2023-10-09 07:10
258

យោងតាមបណ្តាញសារព័ត៌មាន BBC បានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិអ៊ីស្រាអែល ៣០០នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ត្រូវបានចាប់ពង្រត់ នៅក្នុងការវាយប្រហារដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីថ្ងៃសៅរ៍ ទី០៧ ខែតុលាម្សិលមិញនេះ។ 

មន្ត្រីស្ថានទូតអ៊ីស្រាអែលប្រចាំប្រទេសទួរគី ដកដើសម្រង់សម្តីក្នុងសេចក្តីថ្លែងការណ៍ របស់ក្រសួងសុខាភិបាលអ៊ីស្រាអែល មានមនុស្សប្រហែល ២ ០០០នាក់ កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ក្នុងនោះ ១៩នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ជាសរុប ជនជាតិប៉ាឡេស្ទីន ៣១៣នាក់ បានស្លាប់ និងជិត ២០០០នាក់រងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។ 

ជាមួយគ្នានេះ អាជ្ញាធរអ៊ីស្រាអែល បានប្រកាសថា  ជនប៉ាឡេស្ទីនប្រដាប់អាវុធរាប់រយនាក់ ដែលបានចូលទឹកដីអ៊ីស្រាអែល ក៏ត្រូវបានសម្លាប់ផងដែរ។ 
កងទ័ពអ៊ីស្រាអែល ក៏បាននិយាយដែរថា ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ត្រូវបានចាប់ដាក់គុក។ 

មុននេះ អ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងដោះស្រាយជាមួយពួកសកម្មប្រយុទ្ធនៅក្នុងទីតាំងចំនួនប្រាំបី ដែលអ៊ីស្រាអែលអះអាងថា បានសម្លាប់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនជាង ៤០០នាក់ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល លោក Daniel Hagari បានប្រាប់កាសែត Times of Israel ថា ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនជាង ៤០០នាក់ ត្រូវបានសម្លាប់នៅភាគខាងត្បូងអ៊ីស្រាអែល និងតំបន់ហ្គាហ្សាស្ទ្រីប ហើយរាប់សិបនាក់ត្រូវបានចាប់ខ្លួន៕