2024-02-15 10:02
95

រដ្ឋធានីមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់ នៅក្នុងការចាក់ផ្សាយបទសម្ភាសន៍មួយ កាលពីថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ អំពីការចូលចិត្តរបស់គាត់ ទៅលើលោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ច្រើនជាងអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ប៉ុន្ដែគាត់នឹងធ្វើការជាមួយនឹងប្រធានាធិបតីណាមួយរបស់សហរដ្ឋអាមេរិក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ។

លោក ផាវ៉ែល ហ្សារូប៊ីន (Pavel Zarubin) ជាអ្នកធ្វើបទសម្ភាសន៍ បានសួរទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន អំពីមេដឹកនាំអាមេរិក ល្អបំផុត សម្រាប់រុស្ស៊ី រវាងប្រធានាធិបតីបច្ចុប្បន្ន មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) និង អតីតប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump)។ ភ្លាមៗនោះ លោកប្រធានាធិបតី ពូទីន បានឆ្លើយតបទាំងមិនមានការស្ទាក់ស្ទើរ ថា លោក ចូ បៃដិន  ព្រោះគាត់មានបទពិសោសធន៍ច្រើន ជាមនុស្សអាចព្យាករបាន និង ជាអ្នកនយោបាយជើងចាស់។ បើទោះជាយ៉ាងណាក៏ដោយ យើងនឹងធ្វើការជាមួយនឹងប្រធានាធិបតីណាមួយរបស់សហរដ្ឋអាមេរិក ដែលប្រជាជនអាមេរិកាំង មានទំនុកចិត្ត។

នេះជាលើកទីមួយហើយដែលលោកប្រធានាធិបតី ពូទីន បានបញ្ចេញមតិជាសាធារណៈ អំពីការប្រជែងបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ ខណៈលោក ចូ បៃដិន  និង ដូណាល់ ត្រាំ ត្រូវបានគេរំពឹង ថា នឹងប្រជែងគ្នាយ៉ាងស្វិតស្វាញជាលើកទីពីរ។ ស្របពេលមានភាពមិនច្បាស់លាស់ខាងនយោបាយកម្រិតកំពូល នៅសហរដ្ឋអាមេរិក ជាមួយនឹងទំនាក់ទំនង រវាងប្រទេសមហាអំណាចទាំងពីរ បានធ្លាក់ចុះដល់ទាបបំផុត នៅក្នុងអស់រយៈពេលជាង៦០ឆ្នាំមកនេះ។ ការធ្វើអត្ថាធិប្បាយរបស់លោក ពូទីន ទំនងជាត្រូវបានគេយល់ ថា វាជាការបង្កហេតុជាជាងការគិតគូរតម្លៃ នៅចំពោះមុខ។

លោកប្រធានាធិបតី ចូ បៃដិន បានដឹកនាំការឆ្លើយតបរបស់លោកខាងលិច ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក រួមទាំងការពង្រីកសម្ពន្ធភាពរបស់អង្គការណាតូ ការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ ហើយការផ្តល់ជំនួយ និង គ្រឿងសព្វាវុធមានតម្លៃ រាប់ពាន់លានដុល្លារជួយដល់ក្រុងកៀវ។ ដោយផ្អែកលើការស្ទាក់ស្ទើររបស់លោក ដូណាល់ ត្រាំ នៅក្នុងការរិះគន់ដល់លោក ពូទីន នៅក្នុងអាណត្តិដំបូងរបស់គាត់ និង ការអត្ថាធិប្បាយថ្មីៗបន្ថែមទៀតរបស់គាត់ រួមទាំងបទសម្ភាសន៍ចុងសប្តាហ៍ ខណៈគាត់បាននិយាយ ថា គាត់នឹងលើកទឹកចិត្តដល់រុស្ស៊ី ឱ្យវាយប្រហារដល់សមាជិកណាតូ ដែលមិនចំណាយគ្រប់គ្រាន់ លើកិច្ចការពារផ្ទាល់ខ្លួន។ ជាមួយគ្នានេះ អ្នករិះគន់ជាច្រើន ជឿថា លោក ដូណាល់ ត្រាំ នឹងផ្តល់ឱ្យឱកាសដល់មេដឹកនាំវិមានក្រឹមឡាំង កាន់តែងាយស្រួលបន្ថែមទៀត។

លោក ពូទីន បានអនុញ្ញាតឱ្យខ្លួនគាត់ ពិចារណាលើបេក្ខជនទាំងពីរ ហើយថែមទាំងពិភាក្សាអំពីបញ្ហាដ៏រសើប នៃកាយសម្បទាផ្លូវចិត្តរបស់លោក ចូ បៃដិន បើទោះបីជានិយាយថា វាខុសនៅក្នុងការជ្រៀតជ្រែក ចូលទៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងណាក៏ដោយ។ លោកពូទីន បានអះអាង ថា «នៅពេលខ្ញុំបានជួបជាមួយប្រធានាធិបិតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងប្រទេសស្វីស គឺជាការពិតនោះ បានអូសបន្លាយមកជាច្រើនឆ្នាំមកហើយ ដែលជាមនុស្សធ្លាប់និយាយរួចមកហើយ ថា គាត់មិនពេញចិត្ត។ ខ្ញុំមិនបានឃើញអ្វីទាំងអស់»។

លោកប្រធានាធិបតី ពូទីន បានកាន់អំណាចជាប្រធានាធិបតី ឬ នាយករដ្ឋមន្ត្រី តាំងពីឆ្នាំ១៩៩៩ រហូតមក ប៉ុន្តែឥឡូវ គាត់មានវ័យ៧១ឆ្នាំ គឺគាត់មានអាយុតិចជាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ចំនួនមួយទសវត្សរ៍ និង ក្មេងជាងលោក ដូណាល់ ត្រាំ ចំនួន៦ឆ្នាំ។ គាត់ប្រាកដណាស់ ថា នឹងឈ្នះអាណត្តិថ្មី រយៈពេល៦ឆ្នាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី នៅខែក្រោយ ខណៈបេក្ខជនពីរនាក់ផ្សេងទៀត ដែលប្រឆាំងនឹងសង្គ្រាមនៅអ៊ុយក្រែន ត្រូវបានដកសិទ្ធិ នៅក្នុងការបង្ហាញឯកសារមិនត្រឹមត្រូវ។

បើតាមរបាយការណ៍របស់គណៈកម្មាធិការស៊ើបការណ៍ព្រឹទ្ធសភាអាមេរិក នៅក្នុងឆ្នាំ២០២០ បានរកឃើញ ថា រុស្ស៊ី បានព្យាយាមស្វែងរកមានឥទ្ធិពល នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦ ដើម្បីជួយដល់លោក ដូណាល់ ត្រាំ យកឈ្នះលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton)៕