2023-04-28 05:04
452


អាឡាស្កា៖ ឧទ្ធម្ភាគចក្រពីរគ្រឿងរបស់កងទ័ពអាមេរិក បានបុកគ្នា និងធ្លាក់ នៅថ្ងៃនេះ ក្នុងរដ្ឋអាឡាស្កា ខណៈពេលត្រឡប់មកពីការហោះហើរហ្វឹកហាត់មួយ ដោយបានសម្លាប់ទាហានអស់បីនាក់ និងម្នាក់ទៀតបានរងរបួស។


កងទ័ពសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានពីរនាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុធ្លាក់ឧទ្ធម្ភាគចក្រ ស្ថិតនៅជិតទីក្រុងមួយ ក្នុងរដ្ឋអាឡាស្កា និងម្នាក់ទៀតបានស្លាប់នៅតាមផ្លូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកទាហានម្នាក់ទៀត កំពុងសម្រាកព្យាបាលព្យាបាលរបសួនៅមន្ទីរពេទ្យ។
កងទ័ពបាននិយាយទៀតថា ឈ្មោះទាហានស្លាប់ត្រូវបានរក្សាជាសម្ងាត់រហូតដល់សាច់ញាតិ អាចទទួលបានការជូនដំណឹងពីអង្គភាពកងទ័ព។
អ្នកនាំពាក្យរបស់កងទ័ពអាមេរិក នៅក្នុងរដ្ឋអាឡាស្កា បាននិយាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ថា មុនពេលធ្លាក់ ឧទ្ធម្ភាគចក្រប្រភេទ អាប៉ាចេ (AH-64 Apache)នីមួយៗ បានដឹកមនុស្សពីរនាក់សុទ្ធតែជាទាហាន។
ឧទ្ធម្ភាគចក្រទាំងនោះ មកពីកងវរសេនាតូចទី១ កងវរសេនាធំទ័ពអាកាសចរណ៍ទី២៥ ដែលមានមូលដ្ឋាននៅជិត ទីក្រុង ហ្វៀបែង (Fairbanks) នៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។
លោកឧត្តមសេនីយ ប្រាអិន អ៊ីហ្វ្លើ (Brian Eifler) មេបញ្ជាការកងពលធំទ័ពអាកាសទី១១ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់កងទ័ពថា «នេះគឺជាការបាត់បង់ដ៏មិនគួរសោកស្តាយបំផុតសម្រាប់គ្រួសារទាហានទាំងនេះ រួមទាំងយុទ្ធមិត្ត និងសម្រាប់កងពលទាំងមូល។ យើងសូមចូលរួមសោកស្តាយ និងបួងសួងជាមួយក្រុមគ្រួសារសព យុទ្ធមិត្ត និងមនុស្សជាទីស្រឡាញ់របស់ពួកគេ ហើយយើងកំពុងព្យាយាមឲ្យអស់លទ្ធភាពដើម្បីជួយគាំទ្រក្រុមគ្រួសារពួកគេ។
កងទ័ពបាននិយាយទៀតថា មូលហេតុនៃការធ្លាក់យន្តហោះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ហើយព័ត៌មានលម្អិតបន្ថែមនឹងត្រូវចែកជូននៅពេលក្រោយ។
ឧបទ្ទវហេតុលើកទី២ ក្នុងឆ្នាំនេះពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាគចក្ររបស់យោធាអាមេរិក នៅក្នុងអាឡាស្កា សហរដ្ឋអាមេរិក។
កាលពីខែកុម្ភៈ ឆ្នាំ២០២៣នេះ ទាហានអាមេរិកពីរនាក់ បានរងរបួសនៅពេលឧទ្ធម្ភាគចក្រ អាប៉ាចេ មួយគ្រឿង បានធ្លាក់ នៅពេលទើបតែហោះចេញពីមូលដ្ឋាន
ចំណែកកាលពីខែមីនា ឆ្នាំ២០២៣ ទាហានអាមេរិកប្រាំបួននាក់ ស្លាប់នៅពេលឧទ្ធម្ភាគចក្រប្រភេទ Black Hawk ពីរគ្រឿងសម្រាប់ក្រុមវេជ្ជសាស្រ្តរបស់កងទ័ពសហរដ្ឋអាមេរិក បានធ្លាក់ក្នុងរដ្ឋ ខេនថាក់គី អំឡុងពេលធ្វើសមយុទ្ធហ្វឹកហាត់ពេលយប់៕