2024-01-30 02:01
127

រហូតមកដល់ពេលនេះ សមាគមប្រជាជាតិអាស៊ីភាគអាគ្នេយ៍ (ហៅកាត់ អាស៊ាន) កំពុងតែប្រឈមមុខនឹងការខ្វែងគំនិតគ្នា នៅក្នុងការដោះស្រាយវិបត្ដិរបស់មីយ៉ាន់ម៉ា ក្រោយពេលពួកឧត្ដមសេនីយ៍ បានធ្វើរដ្ឋប្រហារយោធា បណ្ដេញរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី ចេញពីអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយឥឡូវ មេដឹកនាំប្លុកមួយនេះ កំពុងតែព្យាយាម ដោះស្រាយបញ្ចប់ជម្លោះបង្ហូរឈាម នៅក្នុងប្រទេសជាសមាជិករបស់ខ្លួន។

 ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ ថា ក្រុមរដ្ឋមន្រ្ដីការបរទេសអាស៊ាន កាលពីថ្ងៃចន្ទ (ទី២៩ ខែមករា) បានជំរុញឱ្យបញ្ចប់ជម្លោះយ៉ាងបង្ហូរឈាម នៅក្នុងប្រទេសមីយ៉ាន់ម៉ា និង បាន សម្តែងការរួបរួម នៅក្នុងការគាំទ្ររបស់ពួកគេ សម្រាប់ផែនការសន្តិភាព នៅក្នុងតំបន់ និង ដំណោះស្រាយដែលគ្រប់គ្រង និង ដឹកនាំ ដោយមីយ៉ាន់ម៉ា ចំពោះវិបត្តិនេះ។

 នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រោយការដកថយរបស់សមាគមប្រជាជាតិអាស៊ីអា                គ្នេយ៍ (អាស៊ាន) បានឲ្យដឹង ថា ក្រុមរដ្ឋមន្ត្រី បានផ្តល់នូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់បេសកជនពិសេសថ្មី ស្តីអំពីវិបត្តិនេះ មកពីប្រទេសឡាវ នៅក្នុងការទាក់ទងទៅភាគីពាក់ព័ន្ធ និង បង្ហាញអំពីទំនុកចិត្តលើការប្តេជ្ញាចិត្តរបស់គាត់ នៅក្នុងការជួយដល់ប្រជាជនមីយ៉ាន់ម៉ា។

 បើតាមបណ្ដាញផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានឲ្យដឹង ថា លោក អាលូនកែវ គិតទីខួន (Alounkeo Kittikhoun) បេសកជនពិសេសថ្មី បានជួបជាមួយប្រមុខរបបយោធា នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែមករា ឆ្នាំ២០២៤នេះ។ ទាំងអាស៊ាន និង ឡាវ នៅមិនទាន់បានប្រកាស អំពីការធ្វើដំណើរនោះនៅឡើយ ហើយអាស៊ាន នៅតែមិនទាន់ច្បាស់ ថាតើគាត់បានជួបជាមួយនឹងក្រុមប្រឆាំងនឹងរបបយោធាណាមួយនៅឡើយដែរ។

 រដ្ឋមន្រ្ដីអាស៊ាន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា «យើងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ាន នៅក្នុងការជួយមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ទូលំទូលាយ និង យូរអង្វែង សម្រាប់វិបត្តិដែលកំពុងតែកើតមានឡើង ខណៈមីយ៉ាន់ម៉ា នៅតែជាផ្នែកមួយដ៏សំខាន់របស់អាស៊ាន។

 បច្ចុប្បន្ន របបយោធា បាន និង កំពុងតែប្រយុទ្ធនៅលើសមរភូមិជាច្រើន ដើម្បីបង្ក្រាបនូវការបះបោររបស់កងជីវពល គាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានចងកងសម្ព័ន្ធភាព ជាមួយនឹងរដ្ឋាភិបាលស្រមោល និង កងទ័ពជនជាតិភាគតិច តាមអ្វីដែលរបបសឹក ហៅ ពួកគេ ជា« ក្រុមភេរវករ» ហើយបានបដិសេធចរចាជាមួយនឹងក្រុមចលនាតស៊ូទាំងនោះ។