2024-03-06 03:03
81

ទីក្រុងឡាអេ៖ កាលពីឆ្នាំមុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ប៉ុន្ដែឥឡូវតុលាការកំពូលរបស់ពិភពលោកមួយនេះ បានចេញដីកាបង្គាត់ឲ្យចាប់មេបញ្ជាការយោធារុស្ស៊ី ចំនួន២នាក់ រួមមាន លោក ស៊ើហ្គេ អ៊ីវ៉ាន់ណូវិច កូប៊ីឡាស់ (Sergei Ivanovich Kobylash) និង លោក វិកទ័រ នីកូលាវិច សូកូឡូវ(Viktor Nikolaevich Sokolov) ក្រោមការចោទប្រកាន់ ពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន។ នេះបើតាមការទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC មានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេស              ហូល្លង់ដ៍ បានបញ្ជាក់ ថា «តុលាការមានមូលហេតុសមហេតុផល ជឿ ថា ជនសង័្សយទាំងពីរនាក់នេះ បានទទួលខុសត្រូវ នៅក្នុងការបញ្ជាដល់កម្លាំងទាហានរុស្ស៊ី ក្រោមបញ្ជារបស់ពួកគេ វាយប្រហារ ដោយមីស៊ីល ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីខែតុលា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។ រីឯគ្រោះថ្នាក់បានកើតមានសម្រាប់ជនស៊ីវិល និង ការខូចខាត ដោយសារការវាយប្រហារ ពិតជាហួសកម្រិត បើធៀបទៅនឹងផលប្រយោជន៍យោធា ដែលត្រូវរំពឹង ទុក


ស្របគ្នានេះដែរ រដ្ឋអាជ្ញាអ៊ុយក្រែន ក៏កំពុងស៊ើបអង្កេតទៅលើឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងយុទ្ធនាការរដូវរងា បានបង្កឡើង ដោយទាហានរស្ស៉ី ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពល និង ឧបករណ៍ប្រើប្រាស់សាធារណៈ នៅក្នុងប្រទេសអ៊ុយក្រែន ដោយរាប់បញ្ចូនទាំងការវាយប្រហារតាមអាកាស ផងដែរ។

បើទោះជាយ៉ាងណា រុស្ស៊ី បានបដិសេធ ជុំវិញការចោទប្រកាន់ អំពីការកំណត់គោលដៅ វាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយចេតនា នៅក្នុងប្រទេសអ៊ុយក្រែន។ ក្រុងមូស្គូ បានអះអាង ថា ការវាយប្រហាររបស់ខ្លួន គឺសុទ្ធតែមានគោលបំណងកាត់បន្ថយសមត្ថភាពប្រយុទ្ធរបស់ក្រុងកៀវ តែប៉ុណ្ណោះ។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ កាលពីខែមីនា ឆ្នាំ២០២៣ ធ្លាប់ចេញដីកាចាប់ខ្លួនប្រធា នាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) និង ស្នងការកុមារ លោកស្រី ម៉ារីយ៉ា ឡវ៉ូវ៉ា បែឡូវ៉ា (Maria Lvova Belova) ក្រោមការចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មសង្រ្គាម ពាក់ព័ន្ធនឹងការចាប់ពង្រត់កុមារ ចេញពីប្រទេសអ៊ុយក្រែន នាំទៅកាន់ប្រទេសរុស្ស៊ី៕