2024-03-05 12:03
88

រាជធានីតូក្យូ៖ ជាមួយនឹងបច្ចេកវិទ្យា នៅលើពិភពលោក កំពុងតែរីកចម្រើនកាន់តែខ្លាំងនោះ ការប្រកួតប្រជែង លើបន្ទះឈីប ក៏កំពុងតែក្លាយជាសមរភូមិប្រកួតប្រជែងយ៉ាងស្វិតស្វាញ  ប៉ុន្ដែឥឡូវ ប្រទេសជប៉ុន កំពុងតែប្រើប្រាស់យុទ្ធសាស្រ្ដថ្មី ដើម្បីស្ដារមុខមាត់នាំមុខគេ នៅលើពិភពលោកឡើងវិញ ក្រោយការរបូតតំណែងនាំមុខគេលើវិស័យឈីប ធ្លាក់ទៅក្នុងដៃរបស់ក្រុមហ៊ុននានារបស់កូរ៉េខាងត្បូង និង កោះតៃវ៉ាន់។

បើតាមសារព័ត៌មាន Fortune បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ថា លោក ម័ររីស ឆាង (Morris Chang) ស្ថាបនិកក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ (Taiwan Semiconductor Manufacturing Company) ហៅកាត់ TSMC បានព្យាករយ៉ាងល្អិតល្អន់ ខណៈគាត់បានបើករោងចក្រផលិតបន្ទះឈីបថ្មី នៅកោះគ្យូស៊ុ (Kyushu) របស់ប្រទេសជប៉ុន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ 

លោកស្ថាបនិកក្រុមហ៊ុនបន្ទះឈីបតៃវ៉ាន់ រូបនេះ បានព្យាករ ថា រោងចក្រផលិតឈីបថ្មីនេះ  ទទួលបានការគាំទ្រ ជាមួយនឹងទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ពីរដ្ឋាភិបាលជប៉ុន។ សកម្មភាពបែបនេះ នឹងជំរុញឱ្យមានការរីកដុះដាលឡើងវិញ ចំពោះ Semiconductors សម្រាប់ប្រទេសអាស៊ីមួយនេះ។ជាការពិតណាស់ បើនិយាយអំពីបន្ទះឈីប ភាគច្រើនបំផុត គឺផ្ដោតទៅលើតៃវ៉ាន់ ឬ កូរ៉េខាងត្បូង ដែលជាទីតាំងរបស់ក្រុមហ៊ុនផលិតបន្ទះឈីបនាំមុខគេរបស់ពិភពលោក។ រីឯរដ្ឋាភិបាលនានា កំពុងតែចាប់អារម្មណ៍ខ្លាំងទៅលើក្រុមហ៊ុនជាច្រើន ដូចជា ក្រុមហ៊ុនរបស់តៃវ៉ាន់ TSMC, ក្រុមហ៊ុននានារបស់កូរ៉េខាងត្បូង រួមមាន ក្រុមហ៊ុន Samsung និង ក្រុមហ៊ុន SK Hynix ដើម្បីបង្កើតរោងចក្រថ្មី នៅក្នុងប្រទេសរបស់ពួកគេ ជាពិសេស ដើម្បីបង្កើនភាពធន់ នៃខ្សែ             សង្វាក់ផ្គត់ផ្គង់។ 

បច្ចុប្បន្ន ពិតជាមានរូបភាពផ្ទុយគ្នា កាលពី៥០ឆ្នាំកន្លងមកនេះ។ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ មានក្រុមហ៊ុនផលិតបន្ទះឈីបកំពូល ចំនួន៦ នៅក្នុងចំណោម១០ គឺជាក្រុមហ៊ុនរបស់ជប៉ុន។ បណ្ដាក្រុមហ៊ុនជប៉ុនទាំងនេះ បានគ្រប់គ្រងលើទីផ្សារបន្ទះឈីប ប្រហែលពាក់កណ្ដាល នៅក្នុងឆ្នាំ១៩៨៨។ ប៉ុន្តែភាពលេចធ្លោ នៃបន្ទះឈីបរបស់ប្រទេសជប៉ុន បានរសាត់បាត់ទៅវិញ ដោយសារតែការរួមបញ្ចូលគ្នា នៃការផ្លាស់ប្តូរនិន្នាការទីផ្សារ ការកើនឡើង នៃការប្រកួតប្រជែងថ្មី និង សម្ពាធភូមិសាស្ត្រនយោបាយ។
បើទោះជាយ៉ាងណា បច្ចុប្បន្ន រដ្ឋាភិបាលក្រុងតូក្យូ នៅតែមានក្ដីសង្ឃឹម ថា ជប៉ុន អាចធ្វើឲ្យជោគវាសនាបន្ទះឈីបរបស់ខ្លួនងើបខ្ពស់ឡើងវិញ ជាមួយនឹងយុទ្ធសាស្រ្ដថ្មីរបស់រដ្ឋាភិបាល  ដែលបានគាំទ្រ ដោយប្រាក់រាប់ពាន់លានដុល្លារអាមេរិក រួមជាមួយនឹងរោងចក្ររបស់ក្រុមហ៊ុនតៃវ៉ាន់ TSMC ជាដំណាក់កាលដំបូង នៅក្នុងការស្ដារឡើងវិញ ហើយត្រូវបានព្យាករ ដោយស្ថាបនិកក្រុមហ៊ុនបន្ទះឈីបតៃវ៉ាន់ លោក ឆាង។

ស្រដៀងទៅនឹងរបៀប ដែលសហរដ្ឋអាមេរិក មាន Silicon Valley និង តៃវ៉ាន់ មានសួនឧស្សាហកម្មស៊ីនជូ (Hsinchu) នោះ ប្រទេសជប៉ុន មានមជ្ឈមណ្ឌលផលិតបន្ទះសៀគ្វី ដោយផ្ទាល់ខ្លួន គឺកោះស៊ីលីកុន (Silicon Island) ដែលជាឈ្មោះហៅក្រៅរបស់ឧស្សាហកម្ម សម្រាប់កោះគ្យូស៊ូ (Kyushu)។ រីឯក្រុមហ៊ុនមួយចំនួន មានមូលដ្ឋាន នៅលើកោះធំបំផុតទី៣របស់ជប៉ុន រួមទាំង ក្រុមហ៊ុន Tokyo Electron, ក្រុមហ៊ុន Sony និង ក្រុមហ៊ុន Renesas។


ឥឡូវ ជប៉ុន ក៏ក្លាយជាទីតាំងរោងចក្រថ្មី មកពីក្រុមហ៊ុនផលិតនាំមុខគេ TSMC។ ក្រុមហ៊ុនផលិតឈីបដ៏ធំបំផុតរបស់ពិភពលោក បានបើករោងចក្រមួយ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងគូម៉ាម៉ូតូ (Kumamoto) កោះគ្យូស៊ូ (Kyushu) ប្រទេសជប៉ុន។

រោងចក្រនេះ គឺជាការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន Sony និង ក្រុមហ៊ុន Denso ។ ស្របគ្នានេះ រដ្ឋាភិបាលជប៉ុន ក៏បានច្រានចោលផងដែរ ចំពោះការបែងចែកប្រាក់ជំនួយ ចំនួន៤៧៦ពាន់លានយេនជប៉ុន ឬស្មើនឹង៣,២ ពាន់លានដុល្លារអាមេរិក ដែលជាប្រាក់ជំនួយ។ បច្ចុប្បន្ន រដ្ឋាភិបាលក្រុងតូក្យូ កំពុងតែសន្យា ថា នឹងផ្តល់ប្រាក់បន្ថែម ចំនួន៧៣២ពាន់លានយេន ឬស្មើនឹង ៤,៩ពាន់លានដុល្លារអាមេរិក ជួយគាំទ្របន្ថែមទៀត សម្រាប់រោងចក្រទី២របស់ក្រុមហ៊ុន TSMC ។ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ បានអះអាង កាលពីដើម ខែកុម្ភៈ ថា ក្រុមហ៊ុននេះ កំពុងតែបើករោងចក្រទី២ ជាមួយនឹងការចូលរួមរបស់ក្រុមហ៊ុន Toyota ជាអ្នកវិនិយោគិនថ្មី។

រោងចក្ររបស់ក្រុមហ៊ុន TSMC គឺជាការបោះជំហានដំបូង តាមអ្វីដែលរដ្ឋាភិបាលក្រុង តូក្យូ សង្ឃឹម ថា រោងចក្រនេះ នឹងក្លាយជាការស្ដារឡើងវិញ នៃឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសជប៉ុន។ នៅខែមិថុនា ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុន បានចេញផ្សាយនូវយុទ្ធសាស្រ្តថ្មីមួយ ដោយបានដាក់ឧបករណ៍អេឡិកត្រូនិក នៅចំចំណុចកណ្តាល នៃគោលនយោបាយសន្តិសុខ និង សេដ្ឋកិច្ចរបស់ខ្លួន។ ស្របគ្នានេះ រដ្ឋាភិបាលក្រុងតូក្យូ ក៏បានសន្យា ថា ជប៉ុន នឹងផ្ដល់ឧបត្ថម្ភធន សម្រាប់ការផលិតបន្ទះឈីបក្នុងស្រុក មជ្ឈមណ្ឌលស្រាវជ្រាវសម្រាប់បន្ទះឈីបកម្រិតខ្ពស់ និង ភាពជាដៃគូ កាន់តែស៊ីជម្រៅ ជាមួយនឹងសហរដ្ឋអាមេរិក៕