2024-02-21 07:02
126

ទីក្រុងឡាអេ ៖  ជម្លោះបង្ហូរឈាម រវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា បាននិងកំពុងតែបង្កវិនាសកម្ម និងសោកនាដកម្មយ៉ាងធ្ងន់ធ្ងរបំផុត ដល់ជនជាតិប៉ាឡេស្ទីន ដោយបានឆក់យកអាយុជីវិតមនុស្ស ជាង២៩ ០០០នាក់ និង ជាង៦៧ ០០០នាក់ផ្សេងទៀតរងរបួស ខណៈឥឡូវនេះតុលាការយុត្ដិធម៌អន្ដរជាតិ (ICJ) របស់អង្គការសហប្រជាជាតិ មានមូលដ្ឋាននៅក្នុងទីក្រុងឡាអេ ប្រទេសហូល្លង់ដ៍ កំពុងតែបើកសវនាការ ពីប្រទេសចំនួន៥២ ដោយផ្ដោតទៅលើភាពស្របច្បាប់ នៃការកាន់កាប់ទឹកដីរបស់ប៉ាឡេស្ទីន ពីសំណាក់ប្រទេសអ៊ីស្រាអែល។
    ប្រទេសអាហ្វ្រិកខាងត្បូង បានប្រាប់ដល់តុលាការកំពូលរបស់អង្គការសហប្រជាជាតិ មួយនេះ នៅក្នុងទីក្រុងឡាអេ ថាអ៊ីស្រាអែលត្រូវតែទទួលខុសត្រូវចំពោះការរើសអើង ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន និង ការកាន់កាប់របស់ខ្លួន ដោយខុសច្បាប់។
    ក្រុមតំណាង មកពីប្រទេសអាហ្វ្រិកខាងត្បូង បានបើកសវនាការ នៅថ្ងៃទី២នៅឯតុលាការពិភពលោកមួយនេះ កាលពីថ្ងៃអង្គារ (ទី២០ ខែកុម្ភៈ) ហើយបានថ្លែង ដោយផ្អែកលើសំណើរបស់មហាសន្និបាត អង្គការសហប្រជាជាតិ សម្រាប់មតិយោបល់ ដែលមិនជាប់ពាក់ព័ន្ធទៅលើភាពស្របច្បាប់ នៃគោលនយោបាយរបស់អ៊ីស្រាអែល នៅក្នុងការកាន់កាប់ទឹកដីរបស់ប៉ាឡេស្ទីន។
   លោក វូស៊ីមូហ្ស៊ី ម៉ាដូសេឡា (Vusimuzi Madonsela) ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូង ប្រចាំនៅក្នុងប្រទេសហូល្លង់ បានបញ្ជាក់ ថា«យើងជាជនជាតិអាហ្វ្រិកខាងត្បូង បានយល់ បានឮ និងមានអារម្មណ៍ ចំពោះចំណុចដ៏សំខាន់របស់យើង អំពីគោលនយោ បាយ និង ការអនុវត្តនូវការរើសអើងដ៏អមនុស្សធម៌ នៃរបបអ៊ីស្រាអែល ហើយវាជាទម្រង់ដ៏ធ្ងន់ធ្ងរជាងរបបរើសអើង ដែលត្រូវបានរៀបចំឡើង ប្រឆាំងនឹងប្រជាជនស្បែកខ្មៅ នៅក្នុងប្រទេសរបស់ខ្ញុំទៅទៀត។ បញ្ហាទាំងនេះ បង្ហាញយ៉ាងច្បាប់ ថាការកាន់កាប់របស់អ៊ីស្រាអែល នៅលើទឹកដីរបស់ប៉ាឡេស្ទីន ក៏កំពុងតែត្រូវបានគ្រប់គ្រង ដោយបំពានលើឧក្រិដ្ឋកម្ម នៃការរើសអើងជាតិសាសន៍ផងដែរ។
    អាហ្វ្រិកខាងត្បូង មានប្រវត្ដិគាំទ្រដល់ជនជាតិប៉ាឡេស្ទីន អស់រយៈពេលជាយូរមកហើយ ហើយបានប្រៀបធៀបនូវការតស៊ូរបស់ពួកគេ ទៅនឹង ប្រវត្ដិសាស្រ្ដរបស់ប្រទេសអាហ្វ្រិកខាងត្បូង ក្រោមប្រព័ន្ធរើសអើង ដោយបានញែកករណីនេះ ដាច់ដោយឡែកពីគ្នា នៅឯតុលាការពិភពលោកមួយនេះ។ អាហ្វ្រិកខាងត្បូង បានចោទប្រកាន់ដល់ប្រទេសអ៊ីស្រាអែលអំពីការបង្កើតសោកនាដកម្ម នៅក្នុងការទម្លាក់គ្រាប់បែក នៅតំបន់ហ្កាហ្សា។
រហូតមកដល់ពេលនេះ មានប្រទេសជាង៥០ កំពុងតែបង្ហាញទឡ្ហីករណ៍ជាច្រើន ដល់តុលាការយុត្ដិធម៌អន្ដរជាតិ ស្ដីអំពីផលប៉ះពាល់ដល់ផ្លូវច្បាប់ ចំពោះការកាន់កាប់របស់អ៊ីស្រាអែល ទៅលើទឹកដីប៉ាឡេស្ទីន។ ក្រុមតំណាងជាច្រើន មកពីប្រទេសអាល់ហ្សេរី (Algeria), អារ៉ាប៊ីសាអូឌីត (Saudi Arabia), ហូល្លង់ដ៍ (Netherlands), បង់ក្លាដែស (Bangladesh),ប៊ែលហ្ស៊ិក(Belgium), បេលីស (Belize), បូលីវី (Bolivia), ប្រេស៊ីល (Brazil) និងប្រទេសឈីលី (Chile) កាលពីថ្ងៃអង្គារ (ទី២០ ខែកុម្ភៈ) ក៏បានបង្ហាញអំពីគោលជំហររបស់ពួកគេ ផងដែរ។
    ជាមួយគ្នានេះ គណៈកម្មការវិនិច្ឆ័យ ចំនួន១៥រូប ត្រូវបានស្នើសុំឱ្យពិនិត្យឡើងវិញនូវ«ការកាន់កាប់ ការតាំងទីលំនៅ និង ការបញ្ចូលជាឧបសម្ព័ន្ធរបស់អ៊ីស្រាអែល  រួមទាំងវិធានការនានានៅក្នុងគោលបំណងផ្លាស់ប្តូរសមាសភាពប្រជាសាស្រ្ត ចរិតលក្ខណៈ និង ស្ថានភាព នៃទីក្រុងជេរូសាឡឹម (Holy Jerusalem) ហើយការអនុម័តច្បាប់ និង វិធានការរើសអើង ដែលពាក់ព័ន្ធ»។
   អ៊ីស្រាអែល បានជំរុញឲ្យមានការកសាងនូវការតាំងទីលំនៅខុសច្បាប់ នៅទូទាំងតំបន់ West Bank ខណៈបច្ចុប្បន្ន ក្លាយជាទីលំនៅ នៃអ្នកតាំងលំនៅរបស់ជនជាតិជ្វីហ្វ ជាង ៥00 000 នាក់ និង ជនជាតិប៉ាឡេស្ទីន ចំនួន៣លាននាក់។ អ្នកតាំងលំនៅរបស់អ៊ីស្រាអែល កាន់តែមានអំពើហិង្សាខ្លាំងឡើង ហើយសកម្មភាពរបស់ពួកគេ ត្រូវបានថ្កោលទោស ដោយមេដឹកនាំពិភពលោក ជាពិសេស នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ខណៈអ៊ីស្រាអែល បាន និង កំពុងតែវាយប្រហារទៅលើតំបន់ហ្កាហ្សា។
   ស្របគ្នានេះ ក្រុមតំណាងរបស់ប៉ាឡេស្ទីន កាលពីថ្ងៃចន្ទ (ទី១៩ ខែកុម្ភៈ) បានស្នើសុំដល់តុលាការកំពូលរបស់អង្គការសហប្រជាជាតិ មួយនេះ ឲ្យប្រកាស អំពីការកាន់កាប់ដោយខុសច្បាប់របស់អ៊ីស្រាអែល។ ពួកគេបានអះអាង ថា ការផ្តល់យោបល់បែបនេះ អាចរួមចំណែកដល់ដំណោះស្រាយរដ្ឋពីរ និង សន្តិភាពរយៈពេលយូរអង្វែង។
   បើទោះជាយ៉ាងណា នៅថ្ងៃដដែលនោះ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋ             មន្រ្ដីអ៊ីស្រាអែល មិនបានទទួលស្គាល់ អំពីភាពស្របច្បាប់ ចំពោះកិច្ចពិភាក្សា នៅឯតុលាការយុត្ដិធម៌អន្ដរជាតិរបស់អង្គការសហប្រជាជាតិ នោះឡើយ។ លោកនាយករដ្ឋ           មន្រ្ដី បានចាត់ទុកករណីនេះ ជាផ្នែកមួយ នៃការប៉ុនប៉ងរបស់ប៉ាឡេស្ទីន ដើម្បីកំណត់លទ្ធផល នៃកិច្ចព្រមព្រៀងខាងនយោបាយ តែប៉ុណ្ណោះ៕