2024-01-25 11:01
122

ទីក្រុងហ្កាហ្សា៖ រហូតមកដល់ពេលនេះ កងរថក្រោះរបស់ទាហានអ៊ីស្រាអែល កំពុងតែវាយរុលចូលទៅដល់តំបន់ហ្កាហ្សាស្ទ្រីប ខណៈមានសេចក្ដីរាយការណ៍ អំពីការវាយប្រហារ ទៅលើមជ្ឈមណ្ឌលហ្វឹកហ្វឺនខាន់យូនីសរបស់អង្គការសហប្រជាជាតិ សម្រាប់ជាទីជម្រករបស់ជនជាតិប៉ាឡេស្ទីន។

បណ្ដាញផ្សព្វផ្សាយធំៗរបស់ពិភពលោកជាច្រើន បានរាយការណ៍ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ថា បើតាមលោក ថូម៉ាស់ វ៉ាយ (Thomas White) នាយកកម្មវិធីជំនួយរបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (ហៅកាត់ UNRWA)  បានអះអាង កាលពីថ្ងៃពុធ (ទី២៤ ខែមករា) ថា ការវាយប្រហារ មកលើមជ្ឈមណ្ឌលហ្វឹកហ្វឺនខាន់យូនីស (Khan Younis) របស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាហ្សាស្ទ្រីប បានឆក់យកជីវិតមនុស្ស យ៉ាងតិចចំនួន៩នាក់ និង ចំនួន៧៥នាក់ផ្សេងទៀត រងរបួស។

លោកនាយកកម្មវិធីជំនួយរបស់អង្គការសហប្រជាជាតិ រូបនេះ បានបញ្ជាក់ ថា មជ្ឈមណ្ឌលហ្វឹកហ្វឺនខាន់យូនីស ជាទីជម្រកបណ្តោះអាសន្ន សម្រាប់ប្រជាជនប៉ាឡេស្ទីន រាប់ម៉ឺននាក់ ដែលបានរត់ភៀសខ្លួន គេចចេញពីជម្លោះ នៅតំបន់ហ្កាហ្សា។ រីឯការចូលមកកាន់មជ្ឈមណ្ឌលសុវត្ថិភាពមួយនេះ ត្រូវបានគេរារាំង អស់រយៈពេលពីរថ្ងៃកន្លងមកហើយ ប៉ុន្ដែឥឡូវនេះ មនុស្សជាច្រើន បានជាប់នៅទីនោះ។

ដោយឡែក កងទ័ពអ៊ីស្រាអែល បានថ្លែងឆ្លើយតបទៅនឹងការវាយប្រហារនោះ ថា តំបន់ដ៏ធំមួយនេះ ក្លាយជាមូលដ្ឋានដ៏សំខាន់ សម្រាប់ក្រុមចលនាហាម៉ាស់របស់ប៉ាឡេស្ទីន។ បច្ចុប្បន្ន កងទ័ពអ៊ីស្រាអែល បានផ្ដោតគោលដៅយ៉ាងសំខាន់ នៅក្នុងការបំផ្លិចបំផ្លាញទីតាំងយោធារបស់ក្រុមហាម៉ាស់ នៅភាគខាងលិច ទីក្រុងខាន់យូនីស (Khan Younis) សម្រាប់ប្រតិបត្ដិការទ្រង់ទ្រាយធំ នៅក្នុងសង្គ្រាមនេះ។

កងរថក្រោះរបស់ទាហានអ៊ីស្រាអែល បានបើកប្រតិបត្ដិការទ្រង់ទ្រាយធំបំផុត នៅក្នុងរយៈពេលមួយខែកន្លងមកនេះ ដោយបានវាយប្រហារ ចូលដល់ទីក្រុងខាន់យូនីស ជាទីជម្រក សម្រាប់ប្រជាជនប៉ាឡេស្ទីន រាប់សែននាក់ ដែលកំពុងតែរត់ភៀសខ្លួន គេចចេញពីការវាយប្រហារ នៅភាគខាងជើង តំបន់ហ្កាហ្សា។

បើទោះជាយ៉ាងណា  រហូតមកដល់ពេលនេះ កងទ័ពអ៊ីស្រាអែល បានកំណត់គោលដៅយ៉ាងសំខាន់ នៅក្នុងប្រតិបត្តិការ ដេញតាមកម្ទេចក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន។ សកម្មភាពយោធារបស់អ៊ីស្រាអែល ហាក់បីដូចជា កំពុងតែធ្វើឡើង នៅតំបន់ជុំវិញជំរំជនភៀសខ្លួនខាន់យូនី រួមទាំងមន្ទីរពេទ្យណាសស័រ (Nasser) និង មន្ទីរពេទ្យ អាល់-អាម៉ាល់ (Al-Amal) ហើយមជ្ឈមណ្ឌលបណ្តុះបណ្តាល UNRWA ផងដែរ។

ដោយឡែក លោក អាស្រាហ្វ អាល់-ហ្គីដ្រា (Ashraf Al-Qidra) អ្នកនាំពាក្យ អាជ្ញាធរសុខាភិបាលហ្កាហ្សា (Gaza) បានបញ្ជាក់ ថា ប្រតិបត្តិការសឹករបស់ទាហានស្រាអែល បាននាំទៅរកការកាត់ផ្ដាច់មនុស្ស ចេញពីមន្ទីរពេទ្យ នៅទីក្រុងខាន់យូនី ខណៈអ្នករបួស អ្នកជំងឺ និង ទារក រាប់រយនាក់ កំពុងប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ ដោយសារការមិនអាចមានលទ្ធភាព ធ្វើដំណើរទៅកាន់មន្ទីរពេទ្យ។

សង្គ្រាម នៅតំបន់ហ្កាហ្សា ដែលជាទឹកដីរបស់ប៉ាឡេស្ទីន បានផ្ទុះឡើង ក្រោយពេលក្រុមហាម៉ាស់ បានឆ្មក់វាយប្រហារទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានឆក់យកជីវិតមនុស្ស ប្រហែល ១ ២០០នាក់ ហើយនៅក្នុងចំណោមជនរងគ្រោះទាំងនោះ ភាគច្រើនជាជនស៊ីវិល និង បានចាប់ជាចំណាប់ខ្មាំង ប្រហែល ២៤០នាក់។

បើតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានអះអាង ថា សង្គ្រាមសងសឹករបស់អ៊ីស្រាអែល បានឆក់យកជីវិតរបស់អ្នករស់នៅតំបន់ហ្កាហ្សា យ៉ាងតិច ចំនួន ២៥ ៧០០នាក់ ហើយនៅក្នុងចំណោមជនរងគ្រោះទាំងនោះ មានចំនួន៧០ភាគរយ ជាស្រ្ដី និង កុមារ៕