2023-04-27 05:04
465

 

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី កាលពីម្សិលមិញ បានបញ្ជាក់ថា ទាហានរុស្ស៊ីចំនួន៤០នាក់ បានវិលត្រឡប់ពីការចាប់ឃុំខ្លួនរបស់អ៊ុយក្រែន ដើម្បីជាថ្នូរនឹងចំនួនអ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន៤០នាក់ ដែលត្រូវបានបញ្ជូនទៅអ៊ុយក្រែនវិញផងដែរ ក្នុងកាយវិការមនុស្សធម៌នៃច្បាប់សង្គ្រាម។


ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានរុស្ស៊ីប្រឈមនឹងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ពេលជាប់ឃុំឃាំងនៅក្នុងទាហានអ៊ុយក្រែន ហើយពួកគេនឹងដំណើរតាមយន្តហោះទៅកាន់ទីក្រុងមូស្គូ ដើម្បីបន្តការព្យាបាលរបួស និងស្តារនីតិសម្បទាឡើង នៅឯមូលដ្ឋានយោធារបស់ខ្លួន ព្រមទាំងទទួលបានការថែទាំសុខភាពផ្លូវចិត្តចាំបាច់ផងដែរ។
មន្ត្រីស្នងការសិទ្ធិមនុស្សរបស់រុស្ស៊ី បានបញ្ជាក់ថា ចំនួនបន្ថែមនៃជនរងគ្រោះអ៊ុយក្រែន នៅក្នុងបញ្ជីនៃផ្លាស់ប្តូរអ្នកទោសសង្គ្រាមរវាងប្រទេសទាំងពីរ នឹងប្រកាសនៅពេលក្រោយ ព្រោះត្រូវរក្សាការសម្ងាត់ផ្នែកយោធា។
មន្ត្រីរូបនេះបានប្រកាសថា «ដោយការព្រួយបារម្ភផ្នែកមនុស្សធម៌ ក្រសួងការពារជាតិរុស្ស៊ី បានបន្ថែមទាហានអ៊ុយក្រែនចំនួនបួននាក់ទៀត ដែលរងរបួសយ៉ាងធ្ងន់ធ្ងរ បញ្ចូលទៅក្នុងបញ្ជីផ្លាស់ប្តូរ គឺ៤០នាក់ស្មើគ្នា»។
នៅព្រឹកថ្ងៃដដែលនោះ គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានប្រកាសពីការស៊ើបអង្កេតលើពលរដ្ឋបារាំងជាច្រើននាក់ ដែលកំពុងប្រយុទ្ធដើម្បីអ៊ុយក្រែន ដោយចោទប្រកាន់ពួកគេថា បានសម្លាប់អ្នកទោសរុស្ស៊ី។
មន្ត្រីស្នងការសិទ្ធិមនុស្សរបស់រុស្ស៊ី បាននិយាយទៀតថា «ទាហានស៊ីឈ្នួលបារាំងម្នាក់ បានផ្សាយរូបថតបង្ហាញពីទាហានរុស្ស៊ីបីនាក់ ត្រូវគេប្រហារជីវិតនៅកណ្តាលវាល ហើយរដ្ឋាភិបាលទីក្រុងមូស្គូ បានកំណត់អត្តសញ្ញាណជនដៃដល់ថា ជាសមាជិកនៃកងពលតូចទី៩២របស់អ៊ុយក្រែន»។


ពាក់ព័ន្ធនឹងករណីអ្នកទោសសង្គ្រាមនេះដែរ ការស៊ើបអង្កេតរបស់រុស្ស៊ី បានអះអាងថា ជនជាតិអ៊ុយក្រែនបានវះយកសរីរាង្គរបស់ឈ្លើយសឹករុស្ស៊ី កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដើម្បីលក់ទៅឲ្យមន្ទីរពេទ្យ ដែលត្រូវការសរីទាំងនេះសម្រាប់ដូរឲ្យអ្នកជំងឺ។
តាមរយៈឃ្លីបវីដេអូមួយ បានបង្ហាញឲ្យឃើញបុរសម្នាក់ ដែលអះអាងថា ជាគ្រូពេទ្យជំនាញផ្នែកវះកាត់ បាននិយាយថា គាត់មានជាប់ពាក់ព័ន្ធនឹងការលក់គ្រាប់ភ្នែក ដែលគាត់វះកាត់យកពីឈ្លើយសឹករុស្ស៊ី។គ្រូពេទ្យវះកាត់ដែលរងការចោទប្រកាន់ខាងលើនេះ ក៏បាននិយាយថា គាត់បានចូលរួមក្នុងការលក់សរីរាង្គទាំងនោះពិតប្រាកដមែននៅលើទីផ្សារងងឹត។
ទីភ្នាក់ងារស៊ើបអង្កេតរបស់រុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃនេះថា ប្រធានគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានបញ្ជាឲ្យមានការស៊ើបអង្កេតលើឃ្លីបវីដេអូ ដែលគេចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរុស្ស៊ី នៅក្នុងសប្តាហ៍កន្លងមកនេះ។
ឃ្លីបវីដេអូមានរយៈពេលប្រហែលមួយនាទី អំពីគ្រូពេទ្យម្នាក់កំពុងវះកាត់យកគ្រាប់ភ្នែកពីឈ្លើយសឹករុស្ស៊ី នៅកណ្តាវាល បានសួរអ្នកទោសរុស្ស៊ីថា «ខ្ញុំចង់តែកាត់ជើង កាត់ដៃ និងវះយកគ្រាប់ភ្នែកអ្នកឯង។ តើអ្នកឯងដឹងទេថា ជីដូនជីតា អ្នកឯង នៅក្នុងប្រទេសអាឡឺម៉ង់ ចំណាយប្រាក់ប៉ុន្មានសម្រាប់ទិញគ្រាប់ភ្នែក?» 
គ្រូពេទ្យម្នាក់នេះ បាននិយាយទៀតថា «ខ្ញុំបានវះយកគ្រាប់ភ្នែក ក្រលៀន និងថ្លើម របស់អ្នកទោសរុស្ស៊ី អាយុ២៧ឆ្នាំ ដោយមិនបាច់ប្រើថ្នាំសណ្តំ ហើយសប្បាយចិត្តណាស់»៕