមតំបន់ឆ្នេរសមុទ្ររបស់ប្រទេសមីយ៉ាន់ម៉ា ហើយឥឡូវ ក៏មានសេចក្ដីរាយការណ៍ជាថ្មី អំពីក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច នៅក្នុងរដ្ឋមួយនេះ បានដណ្ដើមកាន់កាប់ទីបញ្ជាការយោធាមួយកន្លែង និង មនុស្សរាប់រយនាក់ ពីពន្ធនាគារ នៃរបបសឹកមីយ៉ាន់ម៉ា។

ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ ថា ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា បានបញ្ជាក់ កាលពីថ្ងៃចន្ទ (ទី៦ ខែឧសភា) ថា កងទ័ពអារ៉ាកាន់ បានដណ្ដើមកាន់កាប់ទីបញ្ជាការយោធាមួយ និង ចាប់មនុស្សរាប់រយនាក់ ពីពន្ធនាការរបស់រដ្ឋាភិបាលយោធា នៅភាគខាងលិច រដ្ឋរ៉ាឃីន នៅក្នុងការវាយប្រហារចុងក្រោយបំផុត ទៅលើពួកយោធា។

ការប៉ះទង្គិចគ្នានេះ បានធ្វើឱ្យកក្រើករដ្ឋរ៉ាឃីន ចាប់តាំងពីកងទ័ពអារ៉ាកាន់ (Arakan Army) ហៅកាត់ AA បានវាយប្រហារទៅលើកងកម្លាំងសន្តិសុខរបស់របបសឹក កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានបញ្ចប់បទឈប់បាញ់ ដែលបានធ្វើឡើងយ៉ាងទូលំទូលាយ ចាប់តាំងពីរដ្ឋប្រហារយោធា ឆ្នាំ២០២១ រហូតមក។ បើទោះជាយ៉ាងណា រហូតមកដល់ពេលនេះ កងទ័ពរបបយោធាមីយ៉ាន់ម៉ា នៅតែបន្ដគ្រប់គ្រងទីក្រុងស៊ីតត្វេ (Sittwe) ដែលជាទីក្រុងធំបំផុតរបស់រដ្ឋរ៉ាឃីន ប៉ុន្ដែកងទ័ពអារ៉ាកាន់ បានរឹបអូសដែនដី នៅតាមស្រុក នៅជុំវិញ ដោយរាប់បញ្ជូលទាំងមូលដ្ឋានយោធាជាច្រើនកន្លែង នៅតាមព្រំដែនជាប់ជាមួយឥណ្ឌា និង បង់ក្លាដែស ផងដែរ។

កងទ័ពជនជាតិភាគតិច អារ៉ាកាន់ បានចេញផ្សាយនូវឃ្លីបវីដេអូមួយ នៅលើបណ្ដាញផ្សព្វផ្សាយរបស់ខ្លួន ថា កងទ័ពអារ៉ាកាន់ បានដណ្ដើមកាន់កាប់ទីបញ្ជាការប្រតិបត្ដិការយោធា លេខ១៥ (MOC 15) នៅជិតទីក្រុងប៊ូធីដួង ( Buthidaung) មានចម្ងាយប្រហែល៩០គីឡូម៉ែត្រ ពីទីក្រុងធំ Sittwe នៃរដ្ឋរ៉ាឃីន។ រីឯឃ្លីបវីដេអូនោះ ក៏បានបង្ហាញពីមនុស្ស ប្រហែល ២០០នាក់ កំពុងតែអង្គុយជាជួរ នៅក្នុងកន្លែងស្អាតមួយ ខណៈបុរសៗស្ថិតក្នុងឯកសណ្ឋានយោធា និង កាន់កាំភ្លើង កំពុងតែមើលពួកគេ។

កងទ័ពអារ៉ាកាន់ AA ជាក្រុមជនជាតិភាគតិចមួយ ក្នុងចំនោមក្រុមជនជាតិភាគតិចប្រដាប់អាវុធជាច្រើនទៀត នៅក្នុងតំបន់ព្រំដែន នៃប្រទេសមីយ៉ាន់ម៉ា ហើយពួកគេ ភាគច្រើនបានប្រយុទ្ធ ជាមួយរបបយោធា ចាប់តាំងពីប្រទេសមីយ៉ាន់ម៉ា ទទួលបានឯករាជ្យ ពីចក្រភពអង់គ្លេស នៅក្នុងឆ្នាំ១៩៤៨ ដោយគ្រប់គ្រងលើស្វ័យភាព និង ការគ្រប់គ្រងធនធានដ៏កម្រៃ នៅក្នុងតំបន់របស់ពួកគេ។

កងទ័ពអារ៉ាកាន់ បានអះអាង ថា ពួកគេប្រយុទ្ធ ដើម្បីស្វ័យភាព សម្រាប់ប្រជាជនរបស់ជនជាតិជាតិភាគតិច នៅរដ្ឋរ៉ាឃីន។  ការប៉ះទង្គិចគ្នា នៅឆ្នាំ២០១៩ រវាងកងទ័ពអារ៉ាកាន់ និង កម្លាំងរដ្ឋាភិបាល បានធ្វើឱ្យប្រជាជននៅតំបន់នោះ ប្រហែល ២00 000 នាក់ ត្រូវបានបំផ្លាស់ទីលំនៅ។

កម្លាំងយោធារបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា កាលពីអំឡុងឆ្នាំ២០១៧ បានបង្រ្កាបយ៉ាងឃោរឃៅទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋមួយនេះ ខណៈឥឡូវ កំពុងតែក្លាយជាដើមចម នៃសំណុំរឿងប្រល័យពូជសាសន៍ នៅឯអង្គការសហប្រជាជាតិ។ រីឯប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ កាលពីខែមេសា ឆ្នាំ២០២៤  ថា ចាប់តាំងពីការផ្ទុះឡើងសង្គ្រាម កាលពីខែខែវិច្ឆិកា ឆ្នាំ២០២៣រហូមក ការវាយប្រយុទ្ធគ្នា បានរីករាលដាលដល់ទីក្រុងចំនួន១៥ នៅក្នុងចំណោមទីក្រុងទាំង១៧ របស់រដ្ឋរ៉ាឃីន។ ការប្រយុទ្ធគ្នានេះ បានធ្វើឲ្យមនុស្សរាប់រយនាក់ បានស្លាប់ ឬ រងរបួស ហើយជាង ៣00 000 នាក់ផ្សេងទៀត រត់ចោលផ្ទះសម្បែង៕