2023-04-06 05:04
445

សហភាពអឺរ៉ុប (EU) កំពុងតែបង្កើតទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិន ប៉ុន្តែក៏មិនឆ្ងាយប៉ុន្មានពីសហរដ្ឋអាមេរិកនោះទេ ដោយសារភាគីទាំងពីរមានទំនាក់ទំនងនយោបាយ និងវប្បធម៌ជិតស្និទ្ធ។ បញ្ហានេះពិតជាពិបាកនៅពេលដែលភាពតានតឹងរវាងអាមេរិកនឹងចិនកាន់តែកើនឡើងក៏ដូចជាប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបាននិយាយកាលពីចុងខែមីនាថា “វាច្បាស់ណាស់ថាទំនាក់ទំនងរបស់យើងកាន់តែឆ្ងាយនិងពិបាកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃពុធនេះបាននិយាយថា ចិនមានតួនាទីធំមួយក្នុងការស្វែងរកច្រកផ្លូវឆ្ពោះទៅកាន់សន្តិភាពនៅអ៊ុយក្រែន ខណៈដែលលោកបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ដើម្បីបំពេញទស្សនកិច្ចរយៈពេលសរុប៣ថ្ងៃ។

ថ្លែងក្នុងពិធីជួបជុំមួយជាមួយសហគមន៍ពលរដ្ឋបារាំងនៅឯទីក្រុងប៉េកាំង មុនបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីបារាំងបានលើកឡើងថា បារាំងនឹងព្យាយាមស្វែងរកការសហការជាមួយចិននៅក្នុងទំនួលខុសត្រូវរួមដើម្បីសន្តិភាពនិងស្ថិរភាពនៅអ៊ុយក្រែន។ លោក ម៉ាក្រុង បានសង្កត់ធ្ងន់ដូច្នេះថា «ដោយទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ដូចដែលយើងទាំងអស់គ្នាបានឃើញថ្មីៗនេះ ចិនអាចដើរតួនាទីដ៏សំខាន់មួយ» ហើយលោកក៏បានកត់សម្គាល់អំពី ការដែលចិនប្រកាន់ជំហរប្រឆាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ក៏ដូចជាសំណើផែនការសន្តិភាពរវាងទីក្រុងកៀវ នឹងទីក្រុងមូស្គូផងដែរ។

វត្តមានលោក ម៉ាក្រុង នៅទីក្រុងប៉េកាំងនាពេលនេះ គឺជាដំណើរបំពេញទស្សនកិច្ចលើកដំបូង ដោយប្រធានាធិបតីបារាំងនៅប្រទេសចិន ក្នុងរយៈពេល៤ឆ្នាំ ខណៈប្រធានបទនៃកិច្ចពិភាក្សាត្រូវគេរំពឹងថា នឹងគ្របដណ្តប់ដោយបញ្ហាសង្រ្គាមអ៊ុយក្រែន។ បើតាមសេតវិមាន មុនពេលធ្វើដំណើរមកដល់ចិន លោក ម៉ាក្រុង ក៏បានពិភាក្សាអំពីទស្សនកិច្ចនេះ ហើយនិងការគាំទ្រសម្រាប់អ៊ុយក្រែន អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ផងដែរ៕