2023-04-21 04:04
486

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃនេះថា អ្នកបើកបរយន្តហោះចម្បាំងរបស់យោធារុស្ស៊ីមួយគ្រឿង បានទម្លាក់គ្រាប់បែកដាក់ទីក្រុងមួយ ស្ថិតនៅក្បែរព្រំដែនជាមួយអ៊ុយក្រែន ដោយសារច្រឡំទីតាំង។

អភិបាលក្រុង បេលហ្គូរូដ (Belgorod) បាននិយាយថា គ្រាប់បែកនេះបានផ្ទុះបង្កើតជារណ្ដៅដ៏ធំ មានទទឹងប្រហែល២០ម៉ែត្រនៅកណ្តាលទីក្រុងតែម្តង ដោយធ្វើឲ្យស្ត្រី​ពីរ​នាក់​​រង​របួស និង​អគារ​ជា​ច្រើនខ្នង​បាន​រង​ការ​ខូច​ខាត។

ចំណែកក្រសួងការពារជាតិរបស់រុស្ស៊ីវិញ ​បាន​ប្រកាសថា អ្នកបើកបរយន្តហោះ​ទម្លាក់​គ្រាប់បែកប្រភេទ Su-34 មួយ​គ្រឿងនេះ​ បានចុចទម្លាក់​​គ្រាប់​ពីលើអាកាស ដោយសារការភាន់ច្រឡំថា ជាទីតាំងរបស់ទាហានអ៊ុយក្រែន។

រីឯទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បាននិយាយបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង២២ និង១៥នាទីយប់ ម៉ោងក្នុងប្រទេសរុស្ស៊ី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

យោងតាមរូបថត និងឃ្លីបវីដេអូ បង្ហោះលើប្រព័ន្ធផ្សព្វផ្សាយបណ្តាញទំនាក់សង្គម បានបង្ហាញពីអគារផ្ទះល្វែងរងការខូចខាតដោយសារគ្រាប់បែក ខណៈរូបភាពមួយទៀតបង្ហាញអំពីរថយន្តមួយគ្រៀងប៉ើងទៅនៅលើដំបូលអគារនោះ។

ទីក្រុង បេលហ្គូរូដ មានចំនួនមនុស្សរស់នៅប្រមាណ ៣៧០ ០០០នាក់ និងមានចម្ងាយប្រហែល៤០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។ ទីក្រុងនេះស្ថិតនៅភាគខាងជើងនៃទីក្រុង ខាគីវ (Kharkiv) ដែលជាទីក្រុងធំទីពីររបស់ប្រទេសអ៊ុយក្រែន ហើយប្រជាជននៅទីនោះ កំពុងរស់នៅដោយភ័យខ្លាចចំពោះការបាញ់ផ្លោងរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី កាលពីដើមឆ្នាំ២០២២។

ទីក្រុងនេះ ក៏ជាគោលដៅបាញ់ផ្លោងពីកាំភ្លើងធំ និងដ្រូន របស់អ៊ុយក្រែន ដែលកាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ជនស៊ីវិលចំនួន៣០នាក់បានស្លាប់ និង១២០នាក់ផ្សេងទៀត បានរងរបួស ដោយសារការវាយប្រហាររបស់អ៊ុយក្រែន។

ចំណែកយោធារុស្ស៊ី បានបង្កើនការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងគោលដៅរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយប្រើគ្រាប់បែកទម្លាក់ពីយន្តហោះចម្បាំងប្រភេទ Su-34 ជាដើម ដែលអ្នកបើកបរយន្តហោះចម្បាំងប្រភេទ ភាន់ច្រឡំចុចកុងតាក់ទម្លាក់គ្រាប់បែក ដាក់ទីក្រុងក្នុងទឹកដីខ្លួនឯង បង្កឲ្យភ្លើងឆេះសន្ធោរសន្ធៅក្នុងវេលាយប់អធ្រាត្រ៕