2023-04-06 05:04
449

ប៉េកាំង៖ នាវាផ្ទុកយន្តហោះទីពីររបស់ចិន កំពុងធ្វើសមយុទ្ធនៅក្នុងមហាប៉ាស៊ីហ្វិកភាគខាងលិច ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ជុំវិញជំនួបនៅក្នុងសហរដ្ឋអាមេរិក រវាងប្រធានាធិបតី តៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) និងប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាខាធី​(Kevin McCarthy)

រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក ជីវ គួឆេង (Chiu Kuo-cheng) បានប្រាប់អ្នកសារព័ត៌មាន នៅពី០៦ ខែមេសា ឆ្នាំ២០២៣នេះថា នាវាផ្ទុកយន្តហោះរបស់ចិន កំពុងធ្វើសមយុទ្ធ ក្នុងចម្ងាយប្រមាណ៣៧០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់។

លោក ជីវ គួឆេង បាននិយាយទៀតថា «វាជាការហ្វឹកហាត់ ប៉ុន្តែចំពេលវេលាដ៏រសើប ហើយយើងកំពុងសិក្សាអំពីការវិវត្តន៍តឿត» ប៉ុន្តែយន្តហោះមិនទាន់ឃើញយន្តហោះចម្បាំងណាមួយហោះចេញពីនាវានៅឡើយទេ។

ក្រោយមកលោក លោក ជីវ គួឆេង បានប្រាប់សមាជិកសភាតៃវ៉ាន់ថា នាវាចម្បាំងតៃវ៉ាន់កំពុងត្រួតពិនិត្យនាវាផ្ទុកយន្តហោះរបស់ចិន ពីចម្ងាយ។

នាវាផ្ទុកយន្តហោះចម្បាំងរបស់ចិន ឈ្មោះ ហ្សានទុង (Shandong) ដែលជានាវាផ្ទុកយន្តហោះដំបូងគេផលិតក្នុងប្រទេសចិន បានធ្វើដំណើរកាត់តាមច្រកសមូទ្រ ភាគខាងត្បូងកោះតៃវ៉ាន់ ឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ដោយមានកប៉ាល់ចម្បាំងរបស់កងទ័ពជើងទឹកចិន ជាច្រើនផងដែរ។

កាសែតរបស់ប្រទេសចិន បានចេញផ្សាយថា ការដាក់ពង្រាយនាវាដឹកយន្តហោះនេះ គឺបង្ហាញឲ្យឃើញថា «ចិនបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ធ្វើប្រតិបត្តិការតាមលំហសមុទ្រឆ្ងាយៗ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេសចិន»។ 

ចំណែកប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពរំដោះប្រជាជន បានចេញផ្សាយថា កាលពីសប្តាហ៍មុន ទីបញ្ជាការសង្គ្រាមភាគខាងកើតរបស់ចិន បាននិងកំពុងធ្វើសមយុទ្ធដ៏ខ្លាំងក្លានៅលើដី ក៏ដូចជានៅក្នុងដែនសមុទ្រ និងតាមផ្លូវអាកាស ដោយគ្របដណ្តប់លើឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន។

សមយុទ្ធនេះ ត្រូវបានធ្វើឡើងនៅពេលប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន បានជួបប្រធានសភាអាមេរិក លោក ខេវិន ម៉ាកខាធី ជួបពិភាក្សាគ្នានៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅក្នុងការឈប់សម្រាកពេលធ្វើដំណើរឆ្លងកាត់ទឹកដីសហរដ្ឋអាមេរិក ដែលត្រូវបានថ្កោលទោសយ៉ាងខ្លាំង ពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលអះអាងថា កោះតៃវ៉ាន់ជាចំណែកដែនដីរបស់ចិន ហើយមិនបានបដិសេធការប្រើប្រាស់កម្លាំងទ័ព ដើម្បីចូលគ្រប់គ្រងកោះនេះនោះទេ។

លោកស្រី សៃ អ៊ីងវិន កំពុងធ្វើដំណើរត្រឡប់មកកាន់កោះតៃប៉ិវិញ បន្ទាប់ពីបានចប់កិច្ចប្រជុំជាមួយប្រទេសមួយចំនួន នៅតំបន់អាមេរិកកណ្តាល ហើយលោកស្រីបាននិយាយថា លោកស្រីមានភាពកក់ក្តៅខ្លាំងណាស់ ពេលឈប់សំចតនៅរដ្ឋកាលីហ្វ័រញ៉ា។ ចំណែកលោក ខេវិន ម៉ាកខាធី បានពិពណ៌នាជំនួបនេះថា លោកស្រី សៃ អ៊ីងវិន គឺជាមិត្តល្អដ៏អស្ចារ្យរបស់សហរដ្ឋអាមេរិក ។

លោកបានមានប្រសាសន៍ថា «ទំនាក់ទំនងមិត្តភាពរវាងប្រជាជនតៃវ៉ាន់ និងប្រជាជនអាមេរិក គឺជាកត្តាដ៏មានសារៈប្រយោជន៍យ៉ាងខ្លាំងចំពោះពិភពលោកសេរី ហើយវាមានសារៈសំខាន់ណាស់ក្នុងការថែរក្សាសេរីភាពសេដ្ឋកិច្ច សន្តិភាព និងស្ថិរភាពក្នុងតំបន់»

ទន្ទឹមនឹងនោះដែរ លោកស្រី សៃ អ៊ីងវិន បានថ្លែងអំណរគុណដល់លោក ខេវិន ម៉ាកខាធី ព្រមទាំងសមាជិកសភាអាមេរិកផ្សេងទៀត ដែលបានចូលរួមកិច្ចប្រជុំនេះ។

លោកស្រីបាននិយាយនៅពេលក្រោយកិច្ចប្រជុំថា «វត្តមានរបស់សមាជិកសភាអាមេរិក និងការគាំទ្រឥតងាករេរបស់សហរដ្ឋអាមេរិក គឺធានាដល់ប្រជាជនតៃវ៉ាន់ថា យើងមិនឯកោទេ ហើយយើងក៏នឹងមិនឯកោទេ»

កិច្ចប្រជុំរវាងលោកស្រី និងប្រធានសភានេះ ត្រូវបានធ្វើឡើងនៅពេលលោកស្រីវិលត្រឡប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេស បេលីស និងប្រទស ហ្គួតេម៉ាឡា ដែលជាសម្ព័ន្ធមិត្តផ្នែកការទូតទាំង១៣ របស់កោះតៃវ៉ាន់។

សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងជាផ្លូវការជាមួយតៃវ៉ាន់ទេ ចាប់តាំងពីឆ្នាំ១៩៧៩ ប៉ុន្តែ សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រលើអន្តរជាតិដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតរបស់កោះតៃវ៉ាន់។

រដ្ឋាភិបាលទីក្រុងប៉េកាំង បានអះអាងសារជាថ្មី នៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ ដោយលើកឡើងថា បញ្ហាកោះតៃវ៉ាន់ គឺជាខ្សែបន្ទាត់ក្រហមទី១ ដែលមិនត្រូវឆ្លងកាត់ ក្នុងន័យទំនាក់ទំនងចិន-អាមេរិក ដូច្នេះចិននឹងវិធានការតឹងរឹង និងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបទៅនឹងជំនួបរវាងលោកស្រី សៃ អ៊ីងវិន និងលោក ខេវិន ម៉ាកខាធី។

សូមរំឭកថា អតីតប្រធានសភាអាមេរិក លោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) កាលពីខែសីហា ឆ្នាំ២០២៣ បានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ បង្កឲ្យចិនខឹងសម្បារយ៉ាងខ្លាំង ដោយបញ្ចេញទ័ពធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ ដែលរួមមានការបាញ់មីស៊ីលរំលងពីលើ និងនៅជុំវិញកោះតៃវ៉ាន់៕