2024-03-25 03:03
70

រដ្ឋធានីកៀវ៖ ជម្លោះប្រដាប់អាវុធ រវាងរដ្ឋាភិបាលក្រុងកៀវ និង ក្រុងមូស្គូ បានអូសបន្លាយ អស់រយៈពេលជាង២ឆ្នាំកន្លងមកហើយ ខណៈការប្រយុទ្ធគ្នាកំពុងតែបន្ដ ហើយឥឡូវ ទីភ្នាក់ងារចារកម្មរបស់អ៊ុយក្រែន បានអះអាង អំពីការបាញ់ពន្លិចនាវាចម្បាំងដ៏ទំនើបរបស់កងទ័ជើងទឹករុស្ស៊ី ចំនួន២គ្រឿង នៅឧបទ្វីបគ្រីមៀ។

សារព័ត៌មាន UKrinform បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០៤ ថា ទីភ្នាក់ងារចារកម្មអ៊ុយក្រែន បានអះអាង កាលពីថ្ងៃអាទិត្យ ថា កងទ័ពអ៊ុយក្រែន បានបាញ់ពន្លិចនាវាចម្បាំងធុនធំរបស់កងទ័ពជើងទឹករុស្ស៊ី ចំនួន២គ្រឿង នៅឧបទ្វីបគ្រីមៀ រួមទាំងមជ្ឈមណ្ឌលទំនាក់ទំនង និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ប្រចាំនៅសមុទ្រខ្មៅ។

បើទោះជាយ៉ាងណា ទីភ្នាក់ងារចារកម្មអ៊ុយក្រែន មិនបញ្ជាក់លម្អិត អំពីការវាយប្រហាររបស់ខ្លួននោះឡើយ។ ដោយឡែកមន្ត្រីរុស្ស៉ី ប្រចាំក្នុងតំបន់នោះ ក៏បានរាយការណ៍ អំពីការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លាពីកងទ័ពអ៊ុយក្រែន ហើយប្រព័ន្ធការពារដែនអាកាស បានបាញ់ទម្លាក់មីស៊ីលជាង១០គ្រាប់ នៅលើកំពង់ផែទីក្រុងសេវ៉ាស្ដូប៉ូល (Sevastopol) នៅតំបន់គ្រីមៀ។

ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន បានបញ្ជាក់ ថា «កងកម្លាំងការពារអ៊ុយក្រែន បានទទួលជោគជ័យ នៅក្នុងការវាយប្រហារលើនាវាចម្បាំងធុនធំរបស់រុស្ស៊ី ចំនួន២គ្រឿង រួមមាន៖ នាវា Azov និង Yamal ។ ក្រៅពីនេះ អ៊ុយក្រែន ក៏បានវាយប្រហារទៅលើមជ្ឈមណ្ឌលទំនាក់ទំនង និង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតរបស់កងទ័ពជើងទឹករុស្ស៊ី ប្រចាំសមុទ្រខ្មៅ នៅឧបទ្វីបគ្រីមៀ ផងដែរ។

ស្របគ្នានេះដែរ លោក មីខាល រ៉ាសវ៉ូហ្សេយ៉ែវ (Mikhail Razvozhayev) អភិបាលក្រុង Sevastopol ត្រូវបានតែងតាំងដោយរុស្ស៊ី បានអះអាង ថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមួយចំនួន រួមទាំងទូកដឹកអ្នកដំណើរ បានរងការខូចខាត។ រីឯរថយន្តក្រុងដឹកអ្នកដំណើរ ចំនួន៣ គ្រឿង រថយន្តសាលាចំនួន១៣ គ្រឿង និង រថយន្ត trolleybus មួយគ្រឿង ស្ថិតក្នុងចំណោមរថយន្តដែលរងការខូចខាត នៅក្នុងអំឡុងពេលការវាយប្រហារ កាលពីពេលយប់ ផងដែរ៕