2024-04-04 12:04
57

រដ្ឋធានីប៉េកាំង៖ ដោយសារតែមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើមហិច្ឆតារបស់ចិន នៅក្នុងការដណ្ដើមមហាអំណាចយោធាកំពូលនោះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានរឹតបន្ដឹងច្បាប់លើការនាំចេញបន្ទះឈីបរបស់ខ្លួន ហើយសកម្មភាពបែបនេះ បាននាំឲ្យមានការរិះគន់យ៉ាងខ្លាំង ពីមន្រ្ដីរដ្ឋាភិបាលក្រុងប៉េកាំង។

សារព័ត៌មានរបស់កូសូវ៉ូ Koha បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ ថា ក្រុមមន្រ្ដីចិន កំពុងតែរិះគន់យ៉ាងខ្លាំង ទៅលើច្បាប់រឹតបន្ដឹងរបស់សហរដ្ឋអាមេរិក លើការនាំចេញបន្ទះឈីបរបស់ខ្លួន។ ចិន បានហៅសកម្មភាពបែបនេះ ជាការធ្វើពហុឧបសគ្គ រារាំងដល់ការធ្វើពាណិជ្ជកម្ម ក៏ដូចជា ការបង្កើននូវភាពមិនច្បាស់លាស់ ទៅលើឧស្សាហកម្មបន្ទះឈីបនេះ។

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីសប្ដាហ៍មុន បានពិចារណា លើច្បាប់ជាច្រើន ដោយមានគោលបំណង ធ្វើឲ្យកាន់តែលំបាកបន្ថែមទៀត សម្រាប់ប្រទេសចិន នៅក្នុងការប្រើប្រាស់ឈីបបញ្ញាសិប្បនិមិត្ដរបស់សហរដ្ឋអាមេរិក និង ឧបករណ៍ផលិតឈីប។ សកម្មភាពរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មានគោលបំណងរារាំងដល់ឧស្សាហកម្មផលិតឈីបរបស់ចិន ដោយសារតែសហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំងឡើង ទៅលើបញ្ហាសន្ដិសុខជាតិរបស់ខ្លួន…។

ដោយឡែក ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ថា សហរដ្ឋអាមេរិក បានពង្រីកគោលគំនិតសន្តិសុខជាតិ កែប្រែច្បាប់តាមអំពើចិត្ត និង ពង្រឹងវិធានការគ្រប់គ្រង។ សកម្មភាពបែបនេះ មិនត្រឹមតែបង្កើតឧបសគ្គបន្ថែមទៀត និង ដាក់បន្ទុកលើការអនុលោមតាមច្បាប់ កាន់តែធ្ងន់ទៅលើក្រុមហ៊ុនចិន និង ក្រុមហ៊ុនអាមេរិក ដែលចង់ធ្វើការជាមួយគ្នាខាងសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ប៉ុណ្ណោះទេ ប៉ុន្តែច្បាប់នេះ ក៏បានបង្កើតភាពមិនប្រាកដប្រជា កាន់តែខ្លាំងឡើង មកលើឧស្សាហកម្មបន្ទះឈីបជាសកលថែមទៀតផង៕