2024-04-09 02:04
30

រដ្ឋធានីវ៉ាស៊ីនតោន៖ ការបង្កើនឥទ្ធិពលយ៉ាងខ្លាំងរបស់ចិន នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បាន និង កំពុងតែធ្វើឲ្យបណ្ដាប្រទេសមហាអំណាចលោកខាងលិច មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយបានបង្កើតកតិកាសញ្ញាសន្ដិសុខមួយ ដោយមានប្រទេសចំនួន៣ចូលរួម មានដូចជា អូស្រ្ដាលី ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក ប៉ុន្ដែឥឡូវ ពួកគេកំពុងតែគិតពិចារណា ដើម្បីអូសទាញប្រទេសជប៉ុន ឲ្យចូលរួមបន្ថែមទៀត។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ ថា ប្រទេសចំនួន៣ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ កាលពីថ្ងៃចន្ទ (ទី៨ ខែមេសា) ថា អូស្រ្ដាលី ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក កំពុងតែពិចារណា ធ្វើការជាមួយនឹងការផ្ដោតទៅលើគម្រោងសមត្ថភាពខ្ពស់ តាមរយៈកតិកាសន្ដិសុខ AUKUS ។

បើតាមប្រភពមួយ ដែលបានដឹង អំពីកិច្ចចរចានេះ បានអះអាង ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ទំនងជានឹងពិភាក្សាគ្នា លើប្រធានបទមួយនេះ ខណៈមេដឹកនាំទាំង២ នឹងជួបគ្នា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤។

កតិកាសញ្ញាសន្ដិសុខ AUKUS ត្រូវបានបង្កើតឡើង ដោយប្រទេសអូស្រ្ដាលី (Australia) ចក្រភពអង់គ្លេស (United Kingdom) និង សហរដ្ឋអាមេរិក (United States) នៅក្នុងឆ្នាំ២០២១។ កតិកាសន្ដិសុខនេះ បានក្លាយជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញដល់ការគាំទ្រប្រឆាំងនឹងឥទ្ធិពលរបស់ចិន ដែលកំពុងតែកើនឡើង នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ រីឯសសរស្ដម្ភដំបូងរបស់ AUKUS ត្រូវបានរចនាឡើង ដើម្បីបញ្ជូននាវាមុជទឹកវាយប្រហារ ដើរ ដោយថាមពលនុយក្លេអ៊ែរ ទៅកាន់ប្រទេសអូស្ត្រាលី។
បើទោះជាយ៉ាងណាក៏ដោយ សសរស្តម្ភទីពីរ នឹងផ្តោតទៅលើការផ្តល់សមត្ថភាពកម្រិតខ្ពស់ និង បច្ចេកវិទ្យាចែករំលែក នៅទូទាំងផ្នែកជាច្រើន រួមទាំង បច្ចេកវិទ្យាក្រោមបាតសមុទ្រ, បច្ចេវិទ្យាគ្រឿងសព្វាវុធ លឿនជាងសំឡេង, បញ្ញាសិប្បនិមិត្ត និង បច្ចេកវិទ្យាអ៊ិនធើរណេត… ផងដែរ។

បើតាមសេចក្តីថ្លែងការណ៍មួយយ ត្រូវបានចេញផ្សាយ ដោយរដ្ឋាភិបាលអង់គ្លេស បានបញ្ជាក់ ថា «ការទទួលស្គាល់នូវភាពខ្លាំងរបស់ប្រទេសជប៉ុន និង ភាពជាដៃគូការពារទ្វេភាគីដ៏ជិតស្និទ្ធ ជាមួយប្រទេសទាំងបីនេះ យើងកំពុងតែពិចារណា លើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជប៉ុន តាមរយៈគម្រោងបង្កើនសមត្ថភាពកម្រិតខ្ពស់ ជាសសរស្ដម្ភទី២របស់ AUKUS ។ សសរស្ដម្ភទី២នេះ នឹងគិតគូរ អំពីកត្តាជាច្រើន មានដូចជា៖ ការច្នៃប្រឌិតបច្ចេកវិទ្យា ហិរញ្ញប្បទាន ភាពខ្លាំងខាងឧស្សាហកម្ម សមត្ថភាពក្នុងការការពារទិន្នន័យ និង ព័ត៌មានរសើប ហើយផលប៉ះពាល់លើការលើកកម្ពស់សន្តិភាព និង ស្ថិរភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ 

ដោយឡែក ប្រទេសចិន បានហៅកិច្ចព្រមព្រៀង AUKUS ថា នឹងមានគ្រោះថ្នាក់ខ្លាំង ហើយរដ្ឋាភិបាលក្រុងប៉េកាំង ថែមទាំងបានព្រមាន ថា កិច្ចព្រមព្រឿងមួយនេះ អាចនឹងជំរុញឱ្យមានការប្រកួតប្រជែងគ្រឿងសព្វាវុធ នៅក្នុងតំបន់ កាន់តែខ្លាំងឡើង៕