2024-04-03 01:04
63

ទីក្រុងប៊្រុចសែលស៍៖ ស្របពេលខួបគម្រប់៧៥ឆ្នាំ នៃការបង្កើតអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ នឹងមកដល់ នៅថ្ងៃទី៤ ខែមេសា នោះ ក្រុមរដ្ឋមន្រ្ដីការបរទេសរបស់អង្គការសម្ពន្ធមិត្តយោធាមួយនេះ ក៏កំពុងតែបើកកិច្ចពិភាក្សាគ្នា អំពីកញ្ចប់ជំនួយយោធា មានទំហំទឹកប្រាក់ ១០០ពាន់លានអឺរ៉ូ ឬស្មើនឹងប្រហែល១០៨ពាន់លានដុល្លារអាមេរិក សម្រាប់ផ្ដល់មូលនិធិយោធា ជួយដល់ប្រទេសអ៊ុយក្រែន។

 បណ្ដាញទូរទស្សន៍របស់អាល្លឺម៉ង់ DW បានផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ ថា លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ អង្គការណាតូ ត្រូវបានគេរាយការណ៍ អំពីការលើកឡើង អំពីកញ្ចប់ថវិកា មានទំហំទឹកប្រាក់ ១០០ពាន់លានអឹរ៉ូ (លុយអឺរ៉ុប) ខណៈក្រុមរដ្ឋមន្រ្ដីក្រសួងការបរទេសរបស់រដ្ឋ ជាសមាជិក កំពុងតែជួបពិភាក្សាគ្នា នៅក្នុងទីក្រុងប៊្រុសសែលស៍ (Brussels) ប្រទេសប៊ែលហ្ស៊ិក។

 បើតាមក្រុមអ្នកការទូតជាច្រើន បានឲ្យដឹង ថា លោកប្រមុខអង្គការណាតូ រូបនេះ បានស្នើជំនួយគាំទ្រយោធា សម្រាប់ប្រទេសអ៊ុយក្រែន មានទំហំទឹកប្រាក់ ១០០ពាន់លានអឺរ៉ូ ឬស្មើនឹង ១០៨ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំបន្ទាប់មក។ រីឯគោលបំណងដ៏សំខាន់ គឺដើម្បីធ្វើឱ្យមានកញ្ចប់ជំនួយ ដែលបានបញ្ចប់ នៅក្នុងពេលវេលា សម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូ នឹងត្រូវធ្វើឡើង នៅខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

 សំណើកញ្ចប់ជំនួយដ៏ច្រើនមហាសាលនេះ ត្រូវគេរំពឹង ថា នឹងលើកយកមកពិភាក្សាគ្នា នៅក្នុងអំឡុងកិច្ចប្រជុំ រយៈពេល២ថ្ងៃរបស់ក្រុមរដ្ឋមន្រ្ដីក្រសួងការបរទេស នៃរដ្ឋជាសមាជិកអង្គការណាតូ នៅថ្ងៃពុធ និង ថ្ងៃព្រហស្បតិ៍ (ទី៣-៤) ខែមេសា ខណៈលោក ស្ដូលថែនប៊ឺគ នឹងធ្វើជាប្រធាន នៃកិច្ចចរចានេះ នៅទីបញ្ជាការកណ្ដាលរបស់អង្គការណាតូ។ 

 ការជំរុញឱ្យមានកញ្ចប់ជំនួយបន្ថែមទៀតបែបនេះ បានកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ថា ការគាំទ្រ សម្រាប់កិច្ចខិតខំប្រឹងប្រែងការពាររបស់អ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី កំពុងតែជាប់គាំង ចំពេលមានការព្រមាន ពីរដ្ឋាភិបាលក្រុងកៀវ ថា ឃ្លាំងផ្ទុកគ្រាប់រំសេវ កំពុងធ្លាក់ចុះមកដល់កម្រិតទាបបំផុត។ 

 កញ្ចប់ជំនួយយោធាទំហំទឹកប្រាក់៦០ពាន់លានដុល្លារអាមេរិក ជួយដល់ប្រទេសអ៊ុយក្រែន ត្រូវបានរារាំងដោយតំណាងរាស្រ្ដ មកពីគណបក្សសាធារណរដ្ឋ។ ប៉ុន្ដែគេនៅតែមានក្ដីសង្ឃឹម ថា សមាជិកសភា នឹងអាចអនុម័ត នៅក្នុងប៉ុន្មានសប្ដាហ៍ខាងខាងមុខនេះ។

 ដោយឡែក ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ DPA បានដកស្រង់សម្តីរបស់អ្នកការទូត អង្គការណាតូ ថា ពួកគេមានបំណងធ្វើឱ្យការគាំទ្រ សម្រាប់អ៊ុយក្រែន តិចជាងការពឹងផ្អែក លើការអភិវឌ្ឍន៍នយោបាយ នៅក្នុងរដ្ឋសមាជិកនីមួយៗ និង ដើម្បីផ្លាស់ប្តូរបន្ទុក នៃការទទួលខុសត្រូវ នៅក្នុងចំណោមសម្ពន្ធមិត្តទាំងអស់។ បញ្ហានេះ ក៏មានការជាប់ពាក់ព័ន្ធនឹងការព្រួយបារម្ភ អំពីលទ្ធភាពដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អាចនឹងជាប់ឆ្នោតជាថ្មីផងដែរ។

 លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីខែកុម្ភៈ ឆ្នាំ២០២៤ បានគំរាម អំពីការលើកទឹកចិត្តដល់រដ្ឋាភិបាលក្រុងមូស្គូ ឲ្យវាយប្រហារទៅលើបណ្ដាប្រទេសជាសមាជិកអង្គការណាតូណា ដែលមិនបានបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ផងដែរ។

 សូមរម្លឹកឡើងវិញ ថា អង្គការសម្ពន្ធមិត្តការពារជាតិរបស់លោកខាងលិចមួយនេះ ត្រូវបានបង្កើតឡើង នៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៤៩ ក្រោមផលវិបាក នៃសង្គ្រាមលោកលើកទី២ ដោយមានប្រទេសត្រឹមតែ១២ប៉ុណ្ណោះ។ ប៉ុន្ដែរហូតមកដល់បច្ចុប្បន្ននេះ អង្គការណាតូ មានសមាជិក ចំនួន៣២ប្រទេស៕