2024-03-29 03:03
60

រដ្ឋធានីកៀវ៖ ក្រោយពេលប្រធានាធិបតីបារាំង លោក ម៉ាក្រុង កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ បានព្រមានដល់បណ្ដាមេដឹកនាំអឺរ៉ុប អំពីលទ្ធភាពលុកលុយរបស់រដ្ឋាភិបាលទីក្រុងមូស្គូ ទៅលើបណ្ដាប្រទេសជាសមាជិករបស់អង្គការណាតូ និង ការមិនអាចបដិសេធ អំពីការបញ្ជូនទ័ព ទៅកាន់ប្រទេសអ៊ុយក្រែន នោះមក ក៏មានសេចក្ដីរាយការណ៍ជាច្រើនរាយការណ៍ ប្រហាក់ប្រហែលគ្នានេះដែរ ប៉ុន្ដែមេដឹកនាំវិមានក្រឹមឡាំង បានច្រានចោលសេចក្ដីរាយការណ៍ទាំងនេះ។

សារព័ត៌មានមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Politico បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ កាលពីល្ងាច ថ្ងៃពុធ (ទី២៧ ខែមីនា) ថា រុស្ស៊ី មិនមានគោលបំណងណាមួយ ឈ្លានពាននៅតំបន់អឺរ៉ុបនោះឡើយ ថ្វីបើមានការព្រមានមួយចំនួន ទៅលើអង្គការណាតូ ដោយក្រុមមន្រ្ដីរុស្ស៊ី និង ខ្លួនគាត់ផ្ទាល់ បានប្រើប្រាស់សង្គ្រាមវោហារសាស្រ្ដ អំពីអាវុធមហាប្រល័យលោក យ៉ាងណាក្ដី។

ស្របពេលជម្លោះទាំងអស់កើតចេញពីរដ្ឋាភិបាលក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន ឈ្លានចូលដល់ឆ្នាំទី៣នោះ លោក ពូទីន បានច្រានចោល អំពីការរំពឹងទុកយ៉ាងខ្លាំងក្លា ត្រង់ថា រុស្ស៊ីអាចនឹងវាយប្រហារទៅលើប្រទេសផ្សេងៗទៀត នៅអឺរ៉ុបខាងកើត បន្ទាប់ពីអ៊ុយក្រែន។

មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានសង្កត់ធ្ងន់ ថា «ការលើកឡើង អំពីរុស្ស៊ី នឹងវាយចូលលុកលុយទៅលើបណ្ដាប្រទេសជាសមាជិករបស់អង្គការណាតូ នោះ គឺជាការសមហេតុសមផលនោះឡើយ ដូចជា លទ្ធភាព នៃការវាយប្រហារលើប្រទេសមួយចំនួនទៀត រួមមាន ប្រទេសប៉ូឡូញ បណ្ដារដ្ឋនៅតំបន់បាល់ទិក ខណៈ ប្រទេសឆែក កំពុងតែភ័យខ្លាចយ៉ាងខ្លាំង។  បញ្ហានេះ កាន់តែមិនមែនរឿងសមហេតុផលនោះទេ ព្រោះរុស្ស៊ីគ្មានចេតនាឈ្លានពានទៅលើរដ្ឋទាំងនេះ។

ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ពូទីន បានកើតឡើង នៅក្នុងកិច្ចប្រជុំរបស់អ្នកបើកយន្តហោះយោធា នៅ Tver Oblast (តាវើរអូប្លាស់) នាភាគពាយព្យ រដ្ឋធានីម៉ូស្គូ។ 

ដោយឡែក មន្ត្រីយោធាកំពូលៗជាច្រើនរូបរបស់អឺរ៉ុប កាលពីប៉ុន្មានខែមុននេះ បានព្រមាន ថា មេដឹកនាំវិមានក្រឹមឡាំង កាន់តែមានកំហឹងខ្លាំងឡើង ហើយអាចនឹងបញ្ជាឱ្យមានការវាយប្រហារ ទៅលើបណ្ដាប្រទេសនានា ជាសមាជិករបស់អង្គការណាតូ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ក្រសួងការបរទេសរុស្ស៊ី និង មន្ត្រីផ្សេងៗទៀតរបស់រុស្ស៊ី បានបដិសេធម្តងហើយម្តងទៀត ក្រោយពេលលោកប្រធានាធិបតី ពូទីន បានបញ្ជាឲ្យកងទ័ពរបស់គាត់ ចូលលុកលុយទ្រង់ទ្រាយធំ នៅក្នុងប្រទេសអ៊ុយក្រែន ថា ក្រុងម៉ូស្គូ មិនមានផែនការវាយប្រហារទៅលើប្រទេសជិតខាងរបស់ខ្លួននោះឡើយ។

លោក អេមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង កាលពីចុងខែកុម្ភៈ  ក៏បានព្រមាន អំពីរុស្ស៊ី អាចនឹងវាយប្រហារទៅលើបណ្ដាប្រទេសជាសមាជិករបស់អង្គការណាតូ និង អំពីលទ្ធភាពមិនអាចបដិសេធ អំពីការបញ្ជូនកងទ័ពរបស់លោកខាងលិច ទៅកាន់ប្រទេសអ៊ុយក្រែន នោះឡើយ។ ការលើកឡើងបែបនេះ បានធ្វើឲ្យមេដឹកនាំរុស្ស៊ី ខឹងសម្បាយ៉ាងខ្លាំង ហើយចាត់ទុក ថា អង្គការណាតូ ជាអ្នកបង្កហេតុ រហូតនាំឲ្យមានការប្រើប្រាស់សង្គ្រាមវោហារសាស្រ្ដអាវុធនុយក្លេអ៊ែរថែមទៀតផង៕